ប្រមុខការពារជាតិរុស្ស៊ី បញ្ជាឱ្យបង្កើនប្រតិបត្តិការយោធា នៅអ៊ុយក្រែន

ម៉ូស្គូ៖ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក សឺហ្គេ ស៊យហ្គូ បានបញ្ជាឱ្យយោធាបង្កើនប្រតិបត្តិការនៅអ៊ុយក្រែន ខណៈដែលក្រុមអ្នកវិភាគនិយាយថា រុស្ស៊ីអាចនឹងបន្តការវាយលុកក្នុងទ្រង់ទ្រាយធំឡើងវិញ នៅក្នុងការដេញថ្លៃដើម្បីគ្រប់គ្រងពេញលេញលើតំបន់ដូណេតស៍។

ក្រសួងការពារជាតិរុស្ស៊ីបាននិយាយនៅថ្ងៃសៅរ៍សប្តាហ៍មុនថា លោករដ្ឋមន្រ្តីបានត្រួតពិនិត្យកងទ័ពដែលពាក់ព័ន្ធនឹងប្រតិបត្តិការយោធានៅអ៊ុយក្រែន ហើយថា លោក ស៊យហ្គូ បានបញ្ជាឱ្យបង្កើនប្រតិបត្តិការកាន់តែខ្លាំងឡើងដើម្បីការពារការវាយប្រហាររបស់អ៊ុយក្រែនលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងអ្នករស់នៅក្នុងតំបន់ដុនបាស់ និងកន្លែងផ្សេងទៀត។

ក្រសួងបន្តថា កងកម្លាំងរុស្ស៊ីបានធ្វើការវាយប្រហារដោយមីស៊ីលនៅទូទាំងប្រទេសអ៊ុយក្រែន រួមទាំងទីតាំង Siversk ដែលជាបន្ទាយដ៏រឹងមាំក្នុងទីក្រុងដូណេតស៍។ ក្រសួងបន្ថែមថា ទាហានអ៊ុយក្រែនជាង ៦០០នាក់ត្រូវបានសម្លាប់ក្នុងរយៈពេលពីរថ្ងៃ។

គួរបញ្ជាក់ថា យោធារុស្ស៊ីត្រូវបានគេជឿជាក់ថា បាននិងកំពុងផ្តោតការយកចិត្តទុកដាក់លើការរៀបចំកងកម្លាំងរបស់ខ្លួនឡើងវិញ ដើម្បីត្រៀមសម្រាប់ការវាយលុកក្នុងទ្រង់ទ្រាយធំបន្ទាប់។ ការអះអាងនេះកើតឡើង បន្ទាប់ពីរុស្ស៊ីបានប្រកាសកាលពីថ្ងៃទី៣ ខែកក្កដាថា ខ្លួនបានគ្រប់គ្រងតំបន់លូហាន់ស៍ទាំងស្រុង៕
ប្រភព៖ NHK ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner