រលកកំដៅដ៏អាក្រក់ឆក់យកជីវិតមនុស្ស ៥១០នាក់នៅអេស្ប៉ាញ

ម៉ាឌ្រីដ៖ ក្រសួងសុខាភិបាលអេស្ប៉ាញនៅថ្ងៃចន្ទសប្តាហ៍នេះ បានបញ្ជាក់ថា មនុស្ស ៥១០នាក់បានស្លាប់ដោយសារមូលហេតុទាក់ទងនឹងរលកកំដៅដ៏អាក្រក់នៅក្នុងសប្តាហ៍ដំបូងនៃរលកកំដៅ នៅពេលដែលបារតឡើងដល់ ៤៥អង្សាសេនៅក្នុងតំបន់មួយចំនួននៃប្រទេសអេស្ប៉ាញ។

ចំនួនអ្នកស្លាប់ត្រូវបានរាយការណ៍ដោយវិទ្យាស្ថានសុខភាព Carlos III (ISCIII) ដែលជាផ្នែកមួយនៃក្រសួងសុខាភិបាលអេស្ប៉ាញនៅចន្លោះពីថ្ងៃទី១០ និង១៦ ខែកក្កដាកន្លងមកនេះ ដោយថ្ងៃសៅរ៍ចុងសប្តាហ៍មុន មានអ្នកស្លាប់ច្រើនជាងគេរហូតដល់ ១៥០នាក់។ ចំនួនអ្នកស្លាប់ត្រូវបានគេភ័យខ្លាចថា នឹងកើនឡើងបន្ថែមទៀត នៅពេលដែលតួលេខថ្មីត្រូវបានចេញផ្សាយសម្រាប់ថ្ងៃអាទិត្យ។

រលកកំដៅកំពុងប៉ះពាល់ដល់មនុស្សចាស់ ជាក់ស្តែងជនរងគ្រោះបាត់បង់ជីវិត ៣២១នាក់ ក្នុងចំណោម ៥១០នាក់មានអាយុពី ៨៥ឆ្នាំ ឬលើសពីនេះ, ១២១នាក់មានអាយុចន្លោះពី ៧៥ឆ្នាំ ទៅ ៨៤ឆ្នាំ ហើយ ៤៤នាក់ទៀតមានអាយុចន្លោះពី ៦៥ឆ្នាំ ទៅ ៧៤ឆ្នាំ។ យ៉ាងណាមិញ ករណីស្លាប់ក៏ត្រូវបានរាយការណ៍ផងដែរ ក្នុងចំណោមប្រជាជនវ័យក្មេង ដោយសារខ្យល់គ។

ប្រការនេះបានជំរុញឱ្យសាលាក្រុងម៉ាឌ្រីដ ទទួលយកម៉ោងធ្វើការដែលអាចបត់បែនបានបន្ថែមទៀត ដូច្នេះកម្មករអាចជៀសវាង ធ្វើការនៅខាងក្រៅក្នុងអំឡុងពេលម៉ោងក្តៅបំផុតប្រចាំថ្ងៃ។

ក្នុងចំណោមជនរងគ្រោះក្មេងៗក៏ជាអ្នកពន្លត់អគ្គីភ័យ និងអ្នកគង្វាលផងដែរ ដែលបានស្លាប់នៅក្នុងភ្លើងឆេះព្រៃដែលកំពុងឆាបឆេះប្រទេសអេស្ប៉ាញ ក៏ដូចជាតំបន់មួយចំនួនទៀតនៅអឺរ៉ុបខាងត្បូង។

នេះគឺជារលកកំដៅទីពីររបស់អេស្ប៉ាញនៅរដូវក្តៅ។ មួយលើកមុនចាប់ផ្តើមពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែមិថុនា បានបណ្តាលឱ្យមនុស្ស ៨២៩នាក់ស្លាប់។ នេះបើតាមវិទ្យាស្ថានសុខភាព (ISCIII)៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner