តើការចូលរួមណាតូរបស់ហ្វាំងឡង់ នឹងបង្កើនសន្តិសុខសម្រាប់ប្រទេសអព្យាក្រឹតនេះឬយ៉ាងណា?
ការចូលរួមជាមួយអង្គការណាតូរបស់ស៊ុយអែត និងហ្វាំងឡង់ គឺជាជំហានសំខាន់មួយនៃការពង្រីកខ្លួនរបស់សម្ព័ន្ធភាពយោធា ដែលជំរុញឱ្យមានការឯកភាពគ្នាក្នុងចំណោមសមាជិកដែលមានស្រាប់លើការផ្ដល់សមាជិកភាពដល់ប្រទេសទាំង២ ក្រោយមានការព្រួយបារម្ភពីសន្តិសុខក្នុងតំបន់បន្ទាប់ពីការឈ្លានពានអ៊ុយក្រែនរបស់រុស្ស៊ី។
ក្រៅពីតួកគីដែលធ្លាប់ប្រឆាំងនឹងជំហានបែបនេះ សហរដ្ឋអាមេរិក និងសមាជិកភាគច្រើននៃសម្ព័ន្ធភាពយោធាដែលមិនបានពង្រីកខ្លួនចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៩០ មួយនេះ បានបង្ហាញការស្វាគមន៍ដោយបើកចំហចំពោះបណ្ដាប្រទេសណរឌិកទាំង២។
អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប្រទេសហ្វាំងឡង់ ដែលឈរលើជំហរ «អព្យាក្រឹត» តែងសម្របសម្រួលធ្វើជាដៃគូសន្តិសុខជាមួយអង្គការណាតូ ខណៈព្យាយាមរក្សាទំនាក់ទំនងជាមួយប្រទេសជិតខាងរុស្ស៊ី។
ជំហានចុងក្រោយនេះត្រូវបានអ្នកវិភាគមើលឃើញថានឹងផ្ដល់ហានិភ័យពីរុស្ស៊ី លាយឡំផលវិជ្ជមានសម្រាប់ហ្វាំងឡង់ ប៉ុន្តែរដ្ឋាភិបាល និងសាធារណៈជនភាគច្រើនជឿថា អត្ថប្រយោជន៍នៃការចូលរួមជាមួយអង្គការយោធានឹងមានលើសនោះ។
មុនខែវិច្ឆិកាឆ្នាំមុន ខណៈរុស្ស៊ីបង្កើនទ័ពតាមបណ្ដោយព្រំដែនអ៊ុយក្រែន ហ្វាំងឡង់ប្រហែលជាមិនចាត់ទុកថាក្រុងហ្វាំងឡង់ជាការគំរាមកំហែងធ្ងន់ធ្ងរនោះទេ ប៉ុន្តែក្រោយមានការកើនឡើងអំពីយុទ្ធនាការព័ត៌មានក្លែងក្លាយ និងការរំលោភលើលំហអាកាស និងការវាយប្រហារតាមអ៊ីនធឺណិតដឹកនាំដោយវិមានក្រឹមឡាំងដែលរងការចោទប្រកាន់ ហ្វាំងឡង់ និងប្រទេសផ្សេងទៀតនៅក្នុងតំបន់បាល់ទិកចាប់ផ្តើមគិតឡើងវិញអំពីទីតាំងភូមិសាស្ត្រនយោបាយរបស់ខ្លួន។
ប៉ុន្មានខែមុនរុស្ស៊ីចាប់ផ្ដើមការឈ្លានពាន ដែលខ្លួនហៅថា «ប្រតិបត្តិការយោធាពិសេស» ក្រុងម៉ូស្គូបានជំរុញឱ្យមាន «ការធានាសន្តិសុខ» ហើយទាមទារឱ្យអង្គការណាតូបញ្ចប់ការវាតទីទៅភាគខាងកើត ដែលធ្វើឱ្យមន្រ្តីហ្វាំងឡង់មើលឃើញការណ៍នេះថាជាការខកចិត្ត។
លោកEdward Hunter Christie អ្នកស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថានកិច្ចការអន្តរជាតិហ្វាំងឡង់និយាយប្រាប់បណ្ដាញព័ត៌មានAl Jazeeraថា៖ «ពេលរុស្ស៊ីមើលទៅទំនងជាវាយប្រហារអ៊ុយក្រែនកាន់តែខ្លាំង ការភ័យខ្លាចដែលសមហេតុផលគឺថារុស្ស៊ីកំពុងអភិវឌ្ឍ និងដាក់បទដ្ឋានថ្មី ច្បាប់ថ្មីសម្រាប់អឺរ៉ុប»។
