អ៊ុយក្រែន៖ ការវាយប្រហាររបស់រុស្ស៊ី ភាគច្រើនលើជនស៊ីវិល

កៀវ៖ អ្នកនាំពាក្យក្រសួងការពារជាតិអ៊ុយក្រែនបានបញ្ជាក់នៅថ្ងៃសុក្រសប្តាហ៍មុនថា ប្រហែល៧០ភាគរយនៃការវាយប្រហាររបស់រុស្ស៊ីត្រូវបានសំដៅលើគោលដៅជនស៊ីវិល ខណៈដែលការវាយប្រហារត្រឹមតែ ៣០ភាគរយប៉ុណ្ណោះ គឺសំដៅទៅលើគោលដៅយោធា។ ទន្ទឹមគ្នា មន្ត្រីអ៊ុយក្រែនរូបនេះបានគូសបញ្ជាក់អំពីតម្រូវការសម្រាប់ជំនួយផ្នែកយោធាបន្ថែមទៀត ពីបណ្តាប្រទេសលោកខាងលិច ដូចជាប្រព័ន្ធការពារដែនអាកាសទំនើបៗជាដើម។

ការវាយប្រហារដោយមីស៊ីលនៅតំបន់ភាគខាងលិចនៃទីក្រុង Vinnytsia កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ បានសម្លាប់មនុស្ស២៤នាក់ ក្នុងនោះមានកុមារ៣នាក់ និងជាង៦០នាក់ទៀតរងរបួស។

អាជ្ញាធរអ៊ុយក្រែនបាននិយាយថា ការវាយប្រហារមួយផ្សេងទៀតនៅក្នុងទីក្រុងកំពង់ផែ Odesa ភាគខាងត្បូងប្រទេសកាលពីថ្ងៃសៅរ៍ បានធ្វើឱ្យមនុស្សម្នាក់រងរបួស និងបណ្តាលឱ្យមានអគ្គីភ័យដ៏ធំមួយ។ ទីប្រជុំជន Chuhuiv ភាគឦសានក្នុងតំបន់ Kharkiv ក៏ត្រូវបានវាយប្រហារផងដែរ ដោយមនុស្ស៣នាក់បានស្លាប់ និង៣នាក់ផ្សេងទៀតរងរបួស។

ស្របពេលជាមួយគ្នានោះដែរ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានចោទប្រកាន់រុស្ស៊ីថា បានកំណត់គោលដៅលើជនស៊ីវិល ដោយលោកបានហៅប្រទេសនេះថា ជារដ្ឋភេរវករ។ លោកបាននិយាយនៅក្នុងសុន្ទរកថាប្រចាំថ្ងៃថា អ៊ុយក្រែននឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីឲ្យឃាតករុស្ស៊ីទាំងអស់ទទួលខុសត្រូវចំពោះអ្វីដែលពួកគេបានធ្វើ៕
ប្រភព៖ NHK ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner