អ៊ីរ៉ង់ចោទថា សហរដ្ឋអាមេរិកជាមេខ្លោងបង្កភាពតានតឹង នៅមជ្ឈិមបូព៌ា
តេហេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក ណាសឺ ហ្គាណានី នៅថ្ងៃអាទិត្យម្សិលមិញ បានច្រានចោលការអះអាងនាពេលថ្មីៗនេះរបស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ជុំវិញសកម្មភាពនុយក្លេអ៊ែររបស់ទីក្រុងតេហេរ៉ង់ថា ជាគោលនយោបាយបរាជ័យក្នុងការបង្កើនការភ័យខ្លាចអ៊ីរ៉ង់ ហើយជាការស្វែងរកការបង្កភាពតានតឹង និងវិបត្តិនៅក្នុងតំបន់ ។
លោក ណាសឺ ហ្គាណានី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សុន្ទរកថាប្រឆាំងនឹងអ៊ីរ៉ង់របស់លោក ចូ បៃដិន ដែលត្រូវបានធ្វើឡើងក្នុងអំឡុងដំណើរទស្សនកិច្ចនៅតំបន់មជ្ឈិមបូព៌ារបស់គាត់ គឺជាផ្នែកនៃគោលនយោបាយរបស់សហរដ្ឋអាមេរិក ក្នុងការញុះញង់ឱ្យមានការបះបោរ និងបង្កើតភាពតានតឹងនៅក្នុងតំបន់។
ការអត្ថាធិប្បាយនេះធ្វើឡើង បន្ទាប់ពីលោក ចូ បៃដិន នៅថ្ងៃសៅរ៍សប្តាហ៍នេះ បានប្តេជ្ញាថា សហរដ្ឋអាមេរិកនឹងមិនអត់ឱនចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសណាមួយ ដើម្បីគ្រប់គ្រងប្រទេសមួយផ្សេងទៀតនៅក្នុងតំបន់ តាមរយៈការកសាងយោធា ការឈ្លានពាន ឬការគំរាមកំហែងឡើយ។ ការព្រមាននេះត្រូវបានគេយល់ថា គឺសំដៅដល់អ៊ីរ៉ង់៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា


