ព្រះសង្ឃ យុវជន អង្គរការសង្គមស៊ីវិល និងអាជ្ញាធរដែនដី ដែលស្រឡាញ់បរិស្ថាន ចូលរួមដាំកូនឈើ នៅតំបន់ព្រៃសហគមន៍សង្ឃរុក្ខវ័ន្ត

ខេត្តឧត្តរមានជ័យ ៖ ព្រះសង្ឃ យុវជន អង្គការសង្គមស៊ីវិល និងអាជ្ញាធរជាច្រើន ដែលស្រឡាញ់បរិស្ថាន បានចូលរួមដាំកូនឈើចំនួន ៦ពាន់ដើមនៅតំបន់ព្រៃសហគមន៍ សង្ឃរុក្ខវ័ន្ត ដើម្បីបំពេញលើផ្ទៃដីដែលសឹករេចរឹលគ្មានដើមឈើស្ថិតនៅក្នុងខេត្តឧត្តរមានជ័យ នៅថ្ងៃទី១៧ កក្កដា ឆ្នាំ២០២២។

ការដាំកូនឈើនេះ គឺដើម្បី ស្ដារព្រៃសហគមន៍ឡើងវិញ ដោយដាំបំពេញនូវចន្លោះដីដែលរងការសឹករេចរឹល ព្រោះគ្មានគម្របព្រៃឈើការពារ ។ កូនឈើចំនួន ៦ពាន់ដើមរួមមាន៖ កូនឈើប្រណិត និងឈើហូបផ្លែ នឹងត្រូវដាំលើផ្ទៃដីរេចរឹល ៥ហិកតារ ក្នុងតំបន់ ព្រៃសហគមន៍សង្ឃរុក្ខវ័ន្តក្រោម ប្រធានបទ « រួមគ្នា ដាំកូនឈើ ដើម្បីជីវិត និងភពផែនដី»។

លោក ហួន វ៉ាន់និត មន្ត្រីរដ្ឋបាលខេត្តឧត្តរមានជ័យ បានបង្ហាញការគាំទ្រ និងចូលរួមជាមួយយុវជន ក្នុង ការដាំកូនឈើ នៅសហគមន៍ព្រៃសង្ឃរុក្ខវ័ន្តផងដែរ ។ លោកបន្តថា បើទោះបី មានសកម្មភាពបទល្មើសមួយចំនួននៅតែបន្តកើតមានក្ដី ក៏រដ្ឋបាលខេត្តព្យាយាមអនុវត្តច្បាប់ និងពង្រឹងការ ការពារព្រៃមួយនេះបន្ថែមទៀត «យើង នឹងចូលរួមជាមួយសហគមន៍ ក៏ដូចជាអ្នកពាក់ព័ន្ធទាំងអស់ដែលចូលរួមក្នុងពិធីដាំនេះ ។

ពាក់ព័ន្ធជាមួយនឹងបទល្មើសព្រៃឈើ បើយើងប្រៀបធៀបពេលនេះ ទៅនឹងពេលមុន យើងឃើញថា មានការថយចុះច្រើន។ ពីព្រោះនៅមានខ្លះដែរ ពាក់ព័ន្ធជាមួយនឹងបទល្មើសព្រៃឈើ ក៏ដូចជាបទល្មើសសត្វព្រៃ ដូច្នេះក្នុងនាមរដ្ឋបាលខេត្តសូមជំរុញបន្ថែមឱ្យយុវជន និងប្រជាពលរដ្ឋ ចូលរួមដាំកូនឈើ ឡើងវិញ ជាពិសេសចូលរួមទប់ស្កាត់និងរាយការណ៍ បទល្មើសឱ្យបានទាន់ពេលវេលា។

សូមបញ្ជាក់ថា សហគមន៍សង្ឃរុក្ខវ័ន្តមានផ្ទៃដី ៣០ ២៥៤ហិកតា ស្ថិតនៅស្រុកអន្លង់វែងស្រុកចុងកាល់ និងក្រុងសំរោង នៃខេត្តឧត្ដរមានជ័យ ។ កាលពីឆ្នាំ២០១៨ ព្រៃសហគមន៍សង្ឃរុក្ខវ័ន្ត បានក្លាយ ជាតំបន់ការពារ ដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័ន បន្ទាប់ពីមានការតស៊ូការពារតាំងពីឆ្នាំ២០០១ ពីសំណាក់ព្រះតេជព្រះគុណ ប៊ុន សាលួត ដែលស្រឡាញ់ ធម្មជាតិ ។ សហគមន៍មួយនេះមានព្រៃឈើ នៅសេសសល់ ច្រើនជាងគេ នៅក្នុងខេត្តឧត្ដរមានជ័យ និងមានសត្វព្រៃកម្ររស់នៅ ជាច្រើនប្រភេទ ៕ ដោយ៖ជា សេឌី

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner