រដ្ឋមន្រ្តីក្រសួងកសិកម្ម៖ ចំណេះដឹងគឺជាទុនសំខាន់ និងជាមូលដ្ឋានគ្រឹះនៃពុទ្ធិសម្រាប់កសាងសមត្ថភាព

ភ្នំពេញ៖ ថ្លែងក្នុងឱកាសជួបសំណេះសំណាលជាមួយនិស្សិតដែលទទួលបានអាហារូបករណ៍ នឹងត្រូវចេញទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសជប៉ុន ក្រោមក្របខ័ណ្ឌជំនួយឥតសំណង ក្នុងគម្រោងសម្រាប់ការអភិវឌ្ឍធនធានមនុស្ស ដែលនឹងត្រូវចេញដំណើរនៅខែសីហា ខាងមុខនេះ នាទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានចូលរួមអបអរសាទរ និងបានវាយតម្លៃខ្ពស់ចំពោះសមត្ថភាពរបស់ក្មួយៗដែលបានឆ្លងកាត់ការធ្វើតេស្តយ៉ាងលំបាកដោយស្ថានទូតជប៉ុន។

លទ្ធផលនេះ បានបង្ហាញឲ្យឃើញអំពីការយកចិត្តទុកដាក់ខិតខំតស៊ូរៀនសូត្រដែលមានគុណតម្លៃសម្រាប់ធ្វើការកសាងអនាគតរបស់ខ្លួនផ្ទាល់ និងអភិវឌ្ឍន៍ប្រទេសជាតិ។ ដូច្នេះ ក្មួយៗ ត្រូវមានគំនិត និងគោលដៅច្បាស់លាស់ ខិតខំសិក្សារៀនសូត្រ ស្រាវជ្រាវ ដកស្រង់បទពិសោធន៍ល្អៗ ដើម្បីនាំយកមកកែលម្អ និងអភិវឌ្ឍក្រសួង-ស្ថាប័នរបស់ខ្លួនឲ្យមានការរីកចម្រើនប្រសើរឡើង។

ប្រភពក្រសួងកសិកម្មបញ្ជាក់ថា ដើម្បីទទួលបានជោគជ័យក្នុងការសិក្សា ឯកឧត្តមរដ្ឋមន្ត្រីបានផ្តាំផ្ញើក្មួយៗឲ្យយកឱកាសដ៏ពិសេសនេះ ខិតខំរៀនសូត្រ សិក្សាស្រាវជ្រាវលើមុខជំនាញរបស់ខ្លួន នឹងជំនាញផ្សេងទៀត ឲ្យបានស៊ីជម្រៅ និងច្បាស់លាស់។ ចំណេះដឹងទាំងអស់នេះគឺជាទុនសំខាន់ និងជាមូលដ្ឋានគ្រឹះនៃពុទ្ធិសម្រាប់កសាងសមត្ថភាពខ្លួនឲ្យកាន់តែរឹងមាំ ប្រកបដោយភាពជឿជាក់ និងច្បាស់លាស់។ល។ មិនតែប៉ុណ្ណោះ ធាតុចូលដែលជាចំណេះ ជំនាញ និងបទពិសោធន៍ល្អៗ ថ្មីៗទាំងអស់ គឺជាសម្បត្តិដ៏មានតម្លៃ នាំយកមកមាតុភូមិវិញដើម្បីចូលរួមថែរក្សាការពារ កសាង និងអភិវឌ្ឍប្រទេសយើងនាពេលអនាគតល្អប្រសើរ ជាពិសេសរក្សាបាននូវសុខសន្តិភាព និងការរស់នៅរបស់ប្រជាជនយើងប្រកបដោយសុខដុមរមនាក្នុងរយៈពេលវែង។
ទន្ទឹមនឹងនេះ លោកក៏បានណែនាំដល់និស្សិតទាំងអស់ត្រូវគោរពវិន័យ ច្បាប់ទម្លាប់ ប្រពៃណី របស់ប្រទេសជាតិគេឲ្យបានល្អប្រសើរ។ ជាមួយគ្នានេះដែរ ត្រូវមានវិន័យ គ្រប់គ្រងខ្លួនឯង និងថែរក្សាសុខភាពឲ្យបានល្អ។ ត្រូវមានលេខទូរស័ព្ទ និងអាស័យដ្ឋានសម្រាប់ធ្វើទាក់ទងមិត្តរួមជំនាន់ ឬសិស្សច្បង ពិសេសលេខទូរស័ព្ទសម្រាប់ធ្វើទំនាក់ទំនងជាមួយ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសជប៉ុន ក្នុងករណីមានបញ្ហាចាំបាច់និងបន្ទាន់។
សូម ជម្រាបជូនថា សម្រាប់ឆ្នាំ២០២២-២០២៣ មាននិស្សិតចំនួន ២៤នាក់ (ស្រ្តី ៨) ត្រូវបានរាជរដ្ឋាភិបាលជប៉ុនតាមរយ:ស្ថានទូត ធ្វើការជ្រើសរើសផ្តល់អាហារូបករណ៍ឲ្យទៅបន្តការសិក្សាថ្នាក់អនុបណ្ឌិតចំនួន ២២នាក់ និងបណ្ឌិតចំនួន២នាក់ ទៅតាមមុខជំនាញមាន៖ អភិវឌ្ឍរដ្ឋបាលសាធារណៈ ,សេដ្ឋកិច្ចបច្ចេកវិទ្យា នីតិសាស្ត្រ ,ទំនាក់ទំនងអន្តរជាតិ, គុណភាព នៃការអប់រំ, វិស័យសុខាភិបាល, វិស័យទឹកស្អាត ពង្រឹងវិស័យជនបទ ,វិស័យកសិកម្ម និងអភិបាលកិច្ចល្អ៕ ដោយ៖ ជា សេឌី

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner