ស្រីលង្កាដាក់ប្រទេសក្នុងភាពអាសន្ន បន្ទាប់ពីប្រធានាធិបតីគេចខ្លួនទៅក្រៅប្រទេស
កូឡុំបូ ៖ ប្រទេសស្រីលង្កាបានប្រកាសដាក់ប្រទេស ក្នុងភាពអាសន្ន នៅថ្ងៃទី១៣ កក្កដា ២០២២ ខណៈដែលមនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅការិយាល័យនាយករដ្ឋមន្ត្រី បន្ទាប់ពីប្រធានាធិបតីរបស់ប្រទេសនេះបានភៀសខ្លួនទៅកាន់ប្រទេសម៉ាល់ឌីវ បន្ទាប់ពីមានការតវ៉ាជាច្រើនខែប្រឆាំងនឹងវិបត្តិសេដ្ឋកិច្ច។
ប្រធានាធិបតីនៃប្រទេស ស្រី លង្កា លោក Gotabaya Rajapaksa ត្រូវបានគេដឹងថា បានចាកចេញពីប្រទេស ទៅកាន់ប្រទេស ជាកោះ ម៉ាល់ឌីវ នាព្រឹកព្រលឹម ថ្ងៃពុធនេះ ក្នុងបុព្វហេតុដែលទំនងជាការចុះចេញពីតំណែងរបស់លោក ក្រោយផ្ទុះបាតុកម្មប្រឆាំងនឹងវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុត ក្នុងប្រទេសដែនកោះមួយនេះ ។
ប្រភពអន្តោប្រវេសន៍បានប្រាប់ AFP ថា លោក Gotabaya Rajapaksa និង ប្រពន្ធរបស់លោក ព្រមទាំងអង្គរក្សម្នាក់ស្ថិតក្នុងចំណោមអ្នកដំណើរបួននាក់ នៅលើយន្តហោះយោធា Antonov-32 ដែលបានហោះចេញពីអាកាសយានដ្ឋានអន្តរជាតិសំខាន់ របស់ប្រទេសស្រីលង្កា ។
លោកប្រធានាធិបតី វ័យ ៧៣ឆ្នាំរូបនេះធ្លាប់បានសន្យា កាលពីចុងសប្តាហ៍ថា លោកនឹងចុះចេញពីតំណែង នាថ្ងៃពុធនេះ ហើយត្រួសត្រាយផ្លូវស្អាតមួយ សម្រាប់ការផ្ទេរអំណាចដោយសន្តិវិធី។
ប៉ុន្មានម៉ោងក្រោយមក ដោយមិនមានការប្រកាសជាផ្លូវការថា លោក Gotabaya នឹងចុះចេញពីតំណែង បាតុកររាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅការិយាល័យនាយករដ្ឋមន្ត្រី Ranil Wickremesinghe ដែលនឹងក្លាយជាប្រធានាធិបតីស្តីទីដោយស្វ័យប្រវត្តិ ក្នុងករណីមានការលាលែងពីតំណែង៕ ប្រភពពី CNA សារ៉ាត