សមត្ថកិច្ចបញ្ជូនខ្លួន ជនជាតិចិន ១១នាក់ ទៅតុលាការ ពាក់ព័ន្ធនឹងករណីកែច្នៃ ផលិតគ្រឿងញៀន ទ្រង់ទ្រាយធំ សារធាតុញៀន និងសារធាតុគីមី ជិត ៣០០តោន
ភ្នំពេញ ៖ សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន បានបញ្ជូនខ្លួន ជនជាតិចិន ១១នាក់ ទៅស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២នេះ ពាក់ព័ន្ធនឹងករណីកែច្នៃ ផលិតគ្រឿងញៀន ទ្រង់ទ្រាយធំ សារធាតុញៀន និងសារធាតុគីមី ជិត៣០០តោន នៅរាជធានីភ្នំពេញ ស្វាយរៀង ព្រៃវែង និងខេត្កណ្តាល ដើម្បីចាត់ការបន្តនីតិវិធី។
គួរបញ្ជាក់ថា ក្នុងប្រត្តិបត្តការបង្រ្កាបនេះ បានធ្វើឡើងចាប់ពីថ្ងៃទី ០៤-០៩ ខែកក្កដា ឆ្នាំ២០២២ សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន (ក១) ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ អ៊ិន សុង លោក វរសេនីយ៍ឯក តោ ដារិទ្ធ. លោក វរសេនីយ៍ឯក ម៉ាក់ សេរីវឌ្ឍនា លោក វរសេនីយ៍ទោ ថៃ រិទ្ធីរក្ស នាយករងមន្ទីរ និងលោក វរសេនីយ៍ទោ ហុង វណ្ណារិទ្ធ នាយការិយាល័យ (ក១) សហការជាមួយកម្លាំងជំនាញគយប្រចាំការនៅកំពង់អន្តរជាតិភ្នំពេញ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្វាយរៀង ព្រៃវែង និងខេត្តកណ្តាល សម្របសម្រួលដោយលោក សឿ ឡងឌី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ហោ លីណា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកណ្តាល លោក ដូរ៉ា អង្គប្រទាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំដូងខេត្តស្វាយរៀង និងលោក ចាន់ វណ្ណ: ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រៃវែង។
សូមបញ្ជាក់ថា សមត្ថកិច្ចជំនាញ បានបើកការស៊ើបអង្កេតអស់រយៈពេលជាង៣ខែ លុះដល់ថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ២០២២ បានបើកកិច្ចប្រតិបត្តិការបង្ក្រាបក្រុមឧក្រិដ្ឋជន កែច្នៃផលិតដោយខុសច្បាប់នូវសារធាតុញៀន និងរក្សាទុកដោយខុសច្បាប់នូវសារធាតុគីមីផ្សំ ចំនួន ១២គោលដៅផ្សេងៗគ្នា ជាបន្តបន្ទាប់ នៅរាជធានីភ្នំពេញ ០៧គោលដៅ ខេត្តស្វាយរៀង០២គោដៅ ខេត្តព្រៃវែង០១គោលដៅ ខេត្តកណ្តាល០២គោលដៅ ក្នុងនោះមាន ទីតាំងកែច្នៃផលិត១ទីតាំង និងស្តុកទុកចំនួន ៦ទីតាំង។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យ ជាជនជាតិចិន ចំនួន ១១នាក់ ទី១-ឈ្មោះ WU YI LIN ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិចិនតៃវ៉ាន់។ ទី២-ឈ្មោះ JI ZHONG JUN ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិចិន។ ទី៣-ឈ្មោះ WANG CHUAN QIAO ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិចិន។ ទី៤-ឈ្មោះ LI BIN YANG ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិចិន។ ទី៥-ឈ្មោះ CAI FENG FENG ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិ ចិន ទី៦-ឈ្មោះ WANG PING ភេទប្រុស អាយុ ៦១ឆ្នាំ ជនជាតិ ចិន។ ទី៧-ឈ្មោះ WANG XUN HUI ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិចិន ទី៨-ឈ្មោះ CAI LIANG ភេទប្រុស អាយុ ៤៩ឆ្នាំ ជនជាតិចិន។ ទី៩-ឈ្មោះ XU JIAN ភេទប្រុស អាយុ ៤៧ឆ្នាំ ជនជាតិចិន។ ទី១០-ឈ្មោះ LUO GUANG HUI ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិចិន និងទី១១-ឈ្មោះ LI WEN SHUO ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិចិន។ ដោយចាប់ដកយកវត្ថុតាងបាន រួមមាន៖ របាយសារធាតុញៀនកេតាមីន ចំនួន ១តោន ៨២៧ គ.ក្រ ៩៥២ ក្រាម។ សារធាតុគីមី និងគីមីផ្សំចំនួន ២៧៦តោន ៧៤៩ គ.ក្រ។ ឧបករណ៍ សម្ភារ: គ្រឿងបន្លាស់សម្រាប់ កែច្នៃ ផលិត គ្រឿងញៀនមួយចំនួនធំ។ កេតាមីន ទម្ងន់សុទ្ធ ២១៨.៦២ ក្រាម។ រថយន្ត ០៨គ្រឿង, ម៉ូតូ ០៣គ្រឿង, ទូរស័ព្ទដៃ ១៩គ្រឿង, អចលនទ្រព្យ ចំនួន០៧កន្លែង (ខុនដូរ០២, ឃ្លាំង០៤ , រោងចក្រផលិត ០១, ផ្ទះវីឡា០១)។
បច្ចុប្បន្ន ជនសង្ស័យទាំង ១១នាក់ ត្រូវបានបញ្ជូនខ្លួនមកកាន់ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កំពុងតែស្ថិតក្នុងដំណាក់កាលតំណាងអយ្យការ បើកការស៊ើបសួរនៅឡើយ ៕ ដោយ ៖ ឆៃហួត និងប៊ុនធី