លោក ពូទីន ចុះហត្ថលេខាលើច្បាប់មួយ ដែលនឹងសងសឹកប្រទេសទាំងឡាយណា ដែលរឹតបន្តឹងប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី
ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើច្បាប់មួយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដែលនឹងធ្វើឲ្យប្រទេសទាំងឡាយណាដែលដាក់កម្រិត ឬហាមឃាត់ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី ទទួលរងនូវការសងសឹកវិញ។
យោងតាមច្បាប់ខាងលើនេះ ប្រសិនបើការហាមឃាត់ ឬការរឹតបន្តឹងត្រូវបានដាក់លើសកម្មភាពរបស់ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីនៅក្នុងទឹកដីនៃរដ្ឋបរទេស អគ្គព្រះរាជអាជ្ញា និងអ្នកតំណាងអាចអនុវត្តវិធានការស្រដៀងគ្នាទៅនឹងប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសនោះ ដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសរុស្ស៊ី។
ក្នុងនោះមានការបញ្ចប់ការទទួលស្គាល់អ្នកឆ្លើយឆ្លងព័ត៌មាន, ការដកហូតការចុះឈ្មោះ ឬអាជ្ញាប័ណ្ណ និងការបិទការិយាល័យជាដើម។ ឯកសារនេះបានចែងថា ការហាមប្រាមនេះអាចត្រូវបានលុបចោល លុះត្រាតែមានការលុបបំបាត់កាលៈទេសៈដែលជាមូលដ្ឋានសម្រាប់ការអនុម័តរបស់វា។
គួរបញ្ជាក់ថា ប្រតិបត្តិការយោធារបស់រុស្ស៊ីនៅអ៊ុយក្រែន ដែលត្រូវបានចាប់ផ្តើមកាលពីចុងខែកុម្ភៈ បានធ្វើឲ្យទំនាក់ទំនងរវាងរុស្ស៊ី និងលោកខាងលិចកាន់តែតានតឹង។
ជាការឆ្លើយតបទៅនឹងប្រតិបត្តិការនេះ ប្រទេសលោកខាងលិចបានណែនាំការហាមឃាត់ និងការរឹតបន្តឹងលើប្រព័ន្ធផ្សព្វផ្សាយមួយចំនួនរបស់រុស្ស៊ី។ ជាក់ស្តែង ទូរទស្សន៍ RT និង Sputnik និងសូម្បីតែគណនីរបស់ពួកគេនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមមួយចំនួន ក៏ត្រូវបានបិទមិនអាចចូលដំណើរការបានដែរនៅក្នុងសហភាពអឺរ៉ុប។
ទន្ទឹមគ្នា រុស្ស៊ីបានសងសឹកដោយបិទគេហទំព័ររបស់ស្ថាប័នគ្រប់គ្រងដោយរដ្ឋលោកខាងលិចជាច្រើន ក្នុងនោះរួមទាំង BBC និង Deutsche Welle ជាដើម៕ ប្រភព៖ RT ប្រែសម្រួល៖ ទីណា និងបុត្រា