ឯកឧត្តម ហ៊ុន ម៉ាណែត៖ ប្រទេសកម្ពុជាអាចទទួលបានសន្តិភាពពេញលេញ ឯកភាពជាតិ និងឯកភាពទឹកដី ដូចសព្វថ្ងៃនេះ ក៏ដោយសារការដឹកនាំប្រកបដោយធម៌របស់សម្តេចតេជោ
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ប្រទេសកម្ពុជាអាចទទួលបានសន្តិភាពពេញលេញ ឯកភាពជាតិ និងឯកភាពទឹកដី ដូចសព្វថ្ងៃនេះ ក៏ដោយសារការដឹកនាំប្រកបដោយធម៌របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលបានដាក់ចេញនូវនយោបាយឈ្នះ-ឈ្នះ ដែលជាគោលនយោបាយផ្អែកលើគោលការណ៍គុណធម៌ មនុស្សធម៌ ការចែករំលែក និងការទុកចិត្តគ្នាទៅវិញទៅមក ដោយធ្វើយ៉ាងណារក្សាការពារឱ្យបាននូវអាយុជីវិត ទ្រព្យសម្បត្តិ និងមុខរបរការងាររបស់ខ្មែរគ្រប់រូប គ្រប់និន្នាការ ដោយមិនមានការរើសអើងបែងចែក។ ការបញ្ជាក់នេះ ក្នុងពិធីស្រោចស្រពសុគន្ធវារី ប្រកាសព្រះរាជប្រកាសនីយប័ត្រតែងតាំងព្រះគ្រូអនុគណស្រុកត្រាំកក់ ខេត្តតាកែវ និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តមង្គលមានលក្ខណ៍ ស្ថិតនៅឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ កាលពីព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានអរគុណប្រជាពលរដ្ឋគ្រប់ទិសទីដែលបានចូលរួមថែរក្សាសុខសន្តិភាព និងបន្តជំរុញការអភិវឌ្ឍជាតិទៅមុខទៀត តាមរយៈការរួមគ្នាដើរទៅមុខលើវិថីដ៏ត្រឹមត្រូវ ការរស់នៅជាមួយគ្នាប្រកបដោយភាពសុខដុមរមនា ដោយមិនមានការបែកបាក់ផ្ទៃក្នុងជាតិ ការចែករំលែកជួយគ្នាទៅវិញទៅមក និងការខិតខំកសាងអភិវឌ្ឍខ្លួនឯង និងគ្រួសារឱ្យបានរីកចម្រើនរុងរឿង។ សន្តិភាពដ៏ពេញលេញ និងសេចក្តីសុខសាន្តត្រាណក្នុងរយៈពេលជិត២៤ឆ្នាំមកនេះ អាចនឹងរលាយបាត់បង់ទៅវិញយ៉ាងឆាប់រហ័សក្នុងមួយប៉ប្រិចភ្នែក ប្រសិនបើសិនគ្មានការចូលរួមប្រកបដោយស្មារតីទទួលខុសរបស់ប្រជាពលរដ្ឋម្នាក់ៗ និងការប្តេជ្ញាចិត្តដ៏ច្បាស់លាស់របស់ប្រមុខថ្នាក់ដឹកនាំក្នុងការបន្តថែរក្សាការពារសន្តិភាព ស្ថិរភាពឱ្យបានដាច់ខាតទោះបីក្នុងតម្លៃណាក៏ដោយ។ គ្មានអ្នកណាស្រលាញ់ខ្មែរ ការពារខ្មែរ ជាងខ្មែរខ្លួនយើងនោះទេ ដូច្នេះខ្មែរត្រូវតែខ្លាំង និងរួមសាមគ្គីគ្នាដើម្បីថែរក្សាអត្តសញ្ញាណជាតិ ឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី និងការអភិវឌ្ឍជាតិ ឱ្យឋិតឋេរចីរកាលតទៅមុខសម្រាប់អ្នកជំនាន់ក្រោយៗទៀត។
ឯកឧត្តមបណ្ឌិតបានបន្តថា ការកើតឡើងនូវសមិទ្ធផលជាច្រើនក្នុងវិស័យព្រះពុទ្ធសាសនា និងឱកាសបានជួបជុំធ្វើបុណ្យសម្ពោធឆ្លងជាបន្តបន្ទាប់ ដូចពេលបច្ចុប្បន្នេះ គឺពិតជាបានបង្ហាញឱ្យឃើញនូវអត្ថន័យច្រើនយ៉ាង៖ ទី១.ភាពជោគជ័យគួរជាទីមោទនៈនៃការប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅកម្ពុជា ទាំងលើការងារបង្ការទប់ស្កាត់ ការព្យាបាល និងការចាក់វ៉ាក់សាំង ទី២.ការកើនឡើងលទ្ធភាពជីវភាពរបស់ប្រជាពលរដ្ឋក្នុងបរិបទដែលកម្ពុជាជាប្រទេសមានកំណើនសេដ្ឋកិច្ចខ្ពស់ និងមានយុទ្ធសាស្ត្រច្បាស់លាស់ក្នុងការឆ្លើយតបនឹងវិបត្តិផ្សេងៗ ដោយរក្សាបាននូវភាពធនរឹងមាំ ទី៣.ការរីកចម្រើននៃវិស័យព្រះពុទ្ធសាសនានៅក្នុងសង្គមខ្មែរ តាមរយៈជំនឿសទ្ធាជ្រះថ្លាដ៏មុតមាំរបស់ប្រជាពលរដ្ឋ ព្រមទាំងការបង្កលក្ខណៈរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាចាប់តាំងពីឆ្នាំ១៩៧៩មក និងទី៤.បច្ច័យនៃសុខសន្តិភាព សន្តិសុខ សុវត្ថិភាពសាធារណៈ ដែលអំណោយផលដល់ការជួបជុំញាតិមិត្ត ដើម្បីធ្វើបុណ្យធ្វើទាន សម្អាតចិត្តឱ្យបរិសុទ្ធគ្មានទុក្ខកង្វល់ និងចូលរួមកសាងសមិទ្ធផលបានច្រើន៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកឯកឧត្តម ហ៊ុន ម៉ាណែត