WHO និយាយថាកូវីដ-១៩ នៅតែជាអាសន្នសម្រាប់សុខភាពសកល
អង្គការសុខភាពពិភពលោក (WHO) និយាយកាលពីថ្ងៃអង្គារថាកូវីដ-១៩ នៅតែជាអាសន្នសម្រាប់សកល ២ឆ្នាំកន្លះបន្ទាប់ពីជំងឺរាតត្បាតនេះត្រូវបានប្រកាសឡើងជាលើកដំបូង។
គណៈកម្មាធិការទទួលបន្ទុកខាងអាសន្ន ដែលបង្កើតឡើងដោយអ្នកជំនាញឯករាជ្យនិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ករណីកើនឡើង ការវិវត្តនៃវីរុសនិងសម្ពាធលើសេវាសុខភាពនៅក្នុងប្រទេសមួយចំនួនមានន័យថា ស្ថានភាពនៅតែស្ថិតក្នុងភាពអាសន្ននៅឡើយ។
សេចក្តីថ្លែងការណ៍របស់គណៈកម្មាធិការនិយាយថាករណីដែលរាយការណ៍ទៅអង្គការសុខភាពពិភពលោកកើនឡើងចំនួន៣០ ភាគរយ ក្នុងរយៈពេល២សប្តាហ៍ចុងក្រោយនេះ បើទោះបីជាការកើនឡើងនៃភាពស៊ាំក្នុងចំណោមប្រជាជនដោយសារវ៉ាក់សាំងធ្វើឱ្យចំនួនអ្នកស្លាប់ និងចូលមន្ទីរពេទ្យថយចុះក្ដី។
អគ្គនាយកអង្គការសុខភាពពិភពលោកតេដ្រូស អាដាណម ហ្គេប្រេយែសឹស(Tedros Adhanom Ghebreyesus) ប្រាប់សន្និសីទសារព័ត៌មានតាមប្រព័ន្ធវិឌីអូពីទីក្រុងហ្សឺណែវបន្ទាប់ពីការប្រកាសថា៖«កូវីដ-១៩អត់ទាន់ជិតចប់ទេ។ ពេលវីរុសរុលមកយើង យើងត្រូវវាយបកទៅវិញ»។
ទីភ្នាក់ងារសុខភាពរបស់អង្គការសហប្រជាជាតិបានប្រកាសអាសន្នកម្រិតខ្ពស់បំផុត ឬអាសន្នសុខភាពសាធារណៈអន្តរជាតិសម្រាប់ជំងឺកូវីដ-១៩ជាលើកដំបូងកាលពីចុងខែមករា ឆ្នាំ២០២០។តាំងវីរុសកូវីដផ្ទុះបែកការឆ្លងរាតដាលលើកដំបូងនៅចុងឆ្នាំ ២០១៩ នៅទីក្រុងវូហានប្រទេសចិន វាបានសម្លាប់មនុស្សជាង ៦,៣៥ លាននាក់ និងឆ្លងលើមនុស្សសរុបជាង ៥៥៧ លាននាក់ទូទាំងពិភពលោក គិតត្រឹមពេលនេះ។
ប្រភព៖ Reuters