អភិបាលខេត្តបាត់ដំបងអញ្ជើញពិនិត្យការរអិលដីបាក់ស្រុតច្រាំងស្ទឹងសង្កែ

បាត់ដំបង៖ នៅក្នុងឱកាសចុះត្រួតពិនិត្យមើលពីស្ថានភាព បាក់ស្រុតច្រាំងស្ទឹងសង្កែមួយកន្លែងស្ថិតក្នុងភូមិសាស្ត្រ ឃុំព្រែកហ្លួង ដែលបង្កធ្វើឲ្យខូចខាតផ្លូវក្រាលកៅស៊ូ DBST មួយកន្លែងយ៉ាងធ្ងន់ធ្ងរ ថែមទាំងបង្ករំខានដល់ការធ្វើដំណើររបស់ បងប្អូនប្រជាពលរដ្ឋ នៅទីនោះ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានប្រាប់ដល់មន្រ្តីជំនាញពាក់ព័ន្ធ ត្រូវពិនិត្យនិងធ្វើការជួសជុលជាបន្ទាន់ឡើងវិញ ដើម្បីជួយសម្រួលឲ្យប្រជាពលរដ្ឋបានប្រើប្រាស់ផ្លូវជាបណ្ដោះអាសន្ន ខណៈទឹកស្ទឹងសង្កែចាប់ផ្តើមឡើងបណ្តើរៗ ដែលរំខានដល់ការជួសជុលឡើងវិញនេះ។

ការបាក់ស្រុតច្រាំងស្ទឹង បានបង្កដល់ការខូតខាតដល់ផ្លូវកៅស៊ូលេខ១៥៣ ដែលកសាងនៅឆ្នាំ២០១២បណ្តាលឲ្យកំណាត់ផ្លូវក្រាលកៅស៊ូ នៅទីនោះខូចខាតប្រវែងប្រមាណ២០០ម៉ែត្រ ស្ថិតតាមបណ្ដោយមាត់ច្រាំងស្ទឹងសង្កែ ត្រើយ ខាងកើត ត្រង់ចំណុច ” ភូមិស្ដីលើ ” ឃុំព្រែកហ្លូង ស្រុកឯកភ្នំ។

ឯកឧត្តម ក៏បានបញ្ជាក់ជូនប្រជាពលរដ្ឋនៅទីនោះថា ពេលនេះខាងមន្ត្រីជំនាញពាក់ព័ន្ធ រួមទាំង មន្ត្រីសំខាន់ៗក្នុងមូលដ្ឋានផ្ទាល់បានចុះមកដល់កន្លែងនេះ ដើម្បីធ្វើការវាយតម្លៃនិងមានវិធានការបន្ទាន់ ក្នុងការជួសជុលឱ្យបានប្រើប្រាស់បណ្តោះអាសន្តសិន។

ឯកឧត្តម សុខ លូ ក៏បានណែនាំដល់អាជ្ញាធរស្រុកឯកភ្នំ និងមេឃុំ ត្រូវដាក់ស្លាកសញ្ញាប្រុងប្រយ័ត្នដល់អ្នកធ្វើដំណើរឆ្លងបានដឹង និងប្រុងប្រយ័ត្នចៀសវាងការមានគ្រោះថ្នាក់ជាយថាហេតុ។

ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់ អភិបាលស្រុកឯកភ្នំត្រូវហាមប្រាមឡានដឹកទំនិញធុនធំដាច់ខាត ដោយមិនឲ្យបើកបរឆ្លងកាត់ដឹកកសិផល លើផ្លូវនេះទៀតទេ។ ជាមួយគ្នានេះ ក៏ត្រូវមានវិធានការរដ្ឋបាល និងត្រូវហាមឃាត់មិនឲ្យមានការសាងសង់សំណង់ឬលំនៅដ្ឋានថ្មីៗខុសច្បាប់ នៅតាមមាត់ស្ទឹងដែលកំពុងកើតមាននៅក្នុងដែនសមត្ថកិច្ចដែលខ្លួនទទួលខុសត្រូវផងដែរ៕ ដោយ៖ អ៊ុក សំអាន

ads banner