ថ្នាក់ដឹកនាំខេត្តកំពង់ចាម នាំយកទេយ្យវត្ថុ និងទៀនចំណាំព្រះវស្សា ប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា នៅក្នុងវត្តចំនួន ៤ ស្ថិតនៅក្នុងក្រុងកំពង់ចាម
ខេត្តកំពង់ចាម៖ ព្រឹកថ្ងៃ សុក្រ ២រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោកជំទាវ ញូង ចរិយា ព្រមទាំងឯកឧត្តម លោកជំទាវ ជាអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព ជុំវិញខេត្ត បបាននាំយក ទេយ្យទាន និងទៀនចំណាំព្រះវស្សា ប្រគេនទដល់ វត្តចំនួន ៤ ស្ថិតនៅក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម គឺ វត្តខេមវ័ន បឹងស្នាយ វត្តបុទុមរតនដីដុះ វត្តសុទស្សនារាម ជ្រោយថ្ម និងវត្តជោតនារាមបឹងកុក ដោយក្នុង ១វត្ត មានទៀនវស្សា ១គូ អង្ករ ១៥០គ.ក្រ ទឹកសុទ្ធ ៥កេស ទឹកក្រូច ៥កេស ត្រីខ ១កេស ទឹកត្រី ៥យួរ ទឹកស៊ីអ៊ីវ ៥យួរ មី ១កេសធំ ទឹកដោះគោ ១កេសធំ ស្កសរ ៥គ.ក្រ តែ ៥គក្រ និងបច្ច័យ ១លានរៀល ។ ក្រៅពីនោះ ប្រគេនព្រះសង្ឃចំនួន ៧អង្គ ក្នុង ១អង្គ ទេយ្យវត្ថុ ១ និងបច្ច័យ ២០០ ០០០រៀល ចង្ហាន់ ១ស្រាក់ និងផ្លែឈើ ១កន្រ្តក ។
ក្នុងឱកាសនោះ ឯកឧត្តម ខ្លូត ផន ឯកឧត្តម អ៊ុន ចាន់ដា និងលោកជំទាវ ព្រមទាំង ក្រុមការងារ បានអុជធូប ថ្វាយបង្គំ ព្រះរតនត្រ័យ និងវេរប្រគេនទានព្រះវស្សា និងទ័យវត្ថុ ដល់ព្រះសង្ឃ ទៅតាមកិច្ចសាសនា ដោយបានឧទ្ទិសបួង សួង សុំឲ្យ វត្ថុ សក្តិសិទ្ឋិ សូមជួយថែរក្សា ប្រទេសកម្ពុជា ឲ្យមានភាពរីកចំរើន មានសន្តិភាព គង់វង្សជានិរន្តរ៍តរៀងទៅអនាគត ។
គួរកត់សម្គាល់ដែរថា តាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ឋសាសនា ក្នុង ១ឆ្នាំ ព្រះសង្ឃត្រូវគង់ចាំព្រះវស្សាចំនួន ៣ ខែ ក្នុង ទីវត្ត អារាម គឺ ចាប់ពីថ្ងៃទី១រោច ខែអាសាឍ ដល់ថ្ងៃ១៥កើត ខែ អស្សុជ ដោយមិនអាចនិមន្ត បិណ្ឌបាត ទៅ ទីណាឡើយ ។ ហេតុដូចនេះហើយ ទើបពុទ្ធបរិស័ទដែលមានសទ្ធា ជ្រះថ្លា ក្នុងព្រះពុទ្ធសាសនា តែងប្រគេនទានព្រះវស្សា និងទ័យវត្ថុផ្សេងៗ ទៅកាន់ទីវត្តអារាម ដើម្បី ព្រះសង្ឃបានអុជបំភ្លឺ និងមាន ចង្ហាន់ របស់របរប្រើប្រាស់ ក្នុងកំឡុងពេលកាន់ព្រះវស្សា ៣ខែនេះ ៕ ដោយ ៖ លីពៅ