តុលាការកំពូល នឹងប្រកាសដីកាសំណុំរឿងក្តី លើបណ្តឹងសារទុក្ខរបស់ស្ត្រីជាសកម្មជនអតីតបក្សសង្គ្រោះជាតិម្នាក់ ពាក់ព័ន្ធការគៀងគរមនុស្សទៅស្វាគមន៍ផែនការខ្យល់ នៃការវិលត្រឡប់របស់ សម រង្ស៊ី កាលពីឆ្នាំ២០១៩ នៅព្រឹកថ្ងៃទី២២ កក្កដា ខាងមុខនេះ
ភ្នំពេញ៖ ស្រ្តីជាប់ចោទម្នាក់ ជាអតីតក្រុមប្រឹក្សាឃុំជាប់ឆ្នោតរបស់អតីតគណបក្សសង្គ្រោះជាតិ នៅស្រុកឈូក ខេត្តកំពត ដែលត្រូវបានជាប់ទោស និងជាប់ក្នងពន្ធនាគារ ពាក់ព័ន្ធនឹងការញុះញង់ និងបំផុសបំផុលឱ្យមហាជនប្រឆាំង និងផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា តាមផែនការរបស់ សម រង្ស៊ី និងគូកន និងបានធ្វើសកម្មភាពការគៀរគរមនុស្ស ដើម្បីនាំគ្នាទៅចាំទទួល និងស្វាគមន៍ផែនការខ្យល់ នៃវិលត្រឡប់របស់លោកសមរង្ស៊ី និងគូកន នៅព្រំដែនខ្មែរ-ថៃ នៅថ្ងៃទី៩ វិច្ឆិកាឆ្នាំ ២០១៩ ត្រូវបានតុលាការកំពូល បើកសវនាការជំនុំជម្រះ លើបណ្តឹងសារទុក្ខ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០២២ ។
ប្រធានចៅក្រមជំនុំជម្រះនៃតុលាការកំពូល លោក និល ណុន បានឱ្យដឹងថា ជនជាប់ចោទមានឈ្មោះ៖ ប៉ែន មុំ ហៅស្រីមុំ ភេទស្រី អាយុ ៤២ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅមុនចាប់ខ្លួន នៅឃុំកណ្តោល, ស្រុកទឹកឈូ, ខេត្តកំពត ។
នៅក្នុងសំណុំរឿងក្តីនេះ សាលាដំបូងខេត្តកំពត កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ បានផ្តន្ទាទោសជនជាប់ចោទឈ្មោះ ប៉ែន មុំ ដាក់ពន្ធនាគារ កំណត់ ៥ឆ្នាំ ពីបទ ”រួមគំនិតក្បត់” តាមបញ្ញត្តិមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តភូមិទឹកក្រហម ឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពត កាលពីអំឡុងឆ្នាំ២០១៧ និង ២០១៩ ។ តែជនជាប់ចោទ ឈ្មោះ ប៉ែន មុំ ប្តឹងឧទ្ធរណ៍ ។ តុលាការឧទ្ធរណ៍ខេត្តព្រះសីហនុ បានតម្កល់សាលក្រមរបស់ សាលាដំបូងខេត្តកំពត បានកែប្រែទោសរបស់គាត់ ពីត្រូវជាប់គុក ៥ឆ្នាំ មកត្រឹម ៣ឆ្នាំវិញ ទោសនៅសេសសល់ ២ឆ្នាំទៀត គឺត្រូវព្យួរទាំងអស់។ គាត់ក៏បានបន្តប្តឹងសារទុក្ខ មកកាន់តុលាការកំពូលទៀត។
ជនជាប់ចោទត្រូវ បានឃាត់ខ្លួនតាមអំណាចសាលក្រមតុលាការដំបូងខេត្តកំពត កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០។ នាពេលសវនាការ, ជនជាប់ចោទ ឈ្មោះ ប៉ែន មុំ ដែលមានវត្តមាន នៅក្នុងបន្ទប់សវនាការ នៃ តុលាការកំពូល, បានឆ្លើយបដិសេធ ចំពោះការចោទប្រកាន់លើរូបគាត់។ ទោះយ៉ាងណាក្តី, ជនជាប់ចោទ បានសំណូមពរ ដល់ក្រុមប្រឹក្សាជំនុំជម្រះ នៃ តុលាការកំពូល មេត្តាសម្រេច បន្ថយទោសរបស់គាត់ចំនួន ១ឆ្នាំទៀត ដើម្បីឆាប់បានវិលត្រឡប់ ជួបជុំគ្រួសារគាត់ឡើងវិញ។
សូមជម្រាថា តុលាការកំពូល នឹងប្រកាសដីកាលើសំណុំរឿងក្តីនេះ នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ ៕ ដោយ ប៊ុនធី