អ៊ុយក្រែនទទួលបានកញ្ចប់ជំនួយថ្មី ១.៧ពាន់លានដុល្លារ ដើម្បីរ៉ាប់រងការចំណាយលើបុគ្គលិកផ្នែកសុខាភិបាល
កៀវ៖ អ៊ុយក្រែនកំពុងទទួលបានកញ្ចប់ជំនួយបន្ថែមចំនួន ១.៧ពាន់លានដុល្លារពីរដ្ឋាភិបាលអាមេរិក និងធនាគារពិភពលោក ដើម្បីបើកប្រាក់បៀវត្សរ៍ដល់បុគ្គលិកថែទាំសុខភាពដែលកំពុងរងទុក្ខរបស់ខ្លួន ក៏ដូចជាការផ្តល់សេវាកម្មសំខាន់ៗផ្សេងទៀត។
អង្គការយូសេដ (USAID) បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ថវិកាដែលនឹងមកដល់នៅថ្ងៃអង្គារសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ពីក្រសួងរតនាគារជាតិអាមេរិក ធនាគារពិភពលោក និងទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) គឺមានបំណងកាត់បន្ថយឱនភាពថវិកាធ្ងន់ធ្ងរដែលបង្កឡើងដោយសារសង្គ្រាមឈ្លានពាន”របស់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន។
រដ្ឋមន្ត្រីសុខាភិបាលអ៊ុយក្រែនលោក វីគទ័រ លីអាស្កូ បាននិយាយថា ការបើកប្រាក់បៀវត្សរ៍របស់បុគ្គលិកសុខាភិបាល គឺកាន់តែលំបាកជារៀងរាល់ខែ ដោយសារបន្ទុកដ៏លើសលប់នៃសង្គ្រាម។ លោកថា ថវិកា ១,៧ពាន់លានដុល្លារនេះ មិនត្រឹមតែជំនួយហិរញ្ញវត្ថុប៉ុណ្ណោះទេ តែវាគឺជាការវិនិយោគដែលធ្វើឱ្យយើងឈានមួយជំហានកាន់តែខិតទៅជិតជ័យជម្នះ។
គួរបញ្ជាក់ថា គិតមកទល់ពេលនេះ យូសេដ បានផ្តល់ថវិកាជំនួយចំនួន ៤ពាន់លានដុល្លារហើយដល់រដ្ឋាភិបាលអ៊ុយក្រែន។ អង្គការនេះបាននិយាយថា ថវិកាទាំងនោះត្រូវបានប្រើប្រាស់ដើម្បីគាំទ្រផ្នែកហ្គាស និងអគ្គិសនីនៅតាមមន្ទីរពេទ្យ និងសាលារៀន ក៏ដូចជាផ្គត់ផ្គង់ផ្នែកមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋ និងបើកប្រាក់បៀរវត្តន៍ដល់មន្ត្រីរាជការ ព្រមទាំងគ្រូបង្រៀនជាដើម៕ប្រភព៖ Aljazeera ប្រែសម្រួល៖ ទីណា និងបុត្រា