ឯកឧត្តម ប៉ាន់ខែម ប៊ុនថន ដឹកនាំប្រតិភូសម្ពន្ធយុវជនស្រលាញ់សន្តិភាព អញ្ជើញគោរពវិញ្ញាណក្ខន្ធអតីតនាយករដ្ឋមន្ត្រីជប៉ុន ស៊ិនហ្សូ អាបេ
ភ្នំពេញ ៖ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន ប្រធានប្រតិបត្តិសម្ពន្ធយុវជនស្រលាញ់សន្តិភាព នាព្រឹកថ្ងៃពុធ ១៥កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ បានដឹកនាំប្រតិភូសម្ពន្ធយុវជនស្រលាញ់សន្តិភាព រួមមានឯកឧត្តមឌៀង សារ៉ាន់ ឯកឧត្តមគង់ ចំរុង ឯកឧត្តមប៉ាន់ ខែមវឌ្ឍនា លោកលី សុផានិត្យ លោកសេក ពិសិដ្ឋ លោកសាយ មុន្នីរិទ្ធ និងលោកអ៊ូផន សែនសុកុសល ចូលគោរពវិញ្ញាណក្ខន្ធឯកឧត្តម អាបេ ស៊ីនហ្សូ ( Abe Shinzo ) អតីតនាយករដ្ឋមន្រ្តីជប៉ុន នៅស្ថានទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ។
ក្នុងឱកាសនោះ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន ប្រធានប្រតិបត្តិសម្ពន្ធយុវជនស្រលាញ់សន្តិភាព និងគណៈប្រតិភូ សូមសម្តែងនូវសេចក្តីសោកសង្រេងចំពោះការបាត់បង់ជីវិតរបស់ឯកឧត្តម អាបេ ស៊ីនហ្សូ ជូនចំពោះក្រុមគ្រួសារសព ក៏ដូចជាប្រជាជនជប៉ុននៅក្នុងកាលៈទេសៈដ៏ក្រៀមក្រំនេះ និងសូមបួងសួងដល់វិញ្ញាណក្ខន្ធសព ឯកឧត្តម អាបេ ស៊ីនហ្សូ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ។
សូមបញ្ជាក់ថា លោក អាបេ ស៊ិនហ្សូ បានទទួលមរណភាពក្នុងវ័យ៦៧ឆ្នាំ នៅរសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ បន្ទាប់ពីរងការបាញ់ប្រហារកំឡុង ពេលថ្លែងសុន្ទរកថាមួយក្នុងទីក្រុង Nara ភាគខាងលិចប្រទេសជប៉ុន ៕ ដោយ / គ្រី សម្បត្តិ