លោកChristieនិយាយថា៖ «ទោះបីជារដ្ឋាភិបាលនៅអឺរ៉ុបយល់ថា អ៊ុយក្រែន និងបេឡារុស មានសារៈសំខាន់សម្រាប់ទីក្រុងម៉ូស្គូក្ដី គ្មាននរណាម្នាក់អាចប្រាកដថា តើទីក្រុងម៉ូស្គូនឹងក្លាយជាខ្លាំងប៉ុណ្ណានោះទេ។ ប្រហែលជា រដ្ឋបាល់ទិកអាច«នៅលើបញ្ជី[របស់រុស្ស៊ី]»ប្រហែលជាហ្វាំងឡង់ផង ក៏ថាបាន។
ក្រោយការឈ្លានពានអ៊ុយក្រែន ការចង់ចូលរួមជាមួយអង្គការណាតូពីសាធារណៈជន និងរដ្ឋាភិបាលហ្វាំងឡង់ក៏ផ្ទុះឡើង ទោះបីជាមានការគំរាមកំហែងពីរុស្ស៊ីដែលនិយាយពីដំបូងថា ហ្វាំងឡង់ និងស៊ុយអែតនឹងជួប «ផលវិបាកផ្នែកយោធា និងនយោបាយ» ប្រសិនបើពួកគេព្យាយាមចូលរួមជាមួយណាតូ។
លោកEldar Mamedov ទីប្រឹក្សាគោលនយោបាយការបរទេសនៅសភាអឺរ៉ុប និយាយថាការឈ្លានពានរបស់រុស្ស៊ី លើអ៊ុយក្រែនបានពង្រឹងការយល់ឃើញដែលថា រុស្ស៊ីក្រោមអំណាចរបស់លោកពូទីន គំរាមកំហែងដល់អព្យាក្រឹតភាពដែលមិនអាចឱ្យអនុវត្តបាន។
លោកMamedovនិយាយថា៖«ទោះបីជាហ្វាំងឡង់ក៏ដូចជាស៊ុយអែត រីករាយនឹងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយអង្គការណាតូ និងកម្រិតខ្ពស់នៃអន្តរប្រតិបត្តិការយោធាដែលមានស្រាប់ក្ដី ការចូលរួមជាមួយណាតូមានន័យថាទទួលបានការធានារ៉ាប់រងសុវត្ថិភាព តាមមាត្រា៥ នៃសន្ធិសញ្ញាក្រុងវ៉ាស៊ីនតោន»។
ការឈ្លានពានអ៊ុយក្រែនជារួម ជះឥទ្ធិពលយ៉ាងខ្លាំងលើហ្វាំងឡង់ទាំងមូល។នៅខែមករា ឆ្នាំ ២០២២ការគាំទ្រសាធារណៈសម្រាប់សមាជិកភាពណាតូនៅក្នុងប្រទេសមានត្រឹម២៨ភាគរយប៉ុណ្ណេះប៉ុន្តែតួលេខនេះកើនឡើងដល់កម្រិតខ្ពស់រហូតដល់ ៦១ ភាគរយនៅចុងខែមីនានិង ៧៩ នៅចុងខែមិថុនា។ នេះបើតាមការស្ទង់មតិរបស់កាសែតHelsingin Sanomatដែលរៀបចំឡើងដោយក្រុមហ៊ុនស្រាវជាវKantar TNS ។
ជាការឆ្លើយតប រដ្ឋាភិបាលដឹកនាំដោយគណបក្សសង្គមប្រជាធិបតេយ្យរបស់អ្នកស្រីនាយករដ្ឋមន្ត្រីSanna Marin ដែលគ្មានជំហរពិសេសចំពោះណាតូពីមុនមក បានផ្លាស់ប្តូរគោលនយោបាយសន្តិសុខ និងការពារជាតិរបស់ខ្លួន ដើម្បីចូលរួមជាមួយសម្ព័ន្ធភាពយោធានេះ។
ជំហានរបស់ហ្វាំងឡង់មកទល់ពេលនេះ ឆ្លងកាត់នៅដំណាក់កាលជាច្រើន រួមទាំងការប្រឆាំងរបស់តួកគីដែលជាសមាជិកមួយរបស់ណាតូ។នៅចុងខែមិថុនា តួកគីដកវេតូរបស់ខ្លួន ក្រោយពីមានកិច្ចព្រមព្រៀងត្រីភាគីពីហ្វាំងឡង់ និងស៊ុយអែត ហើយណាតូក៏អញ្ជើញប្រទេសទាំង២ឱ្យចូលរួមជាមួយខ្លួនជាផ្លូវការ។
ក្នុងថ្ងៃដែលតួកគីលើកវេតូរបស់ខ្លួន ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីននិយាយថា«គ្មានបញ្ហា» ទេ បើហ្វាំងឡង់ និងស៊ុយអែតចូលរួមជាមួយណាតូ ព្រោះរុស្ស៊ីគ្មានបញ្ហាអ្វីជាមួយប្រទេសទាំង២ដូចខ្លួនមានជាមួយអ៊ុយក្រែននោះទេ។ប៉ុន្តែលោកព្រមានថាប្រសិនបើហេដ្ឋារចនាសម្ព័ន្ធយោធាត្រូវបានដាក់ពង្រាយនៅទីនោះ «យើងនឹងមានកាតព្វកិច្ចឆ្លើយតបនិងបង្កើនការគំរាមកំហែងដូចគ្នា» ចំពោះអ្វីដែលកើតឡើងសម្រាប់រុស្ស៊ី។
សម្រាប់ហ្វាំងឡង់ ថាតើប្រទេសនេះនឹងអនុញ្ញាតឱ្យណាតូបង្កើតមូលដ្ឋានយោធានៅលើទឹកដីខ្លួនឬយ៉ាងណានោះ ទំនងជានឹងកំណត់ពីរបៀបដែលរុស្ស៊ីយល់ឃើញពីការចូលរបស់ហ្វាំងឡង់ទៅក្នុងសម្ព័ន្ធយោធា។
លោក Christie ពន្យល់ថា៖«ហានិភ័យដ៏ធំបំផុត [សម្រាប់ហ្វាំងឡង់ជាសមាជិកណាតូ] គឺត្រូវកំណត់គោលដៅជាយោធា ក្នុងករណីដែលរុស្ស៊ីវាយប្រហារប្រទេសណាតូ។ ជាឧទាហរណ៍ ក្រោមសេណារីយ៉ូដែលរុស្ស៊ីវាយលុកអេស្តូនី ឬប៉ូឡូញ ហ្វាំងឡង់ត្រូវធ្វើសង្រ្គាមជាមួយរុស្ស៊ី រួមជាមួយនឹងសម្ព័ន្ធមិត្តទាំងមូល។ នោះជាហានិភ័យដែលកើតឡើងក្នុងការចូលជាសមាជិកណាតូ។ ប៉ុន្តែវាមានតុល្យភាពដោយសន្តិសុខដែលដឹងថា ប្រសិនបើរុស្ស៊ីជ្រើសរើសវាយប្រហារហ្វាំងឡង់ នោះអង្គការណាតូទាំងអស់នឹងមកជួយហ្វាំងឡង់ រួមទាំងសហរដ្ឋអាមេរិកផងដែរ។
យ៉ាងណាមិញ ការឆ្លើយតបណាមួយរបស់លោក ពូទីន ចាំបាច់ត្រូវយល់ពីបរិបទសម្រាប់ក្រុងម៉ូស្គូ ដែលចង់ជៀសវាងវិបត្តិជាមួយរដ្ឋាភិបាលក្រុងហែលស៊ិនគីខណៈកងកម្លាំងរបស់ខ្លួនកំពុងជ្រួលច្របល់ប្រយុទ្ធនៅអ៊ុយក្រែន។ ប៉ុន្តែលោក Mamedov ថា រុស្ស៊ីត្រូវបានរំពឹងថានឹងធ្វើសកម្មភាពប្រឆាំងហ្វាំងឡង់ និងបណ្ដាសមាជិកណាតូផ្សេងទៀត នៅក្នុងសមុទ្របាល់ទិក ដោយក្រុងម៉ូស្គូទំនងជានឹងបន្តការបង្កើនយោធានៅតំបន់ដាច់ចេញ កាលីនីនក្រាដខណៈពង្រីកឥទ្ធិពលរបស់ខ្លួននៅលើបេឡារុស ហើយចូលរួមបង្កហេតុលើវិស័យសន្តិសុខ ដោយប្រឆាំងនឹងអង្គការណាតូ ដូចជាការរំលោភលើដែនអាកាសរបស់ប្រទេសសមាជិកនិងការវាយប្រហារតាមអ៊ីនធឺណិតជាដើម។
ប្រភព៖ Aljazeera