រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បញ្ជាក់ថា វឌ្ឍនភាព និងសមិទ្ធផលដែលយើងមានសព្វថ្ងៃនេះ គឺជាមរតកនៃសុខសន្តិភាព

កណ្ដាល៖ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល បញ្ជាក់ថា វឌ្ឍនភាព និងសមិទ្ធផលដែលយើងមានសព្វថ្ងៃនេះ គឺជាមរតកនៃសុខសន្តិភាព។ ការថ្លែងដូចនេះរបស់ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធ ផ្លូវបេតុងប្រវែង ១៧០០ម៉ែត្រ ទទឹង ១៥ម៉ែត្រ កម្រាស០,១៥ម៉ែត្រ ស្ថិតក្នុងឃុំដើមឬស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែកក្កដា ឆ្នាំ២០២២ ។

លោក ស្វាយ សេងលី អភិបាលរងស្រុកកណ្តាលស្ទឹងបានលើកឡើងថា ផ្លូវនេះស្ថាបនាឡើងដោយប្រើប្រាស់មូលនិធិរ៉ែ និងថាមពល កិច្ចអភិវឌ្ឍន៍សហគមន៍មូលដ្ឋានរបស់ក្រសួងរ៉ែ និងថាមពលឆ្នាំ២០២១ ដែលចំណាយថវិកាសរុប ២៩៧.៥០០ដុល្លាអាមេរិក ។ ផ្លូវនេះចាប់ផ្តើមសាងសង់កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ និងបញ្ចប់រួចរាល់ ១០០% នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២ ។

ឯកឧត្តម ស៊ុយ សែម បានមានប្រសាសន៍ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បាននាំមកនូវសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ សន្តិសុខរឹងមាំ ប្រជាពលរដ្ឋមានកម្រិតជីវភាពកាន់តែប្រសើរឡើង ប្រទេសពោរពេញទៅដោយភាពសម្បូរសម្បាយដែលជាផ្លែផ្កាដ៍ពិសិដ្ឋនៃការអនុវត្តនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ និងធ្វើឲ្យមាតុភូមិយើងមាន្នការរីកចំរើនឥតឈប់ឈរលើគ្រប់វិស័យ ជាក់ស្តែងការរីកចម្រើនវិស័យរ៉ែ និងថាមពល។

ឯកឧត្តម រដ្ឋមន្រ្តីបានបញ្ជាក់ទៀតថា ដោយមានការយកចិត្តទុកដាក់ និងការគាំទ្រយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលវិស័យរ៉ែ បានបើកចំហរនិងទាក់ទាញវិនិយោគឯកជនឲ្យចូលមកសិក្សាស្រាវជ្រាវនិងធ្វើអាជីវកម្ម ឧស្សាហ៍កម្មរ៉ែនៅកម្ពុជាយ៉ាងផុលផុស។ វិស័យរ៉ែបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងគម្រោងអភិវឌ្ឍន៍ហេដ្ឋារេចនាសម្ព័ន្ធជាច្រើន ដូចជាអាគារ ស្ពាន ផ្លូវថ្នល់ ធារាសាស្រ្តនិងសំណង់នានា សំដៅរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចជាតិនិងប្រភពចំណូលថវិកាជាតិដ៍សំខាន់មួយផងដែរ។ ថ្មីៗនេះរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងរ៉ែ និងថាមពលបានកែសម្រួលនិងកសាងបទដ្ឋានគតិយុត្តិសំខាន់ៗ ដើម្បីក្រប់គ្រងនិងទាក់ទាញវិនិយោគគិនក្នុងវិស័យរ៉ែប្រកបដោយប្រសិទ្ធខ្ពស់។

ឯកឧត្តម ស៊ុយ សែម ក៏បានយកអំណោយទៅចែកជូនបងប្អូនប្រជាពលរដ្ឋដែលបានចូលរួមមានចំនួន ៥២៤នាក់ ក្នុង១នាក់ទទូលបានសារ៉ុង១ ថវិកា១ម៉ឺនរៀល ឧបត្ថម្ភកម្លាំង
ការពារ ១លានរៀល សរុបការចំណាយរួមអស់ ៩លានរៀល ៕ ដោយ អ៊ិត រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner