ដោយបារម្ភឥទ្ធិពលចិនកើនឡើងខ្លាំង អាមេរិកសន្យាបើកទូតនិងបន្ថែមមូលនិធិដល់ប្រទេសកោះក្នុងតំបន់ប៉ាស៊ីហ្វិក
សហរដ្ឋអាមេរិក បានបង្ហាញពីការពង្រឹងទំនាក់ទំនងការទូត ជាមួយបណ្តាប្រទេសកោះនៅតំបន់ប៉ាស៊ីហ្វិក បន្ទាប់ពីចិនបង្ហាញបំណងបើកមូលដ្ឋានទ័ពនៅកោះសូឡូម៉ុនជិតប្រទេសអូស្រ្តាលី ខណៈលោក ចូ បៃដិន ចាប់ផ្តើមដំណើរទស្សនកិច្ចនៅប្រទេសក្នុងតំបន់អារ៉ាប់។
ខណៈពេលដែលមេដឹកនាំនិងអ្នកការទូតក្នុងតំបន់កំពុងជួបប្រជុំក្នុងវេទិកាកោះប៉ាស៊ីហ្វិក (Pacific Island Forum-PIF)ដែលមាន១៨ប្រទេសជាសមាជិក លោកស្រីអនុប្រធានាធិបតីអាមេរិក កាម៉ាឡា ហារីស ( Kamala Harris) ដែលថ្លែងសារតាមរយៈវីដេអូពីចម្ងាយ បានអះអាងពីការពង្រឹងទំនាក់ទំនងការទូតជាមួយបណ្តាប្រទេសកោះនានាក្នុងតំបន់ប៉ាស៊ីហ្វិក ដោយលោកស្រីបានអះអាងពីការចូលជ្រៀតជ្រែកសេចក្តីព្រួយបារម្ភរបស់បណ្តាកោះជុំវិញការប្រែប្រួលអាកាសធាតុ។
នៅពេលថ្លែងតាមរយៈវីដេអូពីចម្ងាយ សម្រាប់កិច្ចប្រជុំមេដឹកនាំនៃវេទិកាប្រទេសប្រជុំកោះប៉ាស៊ីហ្វិក នៅប្រទេសហ្វីជី (Fiji) កាលពីថ្ងៃពុធ អនុប្រធានាធិបតីសហរដ្ឋអាមេរិក កាម៉ាឡា ហារីស បានប្រកាសនូវការប្តេជ្ញាថ្មី រួមទាំង ការបើកស្ថានទូតអាមេរិកច្រើនបន្ថែមទៀត ។ មេដឹកនាំនៃប្រទេសកោះនិងអ្នកការទូតក្នុងតំបន់នោះបានជួបប្រជុំគ្នាចាប់តាំងពីដើមសប្តាហ៍មកម្ល៉េះ។
កាម៉ាឡា ហារីស និយាយថា៖«យើងទទួលស្គាល់ថា ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ កោះនៅប៉ាស៊ីហ្វិកប្រហែលមិនទទួលបាននូវការយកចិត្តទុកដាក់ផ្នែកទូតនិងការគាំទ្រដែលអ្នកសមទទួលបាននោះទេ។ ដូចនេះ ថ្ងៃនេះ ខ្ញុំនៅទីសូមប្រាប់អ្នកដោយផ្ទាល់ថា យើងនឹងផ្លាស់ប្តូររឿងនោះ»។
លោកស្រីអនុប្រធានាធិបតីអាមេរិក បានប្រកាសថា អាមេរិកនឹងតែងតាំងបេសកជនវេទិកាប្រជុំកោះប៉ាស៊ីហ្វិក ដើម្បីបង្កើនអភិក្រមការទូតរបស់ខ្លួននៅទូទាំងតំបន់ ព្រមទាំងបើកស្ថានទូតថ្មីក្នុងប្រទេសកោះ គីរីបាទី និងតុងហ្គា (Kiribati និង Tonga)។ ស្ថានទូតនោះនឹងបន្ថែមទៅលើស្ថានទូតអាមេរិកនៅប្រជុំកោះសូឡូម៉ុន (Solomon) ដែលកំពុងស្ថិតនៅក្នុងដំណើរការបើកឡើងវិញ។
សហរដ្ឋអាមេរិកកំពុងចូលរួមជាមួយរដ្ឋាភិបាលនានា រួមទាំងអូស្ត្រាលី និងនូវែលសេឡង់ ក្នុងការបង្កើនទំនាក់ទំនងជាបន្ទាន់ជាមួយបណ្តាប្រទេសកោះប៉ាស៊ីហ្វិក ខណៈដែលប្រទេសចិនកំពុងប្រជែងដណ្តើមយកតំបន់ដ៏សំខាន់ជាយុទ្ធសាស្ត្រ ចំពេលមានការយល់ដឹងថាប្រទេសជិតខាងធំៗមិនយកចិត្តទុកដាក់ចំពោះភាពជាដៃគូរបស់ពួកគេក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។
ក្រុមមន្ត្រីមានការភ្ញាក់ផ្អើលចំពោះការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខរវាងកោះ សូឡូម៉ុននិងប្រទេសចិនកាលពីខែមេសា ដែលជាជ័យជម្នះផ្នែកការទូតដ៏សំខាន់សម្រាប់ទីក្រុងប៉េកាំង និងកិច្ចព្រមព្រៀងលើកដំបូងរបស់ខ្លួននៅប៉ាស៊ីហ្វិក។
យោងតាមសិក្សាស្រាវជ្រាវរបស់វិទ្យាស្ថានសន្តិភាពអាមេរិក (United States Institute of Peace) ការលេចធ្លាយសេចក្តីព្រាង នៃកិច្ចព្រមព្រៀងសន្តិសុខកោះសូឡូម៉ុន-ចិនបាននាំឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងឡើងចំពោះការផ្លាស់ប្តូររបស់ប្រទេសកោះនេះឆ្ពោះទៅរកប្រទេសចិន។
យោងតាមវិទ្យាស្ថាននេះ ទីក្រុងវ៉ាស៊ីនតោនបានបញ្ជូនគណៈប្រតិភូជាន់ខ្ពស់មួយក្រុមកាលពីចុងខែមេសាទៅកាន់ប្រទេសកោះនេះប៉ុន្មានថ្ងៃបន្ទាប់ពីប្រទេសចិនបាននិយាយថាកិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាដោយនិយាយថា ខ្លួននឹង «បង្កើនការចូលរួមនៅក្នុងតំបន់»។
សហរដ្ឋអាមេរិក និងដៃគូដ៏សំខាន់របស់ខ្លួនក្នុងតំបន់ មានប្រទេស អូស្ត្រាលី និងនូវែលសេឡង់ មានការព្រួយបារម្ភអំពីសក្ដានុពលនៃមូលដ្ឋានយោធាចិននៅលើកោះសូឡូម៉ុន នោះ បើទោះបីជាព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀងនេះនៅតែមិនច្បាស់លាស់ក៏ដោយ ដែលជាប្រភពនៃការព្រួយបារម្ភ។
ដោយសារតែតំបន់ប៉ាស៊ីហ្វិកជាផ្នែកមួយនៃយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិក រដ្ឋបាលរបស់លោកប្រធានាធិបតីចូ បៃដិន មានគោលបំណងជំរុញឥណ្ឌូ-ប៉ាស៊ីហ្វិកមានឱ្យលក្ខណៈសេរី និងបើកចំហ ហើយគោលបំណងនោះបានរងនូវភាពស្មុគស្មាញកាន់តែខ្លាំងឡើងដោយទំនាក់ទំនងនាពេលអនាគតរបស់ចិនជាមួយកោះសូឡូម៉ុន។
ទោះបីជាព័ត៌មានលម្អិតចុងក្រោយនៃកិច្ចព្រមព្រៀងរវាងកោះសូឡូម៉ុននិងចិននោះមិនត្រូវបានបង្ហាញជាសាធារណៈក៏ដោយ ប៉ុន្តែសេចក្តីព្រាងដែលលេចធ្លាយនោះបានអះអាងថា វានឹងអនុញ្ញាតឱ្យនាវាចម្បាំងរបស់ចិនមានកំពង់ផែសុវត្ថិភាពដែលមានចម្ងាយត្រឹមតែ ២០០០គីឡូម៉ែត្រប៉ុណ្ណោះពីឆ្នេរសមុទ្រនៃប្រទេសអូស្ត្រាលី។ នេះតាមការចេញផ្សាយរបស់ Bloomberg។
