រុស្ស៊ីព្រមានថា អ៊ុយក្រែននឹងជួបវិបត្តិធ្ងន់ធ្ងរបំផុត ប្រសិនបើហ៊ានវាយប្រហារលើតំបន់ឧបទ្វីបគ្រីមៀ
ម៉ូស្គូ៖ សមាជិកសភារុស្ស៊ីប្រចាំតំបន់លោក មីខែល សឺរើម៉េត បានព្រមានថា ការឆ្លើយតបរបស់រុស្ស៊ីចំពោះការវាយប្រហាររបស់អ៊ុយក្រែន ដែលគំរាមវាយលុកលើគោលដៅនៅតំបន់ឧបទ្វីបគ្រីមៀនោះ នឹងមានសភាពធ្ងន់ធ្ងរបំផុត ដែលអាជ្ញាធរទីក្រុងកៀវនឹងមិនអាចស្រោចស្រង់មកវិញបានឡើយ។
ឆ្លើយតបទៅនឹងការបញ្ជាក់របស់មន្ត្រីអ៊ុយក្រែនដែលថា កងកម្លាំងទីក្រុងកៀវអាចវាយប្រហារលើគោលដៅនៅឧបទ្វីបគ្រីមៀ ឬស្ពានគ្រីមៀនោះ លោក សឺរើម៉េត បានសង្កត់ធ្ងន់ថា វិធានការបែបនេះនឹងត្រូវបន្តដោយការប៉ះទង្គិចគ្នាយ៉ាងធ្ងន់ធ្ងរ ក្នុងនោះរួមមានទាំងរដ្ឋធានីកៀវ ហេដ្ឋារចនាសម្ព័ន្ធយោធា និងបណ្តាញផ្គត់ផ្គង់អាវុធជាដើម។
សមាជិកសភារុស្ស៊ីរូបនេះបានប្រាប់សារព័ត៌មាន RIA-Novosti នៅថ្ងៃអាទិត្យថា របបដឹកនាំទីក្រុងកៀវនឹងទទួលបាននូវការសងសឹកបែបនេះ ដែលវានឹងមិនអាចស្រោចស្រង់មកវិញបានឡើយ។
ការព្រមានធ្ងន់ៗរបស់រុស្ស៊ីខាងលើនេះកើតឡើង បន្ទាប់ពីសេចក្តីថ្លែងការណ៍កាលពីថ្ងៃសៅរ៍ ដោយអ្នកនាំពាក្យចារកម្មយោធាអ៊ុយក្រែនបានអះអាងថា តំបន់ឧបទ្វីបគ្រីមៀ អាចនឹងត្រូវបានកំណត់ជាគោលដៅវាយប្រហារដោយប្រព័ន្ធរ៉ុក្កែត M142 HIMARS និង M270 MLRS ដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក។
បើតាមអ្នកនាំពាក្យរូបនេះ ឧបទ្វីបនេះគឺជាគោលដៅវាយប្រហារស្របច្បាប់សម្រាប់កងកម្លាំងអ៊ុយក្រែន ដោយសារតែទីតាំងនេះបានក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូនសម្ភារៈយោធារបស់រុស្ស៊ី ចំពេលមានជម្លោះរវាងទីក្រុងម៉ូស្គូ និងទីក្រុងកៀវ៕ ប្រភេទ៖ RT ប្រែសម្រួល៖ ទីណា និងបុត្រា


