នាយកសាលាពលទាហានទី៥ ផ្សព្វផ្សាយការងារ អប់រំចិត្តសាស្ត្រ ច្បាប់ លក្ខ័នន្តិកៈ បទវិន័យទូទៅ នៃកងយោធពលខេមរភូមិន្ទ ជូនសិក្ខាកាមកំពុងសិក្សារៀនសូត្រនៅសាលាពលទាហានទី៥ ចំនួន ២៩៣នាក់
ខេត្តបាត់ដំបង ៖ សិក្ខាកាមកំពុងសិក្សារៀនសូត្រនៅសាលាពលទាហានទី៥ ចំនួន ២៩៣នាក់ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ឧត្ដមសេនីយ៍ត្រី សួន សុន នាយកសាលាពលទាហានទី៥ យោធភូមិភាគទី៥ បានផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រ ច្បាប់ លក្ខ័នន្តិកៈ បទវិន័យទូទៅរបស់កងយោធពលខេមរភូមិន្ទ ជូនដល់សិក្ខាមរួមមាន វគ្គបំប៉នយុទ្ធវិធី វគ្គបំប៉នជំនាញកាំភ្លើងការពារអាកាស វគ្គបំប៉នជំនាញអាវុធគាំទ្រ និងវគ្គបណ្តុះបណ្តាលជំនាញកសិកម្ម នៅសាលាពលទាហានទី៥ ។
ឧត្ដមសេនីយ៍ត្រី សួន សុន បានគូសបញ្ជាពីក់គោលបំណងស្តីពីការផ្សព្វផ្សាយនាពេលនេះថា ដើម្បីចូលរួមអនុវត្តន៍ច្បាប់នៃកងយោធពលខេមរភូមិន្ទ និងឲ្យសិក្ខាកាមទាំងអស់ប្រកាន់ភ្ជាប់នូវច្បាប់ បទវិន័យទូទៅ លក្ខ័នន្តិកៈ របស់កងយោធពលខេមរភូមិន្ទ ការកសាងជីវភាពចិត្តសាស្ត្រផ្ទៃក្នុងរបស់កងយោធពលខេមរភូមិន្ទ រួមទាំងគោលនយោបាយនានារបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាផងដែរ ។
ឧត្ដមសេនីយ៍ត្រី សួន សុន បានរំលឹកថា កងទ័ពជាសសរស្តមដ៏រឹងមាំសម្រាប់ប្រទេសជាតិ និងប្រជាជន ។ ក្នុងន័យនេះ ឯកឧត្តមនាយកបានបញ្ជាក់ថា កងទ័ពត្រូវតែខ្លាំង ពូកែ និងប៉ិនប្រសព ទាំងចំណេះដឹង ចំណេះធ្វើ មានជំនាញ មានសមត្ថភាព រួមទាំងទេពកោសល្យផ្សេងៗ ឆ្លើយតបភារកិច្ច ការពារជាតិ សាសនា ព្រះមហាក្សត្រ បានរឹងមាំ ។ ដូចនេះសិក្ខាកាមទាំងអស់ត្រូវយកឲ្យអស់កម្លាំងចិត្ត ខិតខំរៀនសូត្រ ក្រេបជញ្ជក់ចំណេះដឹងពីគ្រូយោធាចារ្យ ទាំងទ្រឹស្តីការអនុវត្តន៍ផ្ទាល់នៅក្នុងថ្នាក់ និងនៅលើទីលាន ពិសេសស្របតាមពាក្យស្លោកថា «ស៊ូបង្ហូរញើសលើទីលាន ជៀសជាងបង្ហូរឈាមលើសមរភូមិ » និងសង្ឃឹមថាក្រោយបញ្ចប់វគ្គសិក្ខាកាមទាំងអស់ទទួលបានលទ្ធផលល្អ ។
ឧត្ដមសេនីយ៍ត្រី សួន សុន បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ត្រូវបន្តអនុវត្តវិធានការនានារបស់ក្រសួងសុខាភិបាល និងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ៣ការពារ ៣កុំ ជាប់ជាប្រចាំ ជៀសផុតពីជំងឺកូវីដ ១៩ ៕ ប្រភព ៖ កងទ័ព