ទឹកធ្លាក់អូរជាំ ជាតំបន់អេកូទេសចរណ៍បែបធម្មជាតិ គួរជាទីទាក់ទាញ់នៅស្រុកសំឡូត ខេត្តបាត់ដំបង

ខេត្តបាត់ដំបង ៖ ទឹកធ្លាក់អូរជាំ គឺជារមណីយដ្ឋានធម្មជាតិមួយដែលស្ថិតនៅប៉ែកខាងលិចឆៀងខាងត្បូងទីរួមខេត្តបាត់ដំបង មានចម្ងាយ ៨០គីឡូម៉ែត្រពីទីរួមខេត្ត ស្ថិតនៅក្នុងភូមិអូរជាំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង ។

រមណីយដ្ឋានកម្សាន្ត បែបធម្មជាតិមួយនេះបច្ចុប្បន្នបានស្រូបទាញអ្នកទេសចរមកពីគ្រប់ទិសទីឱ្យចូលកម្សាន្ត ក្នុងនេះរាប់ទាំងភ្ញៀវបរទេសថែមទៀត ។ ដោយសារតែអំណោយផលពីភូមិសាស្រ្តបានធ្វើសហគមន៍អេកូទេសចរណ៍ទឹកធ្លាក់អូរជាំមិនត្រឹមតែជាទីតាំងភូមិសាស្រ្តកម្សាន្តទេ នៅជាកន្លែងដាំដុះដំណាំកសិកម្មរបស់ប្រជាសហគមន៍យ៉ាងសម្បូរបែបទៀត ។

កាលបើអ្នកទេសចរទៅកម្សាន្តទឹកធ្លាក់អូរជាំត្រូវធ្វើដំណើរដោយថ្មើរជើងឡើងទៅលើពីមួយតំណាក់ទៅមួយតំណាក់ដោយឆ្លងកាត់ជ្រលងដងអូរ ដើមឈើតូចធំ ផ្ទាំងថ្ម ជំរាលភ្នំនិងពិសេស ទឹកធ្លាក់ប្រដេញគ្នាធ្លាក់មកក្រោមដែលគេអាចកម្សាន្ត ដោយការងូតទឹក ថតរូប ឬសម្រាកលំហែតាមផ្លូវដោយក្តីសប្បាយរីករាយ។បើទោះបីតំណាក់នីមួយៗត្រូវតស៊ូឡើង តែទីកម្សាន្តដ៏ស្អាតផូរផង់បែបធម្មជាតិមួយកន្លែងនេះពិតជាធ្វើឱ្យយើងមិននឿយណាយក្នុងការចុះឡើងភ្នំសោះឡើយ ផ្ទុយទៅវិញវារឹងរឹតតែធ្វើឱ្យយើងចង់ឡើងពីមួយតំណាក់ទៅមួយតំណាក់ដោយបង្កក្តីសប្បាយ រីករាយបាត់អស់ទុក្ខកង្វល់ទាំងពួង។

ភ្ញៀវទេសចរជាច្រើន កាលបើទៅដល់ទឹកធ្លាក់ធម្មជាតិដ៏ស្រស់ស្អាត ព្រមជាមួយនឹងទេសភាពគ្មានគូប្រៀបមួយនេះ មិនស្ងើចសរសើរមិនបាន។ព្រោះថាទីតាំងដ៏អំណោយផលទាំងព្រៃឈើ សត្វព្រៃ មច្ឆាដែលមានវត្តមាននៅទីកន្លែងនេះ និងពិសេសបរិស្ថានស្អាតល្អ បានទាក់ទាញធ្វើឱ្យអ្នកទេសចរលង់ក្នុងអារម្មណ៍ នៃដំណើរកម្សាន្តរបស់ខ្លួន។

លោក គឹម សុង ប្រធានសហគមន៍តំបន់ការពារធម្មជាតិទឹកធ្លាក់អូរជាំបានឱ្យដឹងថា បច្ចុប្បន្នដោយសារកំណើនភ្ញៀវទេសចរបានធ្វើឱ្យប្រជាសហគមន៍អាចរកចំណូលពីវិស័យនេះសម្រាប់ដោះស្រាយជីវភាពគ្រួសារបាន ។ ពួកគាត់អាចដាំដំណាំកសិកម្មសម្រាប់លក់ជូនភ្ញៀវទេសចរបានស្ទើររៀងរាល់ថ្ងៃ។ក្រៅពីនេះក៏អាចរកអនុផលព្រៃឈើដូចជា ផ្សិត ផ្លែឈើ និងបន្លែដែលជារុក្ខជាតិព្រៃភ្នំមួយចំនួនសម្រាប់មកធ្វើម្ហូបលក់ជូនភ្ញៀវទេសចរផងដែរ ។

ជាមួយគ្នាលោកប្រធានសហគមន៍ដែលជាអតីតកងទ័ពខ្មែរក្រហមរូបនេះ បានឱ្យដឹងដែរថា ភ្ញៀវទេសចអាចភ្លក្សរស់ជាតិម្ហូបប្លែកៗប្រចាំតំបន់នេះបានដូចជា ឆាក្រវាញ ម្ជូររចេកព្រៃ មាន់ដុតចេកព្រៃ និងម្ហូបប្លែកៗពីអនុផលព្រៃឈើ ដែលមានរសជាតិឆ្ងាញ់ពិសារបានរៀងរាល់ថ្ងៃ។

ដោយឡែក លោក វឹង វ៉ឺន អនុប្រធានសហគមន៍តំបន់ការពារធម្មជាតិទឹកធ្លាក់អូរជាំបានឱ្យដឹងដែរថា ចំពោះភ្ញៀវទេសចរណ៍ដែលមកកម្សាន្តនៅទឹកធ្លាក់អូរជាំ អាចធ្វើការបោះតង់ស្នាក់នៅទីនោះផ្ទាល់ ដោយមានការធានាសុវត្ថិភាពខ្ពស់ និងទទួលបាននូវបទពិសោធន៍ថ្មីប្លែក ជាមួយនឹងធម្មជាតិនៃទឹកដីសំឡូតដែលធ្លាប់តែមានសង្រ្គាមកន្លងមកផងដែរ។

គួរបញ្ជាក់ថា ទឹកធ្លាក់អូរជាំផ្នែកខាងលើគេបង្អស់មានកំពស់ ៣០ម៉ែត្រ ដែលហ៊ុព័ទ្ធដោយផ្ទាំងថ្មធំៗ និង មានត្រពាំងមួយនៅលើភ្នំដែលជាប្រភពទឹកហូរមកកាន់ទឹកធ្លាក់នេះ ។ ទឹកធ្លាក់ចុះមកពីលើភ្នំដែលមានប្រភពមកពីបឹងដ៏ធំមួយទំហំប្រមាណជាង ២ហិចតា ដោយបានបង្ហូរទម្លាក់កាត់តាមផ្ទាំងថ្មធំៗជាច្រើនដំណាក់ មកក្រោមបង្កើតជាផ្ទាំងទស្សនីយភាពគួរឱ្យគយគន់ពេកក្រៃ ៕ ដោយ ៖ ម៉ា ដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner