ទីបំផុត! សភាស្រីលង្កាយល់ព្រមឲ្យប្រធានាធិបតីចុះចេញពីតំណែងហើយ
កូឡុំបូ៖ លិខិតលាឈប់ពីតំណែងជាប្រធានាធិបតីស្រីលង្ការបស់លោក Gotabaya Rajapaksa ត្រូវបានទទួលយល់ព្រមហើយ នេះបើតាមប្រធានសភាប្រទេសដែលកំពុងមានវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ ប្រកាសឲ្យដឹង នាថ្ងៃទី១៥ កក្កដា ២០២២នេះ។
លោក Mahinda Yapa Abeywardana ប្រធានសភាស្រីលង្កាបានប្រាប់ក្រុមអ្នកសារព័ត៌មានថា «លោក Gotabaya ចុះចេញដោយស្របច្បាប់ហើយ ដោយមានសុពុលភាព ចាប់ពីថ្ងៃទី១៥ កក្កដា នេះ … ខ្ញុំបានទទួលឯកភាពលើលិខិតលាឈប់ហើយ»។
តាមរដ្ឋធម្មនុញ្ញ លោក នាយករដ្ឋមន្ត្រី Ranil Wickremesinghe ក៏ជាអ្នកត្រូវបានក្រុមបាតុករទាមទារឲ្យចុះចេញដែរនោះ នឹងក្លាយជាប្រធានាធិបតីស្តីទី រហូរដល់សភាបោះឆ្នោតរើសអ្នកថ្មី ជំនួសតំណែងរបស់លោក Rajapaksa សម្រាប់អាណត្តិ នៅសេសសល់។ សភានឹងកោះប្រជុំ នាថ្ងៃសៅរ៍ ដោយសង្ឃឹមថា នឹងបញ្ចប់ដំណើរការបោះឆ្នោត ជ្រើសរើសសមាជិកសភាណាម្នាក់ មកធ្វើជាប្រធានាធិបតី ក្នុងពេល ៧ថ្ងៃ។
គួររម្លឹកថា លោក Gotabaya បានចាកចេញពីប្រទេសស្រីលង្កា កាលពីថ្ងៃពុធ ទៅកាន់ប្រទេសម៉ាល់ដៀវ មុនពេលទៅដល់ប្រទេសសិង្ហបុរី៕ ប្រភពពី CNA ប្រែសម្រួលដោយ៖ សារ៉ាត