គ្រឿងញៀនប្រមាណជិត ១១គីឡូក្រាម ត្រូវបានដុតបំផ្លាញក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា
ខេត្តសៀមរាប៖ គ្រឿងញៀនប្រមាណជិត ១១គីឡូក្រាម ដែលប្រមូលមកពីសាលាដំបូងខេត្តសៀមរាប កំពង់ធំ និងខេត្តព្រះវិហារ ត្រូវបានធ្វើពិធីដុតបំផ្លាញ ក្នុងពិធីប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០២២ នៅខេត្តសៀមរាប ក្រោមប្រធានបទ «ដោះស្រាយបញ្ហាគ្រឿងញៀនក្នុងវិបត្តិសុខភាព និងមនុស្សធម៌» នាព្រឹកថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្ដមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និង លោក ពិន ប្រាកដ អភិបាលរងខេត្ត តំណាងឯកឧត្តម ទៀ សីហា គណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀនខេត្តសៀមរាប ។
ឯកឧត្ដមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានលើកឡើងពីគោលបំណង នៃការរៀបចំទិវាប្រយុទ្ធប្រឆាំងគ្រឿងញៀននេះឡើង ព្រមទាំងបានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគ្រប់អង្គភាព និង សមាសភាពពាក់ព័ន្ធទាំងអស់ ដែលបានរួមចំណែកក្នុងសកម្មភាពបង្ការបង្ក្រាប និងទប់ស្កាត់ បទល្មើសគ្រឿងញៀនក្នុងខេត្តទាំងបីនាពេលកន្លងមក ឲ្យទទួលបានលទ្ធផលល្អប្រសើរ ពិសេសក្នុងដំណើរការអនុវត្តផែនការ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់ទាំង៣ ដំណាក់កាល របស់រាជរដ្ឋាភិបាល ។
ជាមួយនេះ ឯកឧត្ដមនាយឧត្តមសេនីយ៍ ក៏បានមានប្រសាសន៍ ផ្ដាំផ្ញើដល់គ្រប់អង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវបន្តចាត់តាំងអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល ស្ដីពីការពង្រឹង វិធានការប្រយុទ្ធប្រឆាំងគ្រឿងញៀន ។ ជាមួយគ្នានោះក៏ត្រូវយកចិត្តទុកដាក់ឲ្យបានជាប់ជាប្រចាំក្នុងការបង្ការ និងទប់ស្កាត់ការឆ្លងរាដាលនៃជម្ងឺកូវីដ-១៩ មកលើខ្លួនឯង មកលើគ្រួសារ កន្លែងធ្វើការ និងសហគមន៍ដែលខ្លួនរស់នៅ ជាពិសេសធ្វើឲ្យជនគ្រប់រូបចងចាំថា ការដោះស្រាយបាននូងបញ្ហាគ្រឿងញៀន និង ការបង្ការកុំឲ្យមានការឆ្លងថ្មីនៃជម្ងឺកូវីដ-១៩ គឺជាកត្តាដ៏សំខាន់ក្នុងការថែរក្សាសុខភាព សុវត្ថិភាព សន្តិសុខ និងបង្កើនការអភិវឌ្ឍសម្រាប់ខ្លួនឯង គ្រួសារ សហគមន៍ និងសង្គម ជាតិទាំងមូល។
ឯកឧត្ដមនាយឧត្តមសេនីយ៍ បានជំរុញឱ្យ គ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ធ្វើការអប់រំណែនាំនិងគ្រប់គ្រងកម្លាំងក្រោមឱវាទ របស់ខ្លួនឲ្យបានតឹងរ៉ឹងកុំឲ្យមានការជាប់ពាក់ព័ន្ធ ឬ នៅពីក្រោយសកម្មភាពនៃបទល្មើសគ្រឿងញៀន ត្រូវយកចិត្តទុកដាក់គ្រប់គ្រង និង ក្ដាប់ឲ្យបានច្បាស់លាស់នូវមុខសញ្ញាលក់ និង ចែកចាយគ្រឿងញៀន ជាពិសេសអ្នកចំណូលស្រុកមកស្នាក់នៅបណ្ដោះអាសន្ន ប្រកបមុខរបរផ្សេងៗ នៅក្នុងមូលដ្ឋានរបស់ខ្លួន និង ត្រូវបង្ក្រាបឲ្យបានទាន់ពេលវេលាពេលមានបទល្មើសកើតឡើងនិងត្រូវបន្តពង្រឹងយន្តការត្រួតពិនិត្យឲ្យបានតឹងរ៉ឹងបំផុត ៕ ម៉ី សុខារិទ្ធ