គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​អនុម័ត​ប្រគល់​សេចក្តីព្រាងច្បាប់​ធម្មនុញ្ញ​ជូន​គណៈកម្មការ​ជំនាញ​ពិនិត្យ​សិក្សា​

​ភ្នំពេញៈ អង្គប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា បានអនុម័ត​ប្រគល់​សេចក្តីព្រាងច្បាប់​ធម្មនុញ្ញ​ស្តីពី​វិសោធនកម្ម​មាត្រា​១៩ ថ្មី (​មួយ​)​មាត្រា​៨៩ មាត្រា​៩៨ ថ្មី មាត្រា​១០២ ថ្មី មាត្រា​១១៩ ថ្មី​(​មួយ​)​និង​មាត្រា​១២៥​ថ្មី​នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជា​ណា ចក្រ​កម្ពុជា និង​មាត្រា​៣ ថ្មី និង​មាត្រា​៤ ថ្មី នៃ​ច្បាប់​ធម្មនុញ្ញ​បន្ថែម​សំដៅ​ធានា​នូវ​ដំណើរការ​ជា ប្រក្រតី​នៃ​ស្ថាប័ន​ជាតិ ជូន​គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌ នៃ​រដ្ឋសភា ពិនិត្យ​សិក្សា​ហើយ​ធ្វើ​របាយការណ៍​ជូន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​វិញ​។

កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​ក្រោម​អធិបតីភាព​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​នៅ​ព្រឹក​ទី​១៩ ខែកក្កដា ឆ្នាំ​២០២២(រូបថតរដ្ឋសភា)

​ការសម្រេច​ប្រគល់​សេចក្តីព្រាងច្បាប់​ធម្មនុញ្ញ​នេះ ទៅ​ឲ្យ​គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌ នៃ​រដ្ឋសភា ពិនិត្យ​សិក្សា​បាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​ក្រោម​អធិបតីភាព​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​នៅ​ព្រឹក​ទី​១៩ ខែកក្កដា ឆ្នាំ​២០២២​នេះ​។​

​ឯកឧត្តម ឡេង ប៉េងឡុង អ្នកនាំពាក្យ​រដ្ឋសភា បាន​មានប្រសាសន៍​នៅក្នុង​សន្និសីទកាសែត​បន្ទាប់ពី​ចប់​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​ថា សេចក្តីព្រាងច្បាប់​ធម្មនុញ្ញ ស្តីពី​វិសោធនកម្ម​មាត្រា​១៩ ថ្មី (​មួយ​) មាត្រា​៨៩ មាត្រា​៩៨ ថ្មី មាត្រា​១០២ ថ្មី មាត្រា​១១៩ ថ្មី (​មួយ​) និង​មាត្រា​១២៥ ថ្មី នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះ​-​រាជាណាចក្រ​កម្ពុជា និង​មាត្រា​៣ ថ្មី និង​មាត្រា​៤ ថ្មី នៃ​ច្បាប់​ធម្មនុញ្ញ​បន្ថែម​សំដៅ​ធានា​នូវ​ដំណើរការ​ជា​ប្រក្រតី​នៃ​ស្ថាប័ន​ជាតិ​។ ចំពោះ​សេចក្តីព្រាងច្បាប់​នេះ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា បានសម្រេច​ប្រគល់ជូន​គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌ នៃ​រដ្ឋសភា ដើម្បី​ធ្វើការ​សិក្សា​ស្រាវជ្រាវ ហើយនឹង​សន្និដ្ឋាន​ធ្វើ​របាយការណ៍​ផ្តល់យោបល់​ជូន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​វិញ​។​

កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​ក្រោម​អធិបតីភាព​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​នៅ​ព្រឹក​ទី​១៩ ខែកក្កដា ឆ្នាំ​២០២២(រូបថតរដ្ឋសភា)

​ក្រៅពី​សេចក្តីព្រាងច្បាប់​ធម្មនុញ្ញ ក៏មាន​សេចក្តីព្រាងច្បាប់​ចំនួន​បី​ផ្សេងទៀត ដែល​គណៈកម្មាធិការ​អចិន្ត្រៃយ៍​អនុម័ត​ទទួល​យកមក​ពិនិត្យ​សិក្សា​មាន​៖
១- សេចក្តីព្រាងច្បាប់ ស្តីពី​ការអនុម័ត​យល់ព្រម​ឱ្យ​ព្រះរាជាណាចក្រ​កម្ពុជា​ចូល​ជា​ភាគី នៃ​អនុសញ្ញា​ស្តីពី​ជំនួយ​ក្នុងករណី​មាន​គ្រោះមហន្តរាយ​នុយក្លេអ៊ែរ ឬ​គ្រោះអាសន្ន​វិទ្យុសកម្ម​។​
២- សេចក្តីព្រាងច្បាប់ ស្តីពី​ការគ្រប់គ្រង​ចំណូល​មិនមែន​សារពើពន្ធ​។​
៣- សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​៖

  • កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​នៃ​តំបន់​សេដ្ឋកិច្ច​ពិសេស​ម៉ា​កាវ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ស្តីពី​ការលុបបំបាត់​ការយកពន្ធ​ត្រួតគ្នា​ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់ចំណូល និង​ការបង្ការ​ការ​គេចវេះ​ពន្ធ និង​ការចៀសវាង​ពន្ធ
  • កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល នៃ​សាធារណរដ្ឋ​តួ​ក​គី ស្តីពី​ការចៀសវាង​ការយកពន្ធ​ត្រួតគ្នា និង​ការបង្ការ​ការ​កិបកេង​បន្លំ​ពន្ធ​ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់ចំណូល​។​

​សូមជម្រាបថា អង្គសន្និបាត​គណៈកម្មាធិកា​រ​កណ្តាល​វិសាមញ្ញ​របស់​គណបក្ស​ប្រជាជន​កម្ពុជា កាលពី​ថ្ងៃទី​១៦-១៧ ខែកក្កដា ឆ្នាំ​២០២២ បាន​គាំទ្រ​ទាំងស្រុង​សំណើ​វិសោធនកម្ម​លើក​ទី​១០ នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សំដៅ​បម្រើ​ឧ​ត្ត​ម​ប្រយោជន៍​របស់​ជាតិ គឺ ៖ (​ទី​១)-​ការធានា​ឱ្យ​ស្ថាប័ន​កំពូល​របស់​ជាតិ ជាពិសេស អំណាច​នីតិ ប្រតិបត្តិ​ដែលមាន​បេសកកម្ម​ចម្បង​ក្នុងការ​ដឹកនាំ​ការងារ​ទូទៅ​របស់​រដ្ឋ មានដំណើរ​ការប្រព្រឹត្ត​ទៅដោយ​រលូន និង​ប្រកបដោយ​និរន្តរភាព​នៅ​គ្រប់​កាលៈទេសៈ និង (​ទី​២)- ការធានា​ការពារ និង​ថែរក្សា​ឱ្យបាន​នូវ​សន្តិភាព សន្តិសុខ​សង្គម សណ្តាប់ធ្នាប់​សាធារណៈ និង​ស្ថិរភាព​នយោបាយ​របស់​ប្រទេសជាតិ​នៅ​គ្រប់​កាលៈទេសៈ ដើម្បី ជា​គ្រឹះ​សម្រាប់​ការអភិវឌ្ឍ​ប្រទេសជាតិ​លើ​គ្រប់​វិស័យ និង​សេចក្តីសុខសាន្ត​របស់​ប្រជាជន​កម្ពុជា​។​

​សូមជម្រាបថា គណៈរដ្ឋមន្ត្រី​បាន​បញ្ជូន​សេចក្តីព្រាងច្បាប់​ធម្មនុញ្ញ​ស្តីពី​វិសោធនកម្ម​មាត្រាមួយ​ចំនួន​ទៅ​រដ្ឋសភា​កាលពី​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០២២ បន្ទាប់ពី​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០២២ បានសម្រេច​អនុម័ត​ទាំងស្រុង​។​
​ផ្អែក​តាម​អនុសាសន៍​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បានធ្វើ​សន្និសីទ​សារព័ត៌មាន​កាលពី​រសៀល​ថ្ងៃទី​១៤ ខែកក្កដា ឆ្ន​២០២២ ដើម្បី​បង្ហាញ​ដល់​អ្នកសារព័ត៌មាន ក៏ដូចជា​សាធារណជន​អំពី​គោលបំណង និង​ខ្លឹមសារ​នៃ​សេចក្តីព្រាងច្បាប់​ធម្មនុញ្ញ ដែលជា​សំណើ​ធ្វើ​វិសោធនកម្ម​លើក​ទី​១០ នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​សេចក្តីព្រាងច្បាប់​ធម្មនុញ្ញ​នេះ​ត្រូវបាន​សម្រេច​ឯកភាព​ដើម្បី​សុំ​ការអនុម័ត​ពី​ស្ថាប័ន​នីតិប្បញ្ញត្តិ​ក្នុងសម័យ​ប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០២២ កន្លងទៅ និង​ដែលមាន​ខ្លឹមសារ​ធ្វើ​វិសោធនកម្ម​ចំនួន ៨ មាត្រា ដែលមាន​ដូចជា មាត្រា​១៩​ថ្មី​(​មួយ​) មាត្រា​៨៩ មាត្រា​៩៨​ថ្មី មាត្រា​១០២​ថ្មី មាត្រា​១១៩​ថ្មី​(​មួយ​) និង​មាត្រា​១២៥​ថ្មី នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​មាត្រា​៣​ថ្មី និង​មាត្រា​៤​ថ្មី នៃ​ច្បាប់​ធម្មនុញ្ញ​បន្ថែម សំដៅ​ធានា​នូវ​ដំណើរការ​ជា​ប្រក្រតី​នៃ​ស្ថាប័ន​ជាតិ​។​

​ក្រុមប្រឹក្សាធម្មនុញ្ញ ក្រោម​អធិបតីភាព ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម​កិត្តិ​នីតិកោសល​បណ្ឌិត អ៊ឹម ឈុនលឹម ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ នៅ​ថ្ងៃទី​១៣ ខែកក្កដា​បាន​បើក​កិច្ចប្រជុំពេញអង្គ ដើម្បី​ពិនិត្យ និង​រៀបចំ​សេចក្តីក្រាបបង្គំទូលថ្វាយ​មតិ​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ ថ្វាយ​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជណាចក្រ​កម្ពុជា ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ទ្រង់​ពិគ្រោះ​មតិ​ក្រុមប្រឹក្សាធម្មនុញ្ញ តាមរយៈ​ព្រះរាជសារ​ចុះ​ថ្ងៃទី​០៨ ខែកក្កដា ឆ្នាំ​២០២២ ចំពោះ​សេចក្តីព្រាងច្បាប់​ធម្មនុញ្ញ​ស្តីពី វិសោធនកម្ម​មាត្រា​១៩ ថ្មី​(​មួយ​) មាត្រា​៨៩ មាត្រា​៩៨ ថ្មី មាត្រា​១០២ ថ្មី មាត្រា​១១៩ ថ្មី​(​មួយ​) និង​មាត្រា​១២៥ ថ្មី នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​មាត្រា​៣ ថ្មី និង​មាត្រា​៤ ថ្មី នៃ​ច្បាប់​ធម្មនុញ្ញ​បន្ថែម​សំដៅ​ធានា​នូវ​ដំណើរការ​ជា​ប្រក្រតី​នៃ​ស្ថាប័ន​ជាតិ​។​
​ជា​លទ្ធផល​នៃ​កិច្ចប្រជុំ ក្រុមប្រឹក្សាធម្មនុញ្ញ បាន​ក្រាបបង្គំ​ទូលថ្វាយ​ព្រះមហាក្សត្រ ដោយ​ផ្អែកលើ​មាត្រា​១៥៣​ថ្មី (​ពីរ មាត្រា​១៥១​ថ្មី​) មាត្រា​១៥៤​ថ្មី (​ពីរ មាត្រា ១៥២​ថ្មី​) និង​មាត្រា​១៥៥​ថ្មី (​ពីរ មាត្រា​១៥៣​ថ្មី​) នៃ​រដ្ឋធម្មនុញ្ញ ការស្នើសុំ​ធ្វើ​វិសោធនកម្ម​មាត្រា ១៩​ថ្មី​(​មួយ​) មាត្រា​៨៩ មាត្រា​៩៨ ថ្មី មាត្រា​១០២ ថ្មី មាត្រា​១១៩ ថ្មី​(​មួយ​) និង​មាត្រា​១២៥ ថ្មី នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​មាត្រា​៣ ថ្មី និង​មាត្រា​៤ ថ្មី នៃ​ច្បាប់​ធម្មនុញ្ញ​បន្ថែម សំដៅ​ធានា​នូវ​ដំណើរការ​ជា​ប្រក្រតី​នៃ​ស្ថាប័ន​ជាតិ អាចធ្វើ​ទៅបាន គឺ​ស្របតាម​បរិបទ​នៃ​សភាព ការណ៍​ជាក់ស្ដែង និង​ពុំមាន​អ្វី​ប៉ះពាល់​ដល់ ប្រព័ន្ធ​ប្រជាធិបតេយ្យ សេរី​ពហុបក្ស និង​របបរាជានិយម អាស្រ័យ​ដោយ​រដ្ឋធម្មនុញ្ញ ព្រមទាំង​ធ្វើឡើង​នៅពេល​ប្រទេសជាតិ​មិន​ឋិត​ក្នុង​ភាពអាសន្ន​។​

​គួរ​បញ្ជាក់ថា “​សេចក្តីព្រាងច្បាប់​ធម្មនុញ្ញ​” ត្រូវបាន​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០២២ បានសម្រេច​អនុម័ត​ទាំងស្រុង​៕ ដោយ​៖​ពល​ជ័យ​

ads banner