ដឹងការពិតហើយ! សមត្ថកិច្ចសង្ស័យ ជាករណីឃាតកម្ម ក្រោយពីគ្រួសារមួយបានស្នើសុំ បញ្ចុះសព តែរៀបរាប់ភ័យៗ
ភ្នំពេញ៖ ក្រោយពីធ្វើការសាកសួរចម្លើយ របស់សមត្ថកិច្ច និងស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់បំផុត បានឈានរហូតទៅឃាត់ខ្លួន ជនសង្ស័យជានារីម្នាក់ ដែលជាប្អូនស្រីបង្កើតរបស់សព។ ការឃាត់ខ្លួននេះបានធ្វើឡើងនៅល្ងាចថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២នេះ ស្ថិតនៅតាបណ្តោយផ្លូវជាតិលេខ៥ នៅភូមិឃ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ ។
សពរងគ្រោះ ឈ្មោះ ឡោះ សុគ្រី ភេទប្រុស អាយុ ៤១ឆ្នាំ មុខរបរបច្ចុប្បន្ន លាងម៉ូតូ ។រីឯជនសង្ស័យឈ្មោះ ឡោះ ស៊ីម៉ាស្ស អាយុប្រហែល ៣៧ឆ្នាំ ត្រូវជាប្អូនបង្កើត ។ នាងជាប់សង្ស័យថា បានយកកាំបិតចាក់បងប្រុស បណ្ដាលឱ្យស្លាប់។
សមត្ថកិច្ចបានឱ្យដឹងថា ក្រុមគ្រួសារសព ត្រូវជាម្ដាយបង្កើត និងបងប្អូន បានស្នើដល់អាជ្ញាធរមូលដ្ឋាន បញ្ចុះសព ដោយបានប្រាប់ថា កូនស្លាប់ ដោយជំងឺរ៉ាំរ៉ៃ ជាង ១០ឆ្នាំមកហើយ និងបានស្លាប់កាលពីយប់ថ្ងៃទី១៧ ខែកក្កដារួចបានដឹកសពមកដល់ផ្ទះ នៅម៉ោង១១យប់ បន្ទាប់ពីសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្រ។
ក្នុងអំឡុងពេលកំពុងតែធ្វើបុណ្យ និងបញ្ចុះសព ក៏លេចលឺនូវភាពមិនប្រក្រតី ទើបសមត្ថកិច្ចមូលដ្ឋាន ស្នើសាកសួរក្រុមគ្រួសារជាបឋម រហូតសមត្ថកិច្ចទទួលបាននូវចម្លើយ មិនប្រក្រតី និងមានការភ័យៗលាក់លៀម ទើបឈានដល់សុំគោលការណ៍ យកសាកសពមកធ្វើកោសល្យវិច័យ។
បើតាមការបញ្ជាក់របស់សមត្ថកិច្ចជំនាញបានឱ្យដឹងថា នៅលើសាកសពមានស្នាមរបួស ។តម្រុយបឋមបង្ហាញថា ករណីនេះ គឺអាចជនសង្ស័យ ខឹងជនរងគ្រោះ ដែលជាបងប្រុស រហូតឈានទៅដល់ចាក់បងប្រុស បណ្តោយឱ្យរងរបួសធ្ងន់ ហើយភ្លាមៗនេះ បានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្រ តែសង្គ្រោះមិនបានជោគជ័យ ដោយសាររបួសចំត្រង់ចំណុចគ្រោះថ្នាក់ ទើបដឹកសពយកមកផ្ទះវិញ រួចរៀបចំកុហកបែបនេះទៅ ព្រោះសុទ្ធតែសាច់ញាតិរបស់ខ្លួន។ បន្ទាប់មកនៅល្ងាចថ្ងៃដដែលនេះ សមត្ថកិច្ច បានធ្វើការគាស់យកសាកសព ដើម្បីយកមកធ្វើកោសល្យវិច័យទើបពិនិត្យឃើញថា លើសាកសពមានស្នាមរបួសចំនួន៧កាំបិត នៅខាងក្រោយខ្នង។
បន្ទាប់មក សមត្ថកិច្ចមូលដ្ឋាន បានឃាត់ខ្លួន ជនសង្ស័យជានារីម្នាក់ ដែលជាជនដៃដល់ បណ្ដោះអាសន្នសិន និងធ្វើកំណត់ហេតុ កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕ ដោយ៖ ឆៃហួត