ទោះបីជាបែបណា ប្រទេសនៅក្នុងតំបន់នោះហាក់មិនបានឯកភាពគ្នាសម្រាប់ការទទួលយកនូវកិច្ចព្រមព្រៀងសន្តិសុខជាមួយចិនគ្រប់គ្នានោះទេក្នុងពេលកន្លងមក។
ដើម្បីជាទ្រនាប់ដៃសម្រាប់ការប្តេជ្ញាចិត្តនេះកាលពីថ្ងៃពុធនោះ អនុប្រធានាធិបតីអាមេរិកបានប្រកាសពីផែនការបង្កើនមូលនិធិប្រចាំឆ្នាំដល់ទៅ៦០លានដុល្លារអាមេរិកសម្រាប់គម្រោងនានានៅប៉ាស៊ីហ្វិក រួមទាំង ហេដ្ឋារចនាសម្ព័ន្ធធន់នឹងអាកាសធាតុ ការប្រយុទ្ធប្រឆាំងការនេសាទខុសច្បាប់ និង ការវិនិយោគលើការអភិរក្សធនធានសមុទ្រ។
ទោះបីជាបែបណា តាមការចេញផ្សាយរបស់បណ្តាញសារព័ត៌មាន ABC របស់ប្រទេសអូស្ត្រាលី វេទិកាកោះប៉ាស៊ីហ្វិកនេះរងនូវការបែកបាក់យ៉ាងដំណំ ដោយសារប្រទេសជាសមាជិកមួយចំនួនបានគំរាមពីការដកខ្លួនចេញ ដោយសារជម្លោះលើបេក្ខភាពអគ្គលេខាធិការរបស់PIF។
កាលពីចុងសប្តាហ៍ ប្រទេសប្រជុំកោះ គីរីបាទីបានប្រឈមវេទិកានេះយ៉ាងធ្ងន់ធ្ងរ។ ប្រធានាធិបតី គីរីបាទី បានសរសេរលិខិតមួយច្បាប់ទៅកាន់អគ្គលេខាធិការ PIF លោក Henry Puna ដោយប្រកាសថាលោកនឹងមិនធ្វើដំណើរទៅប្រទេសហ្វីជីសម្រាប់កិច្ចប្រជុំមេដឹកនាំនោះទេ ហើយថាប្រជាជាតិរបស់លោកនឹងដកខ្លួនចេញពីស្ថាប័នភ្លាមៗ។
សេចក្តីប្រកាសនេះមានឫសគល់នៅក្នុងជម្លោះដ៏ជូរចត់ជុំវិញភាពជាអ្នកដឹកនាំ ដោយប្រទេសពីតំបន់មីក្រូណេស៊ី រួទាំងគីរីបាទី បានចោទប្រកាន់បណ្តាប្រទេសមកពីប៉ូលីណេស៊ី និងមេឡានេស៊ី (Polynesia និង Melanesia) ពីការលុបចោល «កិច្ចព្រមព្រៀងសុភាពបុរស (gentleman’s agreement)» ដើម្បីប្រគល់ការងាររបស់អគ្គលេខាធិការ PIF ដល់បេក្ខជនដែលបានជ្រើសរើសរបស់ពួកគេ។
ដោយបង្កើនឡើងក្នុងឆ្នាំ១៩៧១ PIF គឺជាអង្គការនយោបាយនិងសេដ្ឋកិច្ចដ៏សំខាន់របស់តំបន់នេះ និងមានប្រទេស១៨ជាសមាជិក រួមទាំង អូស្ត្រាលីនិងនូវែលសេឡង់ ដែលជាសមាជិក PBP (The “Partners in the Blue Pacific”)
នៅថ្ងៃពុធ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន (Joe Biden) បានទៅដល់តំបន់មជ្ឈិមបូព៌ាសម្រាប់ដំណើរទស្សនកិច្ចមួយដែលនឹងឃើញមេដឹកនាំអ៊ីស្រាអែលជំរុញឱ្យមានសកម្មភាពកាន់តែតឹងរ៉ឹងប្រឆាំងនឹងអ៊ីរ៉ង់ មុនពេលទៅជួបមេដឹកនាំអារ៉ាប៊ី សាអ៊ូឌីត ដែលជាដៃគូដ៏សំខាន់ក្នុងតំបន់អារ៉ាប់។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារបារាំាង AFP៕
ប្រភព៖ The Straits Times