លេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិជម្រុញចលនាភូមិ១ ផលិតផល១ បើកវគ្គបំពាក់បំប៉ន ដោយផ្ទាល់ ដល់មន្ត្រីជាន់ខេត្តកែប លើការងារចងក្រងសមាជិកចលនាភូមិ១ផលិតផល១

ខេត្តកែប៖ នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ ជំរុញចលនាភូមិ១ ផលិតផល១ សហការជាមួយរដ្ឋបាលខេត្តកែប បានបើកវគ្គបំពាក់បំប៉នលើការងារចងក្រងសមាជិកចលនាភូមិ១ ផលិតផល១ ក្រោមអធិបតីភាព លោក វ៉ៅ សុខា អភិបាលរងខេត្តកែប និងជាអនុប្រធានគណៈកម្មាធិការជម្រុញចលនាភូមិ១ ផលិតផល១ខេត្ត និងឯកឧត្តម ផល សុជាតិ អគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិជម្រុញចលនាភូមិ១ ផលិតផល១ និងមានការចូលរួមពី មន្រ្តីជំនាញនៃគណៈកម្មាធិការជាតិជម្រុញចលនាភូមិ១ ផលិតផល១ ផងដែរ។

ឯកឧត្តម ផល សុជាតិ អគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិជម្រុញចលនា ភូមិ១ ផលិតផល១ បានបញ្ជាក់ថា អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិជំរុញចលនាភូមិ១ ផលិតផល១ បានសហការជាមួយអង្គការ ស្ថាប័ន ក្រុមហ៊ុន ដោយបានអនុវត្តនៅខេត្តចំនួន ១០រួចមកហើយ និងបានចេញវិញ្ញាបនប័ត្រទទួលស្គាល់ផលិតផលចំនួន ១១៣ លើ ១២១ផលិតផល ដែលបានស្នើឡើង។

ឯកឧត្តមបន្ថែមថា ចលនាភូមិ១ ផលិតផល១ ជាគម្រោងអភិវឌ្ឍអាជីវកម្មប្រកបដោយសុចរិតភាព និងការទទួលបានទីផ្សារសម្រាប់ផលិតករក្នុងស្រុក សហគ្រាសមីក្រូ និងសហគ្រាសធុនតូច និងមធ្យម ដែលធ្វើឱ្យផលិតករ កាន់តែមានភាពងាយស្រួលក្នុងការស្វែងរកទីផ្សារលក់ផលិតផលរបស់ខ្លួន ជួយពង្រឹងគុណភាព សោភ័ណភាព និងឧត្តមភាពផលិតផលខ្មែរ ដើម្បីលក់ និងប្រកួតប្រជែង ក្នុងទីផ្សារក្នុងស្រុក និងក្រៅប្រទេស។

លោក វ៉ៅ សុខា អភិបាលរងខេត្តកែប ក៏បានបញ្ជាក់ផងដែរថា ខេត្តកែប ក៏ជាខេត្តមួយ ដែលមានសក្តានុពល ពហុវិស័យផងដែរ ដូច្នេះសូមឱ្យគ្រប់មន្ទីរជំនាញជុំវិញខេត្ត ពិនិត្យលទ្ធភាព តាមវិស័យរបស់ខ្លួន ស្វែងរកផលិផលសក្តានុពល ដើម្បីដាក់បញ្ចូល ក្នុងចលនាប្រឡងប្រណាំង ភូមិ១ ផលិតផល១ ។

លោក អភិបាលរង បន្តថា តាមរយៈវគ្គបំពាក់បំប៉ន ដោយផ្ទាល់ ដល់មន្ត្រីជំនាញខេត្តកែប លើការងារចងក្រងសមាជិកចលនាភូមិ១ ផលិតផល១ សូមឱ្យអ្នកពាក់ព័ន្ធទាំងអស់ ខិតខំជម្រុញ និងផ្សព្វផ្សាយបន្តឱ្យបានទូលំទូលាយ ដល់កសិករ ផលិតករ វិស័យឯកជននានា ដើម្បីចូលរួមឱ្យបានផុលផុស សំដៅឱ្យខេត្តកែប ក៏ដូចជាភូមិនីមួយៗ ជ្រើសយកផលិតរបស់ខ្លួន ពីមួយមុខឡើងទៅ ដើម្បីចូលរួមប្រគួតប្រជែង ដណ្តើមយកវិញ្ញាបនប័ត្រទទួលជាផលិតផលល្អ ដែលទទួលម៉ាក់ ឬLogo ជារបស់ខ្លួន និងបានជាមោទនាភាពខេត្ត ក៏ដូចជាលើកកំពស់ផលិតផលខេត្ត ដើម្បីអោយមានទីផ្សាកាន់តែ ទូលំទូលាយ៕ Sila Sarin

ads banner