អភិបាលខេត្តកំពង់ចាម ចាត់ទុកវិស័យកីឡា គឺជាផ្នែកមួយ ដ៏មានសារៈសំខាន់ ក្នុងចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ

ខេត្តកំពង់ចាម៖ ថ្លែងនៅក្នុងឱកាស អញ្ជើញជាអធិបតី ក្នុងពិធីបើកការប្រកួតកីឡាមហាជន ជ្រើសរើសជើងឯក ទូទាំងខេត្តកំពង់ចាម ប្រចាំឆ្នាំ២០២២ នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម បានចាត់ទុក វិស័យកីឡា គឺជាផ្នែកមួយមានសារៈសំខាន់ ក្នុងការចូលរួមចំណែក អភិវឌ្ឍន៍ប្រទេសជាតិ ។

ឯកឧត្តម អ៊ុន ចាន់ដា មានប្រសាសន៍ថា វិស័យអប់រំកាយ និងកីឡា គឺជាវិស័យមួយ ដែល សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា និងសហព័ន្ធកីឡា គ្រប់ប្រភេទ បានយកចិត្តទុកដាក់យ៉ាងខ្លាំង និងចាត់ទុកថា ជាវិស័យមួយ ដ៏មានសារៈសំខាន់បំផុតក្នុងការចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ ដោយធ្វើឲ្យសម្រេចបាននូវសមិទ្ធផលយ៉ាងធំធេង និងច្រើនសន្ធឹកសន្ធាប់ ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ សាសនា ការកាត់បន្ថយភាពក្រីក្រ ការពារសិទ្ធិសេរីភាព សេចក្ដីថ្លៃថ្នូរ របស់មនុស្ស លទ្ធិប្រជាធិបតេយ្យ រស់នៅសុខសាន្ត ក្រោមដំបូលសុខសន្តិភាព សុខដុមរមនាត្រជាក់ត្រជុំ ប្រកបដោយសិរីមង្គល វិបុលឧត្ដមថ្លៃថ្លាបំផុត។

ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានក្រើនរំលឹក ទៅដល់យុវជនទាំងអស់ ដោយយកការប្រកួតកីឡា ដ៏មានអត្ថន័យនេះ បានជ្រួតជ្រាបដល់ស្រទាប់ដល់យុវជនគ្រប់រូប ចូលមកលេងកីឡាឱ្យបានគ្រប់ៗគ្នា ពិសេស កីឡា ដើម្បី សុខភាព ដើម្បី អភិវឌ្ឍផ្នែករាងកាយ បញ្ញា ស្មារតី ។

សូមបញ្ជាក់ដែរថា ការប្រកួតកីឡាមហាជន ជ្រើសរើសជើងឯកទូទាំងខេត្ត ប្រចាំឆ្នាំ២០២២នេះ មានក្រុមកីឡាករ កីឡាការិនីមកពីមន្ទីរ អង្គភាព ជុំវិញខេត្ត ក្លិប និងក្រុង ស្រុកទូទាំងខេត្ត សរុបចំនួន ៩៧ក្រុម ក្នុងនោះនារី មានចំនួន ១០ក្រុម ដែលមានកីឡាករ និងកីឡាការិនីសរុបចំនួន ៧៧៤នាក់ ស្រី ១៤៤នាក់ ដោយធ្វើការប្រកួតលើវិញាសារ បាល់ទាត់ បាល់ទះ បាល់បោះ ប៊ូល ឬប៉េតង់ និងវាយកូនឃ្លីលើតុ ៕ ដោយ ៖ លី ពៅ

ads banner