តំបន់ប្រតិបត្តិការសឹករងកណ្តាល ធ្វើពិធីផ្ទេរ-ប្រគល់ និងធ្វើមាតុភូមិនិវត្តន៍ អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម
ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល បានរៀបចំពិធីចុះហត្ថលេខាផ្ទេរប្រគល់ និងធ្វើមាតុភូមិនិវត្តអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ដែលបានរុករកឃើញ ជីកលើកបាននៅក្នុងភូមិសាស្ត្រខេត្ត ក្នុងជំហានទី២១ រដូវប្រាំងឆ្នាំ២០២២១-២០២២ ដែលពិធីនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តម ណុប ដារ៉ា អភិបាលរង តំណាង ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មការរុក ជីកលើក និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុខេត្តកណ្តាល ឯកឧត្តម ឧត្តមសេនីយ៍ទោ មុំ សុភាព មេបញ្ជាការរង និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មការជំនាញ យោធភូមិភាគពិសេស ឧត្តមសេនីយ៍ត្រី ហូ មិញភឿង ស្នងការរងនយោបាយ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈចង្អុលការ៥១៥ យោធភូមិភាគទី៩ នៃកងទ័ពប្រជាជនវៀតណាម ឯកឧត្តម នៃ ចារី អភិបាលរង នៃគណៈ អភិបាលខេត្តកំពង់ឆ្នាំង និងមានការចូលរួមពីកងកម្លាំងទាំង៣របស់ខេត្ត លោកគ្រូ អ្នកគ្រូ សិស្សនុសិស្ស យុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត យុវជនកាយរឹទ្ធជាតិកម្ពុជាខេត្ត យុវជនកាកបាទក្រហមកម្ពុជាខេត្ត តាជី យាយជី និងប្រជាពលរដ្ឋ សរុបអ្នកចូលរួមចំនួន ៤២៥នាក់។
ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកណ្តាល បានរាយការណ៍អំពីលទ្ធផល ការលំបាក និងការងាយស្រួល ក្នុងការអនុវត្តភារកិច្ចស្រាវជ្រាវ រុករក ជីកលើកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមនៅក្នុងជំហានទី២១ ឆ្នាំ២០២១-២០២២នេះ ក្រុមk90 បានសហការជាមួយ កម្លាំងយោធភូមិភាគពិសេស និងកម្លាំងតំបន់ប្រតិបត្តិការសឹកករងកណ្តាល បានចុះស្រាវជ្រាវរុករក ជីកលើកអដ្ឋិធាតុនៅក្នុងស្រុកចំនួន០២ ក្នុងភូមិសាស្រ្តខេត្តកណ្តាល បានចំនួន ១៣ចំណុច ដោយសម្រេចលទ្ធផលបាន ២២អដ្ឋិធាតុ ។ លើកិច្ចសហប្រតិបត្តិការដែលបានអនុវត្តន៍កន្លងទៅ ដោយគិតពីឆ្នាំ២០០២ រហូតដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ (ពីជំហានទី១ ដល់ជំហានទី២១) ការជីកលើកអដ្ឋិធាតុនៅក្នុងភូមិសាស្រ្តខេត្តកណ្តាល សរុបបានចំនួន ១.២១០ អដ្ឋិធាតុ ។
ឧត្តមសេនីយ៍ត្រី ហូ មិញភឿង បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលបានសហការរុករកជីកលើកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដើម្បីធ្វើមាតុភូមិនិវត្តន៍ទៅកាន់មាតុប្រទេសវិញ ទទួលបានលទ្ធផលនាពេលនេះ។
ក្នុងនាម អភិបាលខេត្តកណ្តាល ឯកឧត្តម ណុប ដារ៉ា បានថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅចំពោះវីរភាពរបស់កងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ សហការជាមួយកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាវាយរំដោះប្រទេសកម្ពុជាពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ឯកឧត្តម បានក៏ថ្លែងនូវការកោតសរសើរចំពោះកម្លាំងជំនាញប្រទេសទាំងពីរ កម្ពុជា-វៀតណាម និងអាជ្ញាធរមូលដ្ឋាន បងប្អូប្រជាពលរដ្ឋ ដែលបានសម្របសម្រួលដល់ក្រុមគណៈកម្មការរុក ជីកលើក ដែលមានការលំបាកក្នុងការរុក ដោយសារសំណង់អគាររីកចម្រើនយ៉ាងខ្លាំង ដែលបានបង្កជាផលលំបាកក្នុងការរុករក។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានជម្រុញដល់អាជ្ញាធរ ក៏ដូចជាប្រជាពលរដ្ឋវៀតណាម សូមមេត្តាជួយផ្តល់នូវព័ត៌មានឱ្យបានទូលំទូលាយ ដើម្បីឱ្យការងារនេះមានភាពងាយស្រួល ដល់គណៈកម្មការជំនាញរុករក សម្រេចឱ្យបានជោគជ័យ សម្រាប់ផែនការ២២បន្តទៀត។
គួរបញ្ជាក់ផងដែរថា នៅក្នុងពិធីពិធីផ្ទេរ-ប្រគល់ និងធ្វើមាតុភូមិនិវត្តន៍ អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម គណៈអធិបតីក៏បានអញ្ជើញអុជធូប មុខទីតាំងតំកលអដ្ឋិធាតុ និងក៏មានការនិមន្តព្រះសង្ឃមកបស្សុកូល ទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ដើម្បីសំសេចក្តីសុខ សេចក្តីចម្រើន និងមានសុខសន្តិភាពពេញ ដល់ប្រទេសកម្ពុជា-វៀតណាមផងដែរ ៕ ដោយ ៖ ង៉ាន ទិត្យ