សម្តេចតេជោ ហ៊ុន សែន ប្រកាសឲ្យគ្រប់ទីកន្លែង អនុវត្តវិធានការ ៣កុំ ៣ការពារឡើងវិញ ពិសេសសូមប្រញាប់ចាក់វ៉ាក់សាំងដូសជំរុញ ព្រោះអូមីក្រុងថ្មីឆ្លងរាលដាលច្រើនហើយ

ភ្នំពេញ៖ តាមរយៈសារជាសំឡេងនាល្ងាចថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសឲ្យគ្រប់ទីកន្លែងទាំងអស់ ត្រូវអនុវត្ត ៣ កុំ ៣ ការពារឡើងវិញ ពិសេសសូមប្រញាប់ចាក់ដូសជំរុញ ព្រោះអូមីក្រុងថ្មីឆ្លងរាលដាលច្រើនហើយ។

សម្ដេចតេជោ ហ៊ុន សែន បាន លើក ឡើងថា “ប៉ុន្មានថ្ងៃកន្លងមកនេះ កូវីដ១៩ ប្រភេទអូមីក្រុងប្រភេទថ្មី បានចាប់ផ្ដើមរាលដាលនៅក្នុងប្រទេសរបស់យើង។ បើទោះបីជាមិនមានចំនួនច្រើនដែលពិនិត្យដោយម៉ាស៊ីនPCR ក៏ដោយ ក៏ប៉ុន្តែការពិនិត្យដោយធ្វើតេស្តរហ័សក៏មានចំនួនកើនឡើង ចំនួននេះ គឺបានរីករាលដាលចេញពីទីក្រុងភ្នំពេញទៅកាន់ខេត្តមួយចំនួនរួចស្រេចទៅហើយ”។ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា “តាមរយៈការរកឃើញ ការឆ្លងដែលមានចំនួនគួរឲ្យព្រួយ បារម្ភ”។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្តថា ក្នុងស្ថានភាពបែបនេះ បើទោះបីជារាជរដ្ឋាភិបាលមិនមានការចាំបាច់ណាមួយ ដើម្បីបិទទីក្រុង ទីប្រជុំជន ឬសាលារៀន បិទហាងលក់ដូរក៏ដោយចុះ ក៏ប៉ុន្តែរាជរដ្ឋាភិបាល មានការចាំបាច់ដើម្បីអំពាវនាវដល់បងប្អូនជនរួមជាតិឲ្យបង្កើននូវវិធានការការពារសុខភាពផ្ទាល់ខ្លួន តាមរយៈការវិលត្រឡប់ការអនុវត្តឱ្យខ្ចប់ខ្ជួននូវវិធានការ ៣កុំ ៣ការពារ ។

សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងថា ប្រភេទមេរោគអូមីក្រុងថ្មីដែលចម្លងនេះ គឺជាប្រភេទមេរោគដែលឆ្លងឆាប់រហ័សគ្មានរើសមុខ ។ដូច្នេះទាមទារឲ្យមានការប្រុងប្រយ័ត្ននៅគ្រប់ទីកន្លែងទាំងអស់ ពិសេសសូមយកចិត្តទុកដាក់នៅគ្រប់សាលារៀន សិស្សានុសិស្សគ្រូ បង្រៀន និងនៅតាមរោងចក្រសហគ្រាសក៏ដូចជាទីកន្លែងផ្សារ និងទីប្រជុំជននានា។

សម្ដេចតេជោ ហ៊ុន សែន ទទូចអង្វរកដល់ប្រជាពលរដ្ឋ សូមទទួលយកវ៉ាក់សាំងនៅដូសជំរុញ ព្រោះមានតែជម្រើសមួយនេះទេ ទើបអាចជៀសផុតពីមហន្តរាយដែលអាចកើតឡើងចំពោះជីវិតមនុស្ស ដែលមកដល់ពេលនេះ យើងមានរយៈពេល ៩០ ថ្ងៃហើយដែលពុំទាន់មានមនុស្សស្លាប់ ប៉ុន្តែវាក៏អាចឈានទៅរកការស្លាប់បានដែរ ប្រសិនបើមានការធ្វើប្រហែស វិធីដែលល្អបំផុត គឺការទទួលយកវ៉ាក់សាំងដូសជំរុញ។

សម្ដេចក៏បានលើកឡើងជាបទពិសោធន៍ថា សព្វថ្ងៃនេះ អ្នកដែលបានឆ្លង គឺមានជំងឺមិនធ្ងន់ធ្ងរ ការមិនទាន់ធ្ងន់ធ្ងរនេះបណ្ដាលមកពីយើងបានចាក់វ៉ាក់សាំង ។ប៉ុន្តែប្រសិនបើយើងមិនបានចាក់វ៉ាក់សាំងទេប្រហែលជាមានបញ្ហាបានកើតឡើងចំពោះជីវិតប្រជាពលរដ្ឋយើងរួចស្រេចទៅហើយ។

ជាថ្មីម្ដងទៀត សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋអញ្ជើញទទួលវ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា ព្រោះឥឡូវនេះបានឃើញថា ស្ថានភាពនៃការរាលដាលចេញពីទីក្រុងភ្នំពេញទៅកាន់បណ្ដាខេត្ត តាមរយៈនោះវាអាចចម្លងទៅកាន់ជនបទផងដែរ៕ ដោយ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner