វៀតណាមតែងតាំងរដ្ឋមន្ត្រីសុខាភិបាលស្តីទីជាស្ត្រី
ហាណូយ ៖ វៀតណាមតែងតាំងរដ្ឋមន្ត្រីសុខាភិបាលស្តីទីបន្ទាប់ពីអ្នកកាន់តំណែងមុនត្រូវបានបណ្តេញចេញ ជុំវិញរឿងអាស្រូវឧបករណ៍ធ្វើតេស្ត។
លោកស្រី Dao Hong Lan ប្រធានបក្សនៃខេត្ត Bac Ninh ភាគខាងជើងប្រទេស ត្រូវបានតែងតាំងជារដ្ឋមន្ត្រីស្តីទី នៃក្រសួងសុខាភិបាល ក្នុងរយៈពេលជាងមួយខែ បន្ទាប់ពីរដ្ឋមន្ត្រីមុន ត្រូវបានចាប់ខ្លួន។
នាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh បានប្រកាសពីការតែងតាំង នៅថ្ងៃទី១៥ កក្កដា ២០២២នេះ នៅទីស្តីការក្រសួង នៅទីក្រុងហាណូយ។
លោកស្រី Lan អាយុ ៥១ ឆ្នាំ មានស្រុកកំណើតនៅខេត្ត Hai Duong ។
លោកស្រីបានទទួលសញ្ញាប័ត្រអនុបណ្ឌិតសេដ្ឋកិច្ច និងជាសមាជិកនៃគណៈកម្មាធិការមជ្ឈិមបក្សលើកទី ១៣ សម្រាប់អាណត្តិ ២០២១-២០២៦។
លោកស្រីធ្លាប់បម្រើការងារជាអ្នកឯកទេស នៃនាយកដ្ឋានធានារ៉ាប់រងសង្គម ក្រោមក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច បន្ទាប់មកបានក្លាយជាអនុប្រធាននាយកដ្ឋាន។
ក្រោយមក លោកស្រីធ្វើជាអនុប្រធានការិយាល័យ និងបន្ទាប់មកជាប្រធានការិយាល័យ និងអនុរដ្ឋមន្ត្រីក្រសួងការងារ។ នៅខែមីនា ឆ្នាំ ២០១៨ លោកស្រីត្រូវបានតែងតាំងជាអនុលេខាគណៈកម្មាធិការបក្សខេត្ត Bac Ninh។ នៅខែកញ្ញា ឆ្នាំ 2020 លោកស្រីបានក្លាយជាលេខា ដែលធ្វើឲ្យលោកស្រីក្លាយជាប្រធានបក្សស្ត្រីដំបូងគេរបស់ខេត្ត Bac Ninh៕ ប្រភពពី VNexpress ប្រែសម្រួល៖ សារ៉ាត