អភិបាលរងខេត្តសៀមរាប ៖ ក្នុងមួយៗឆ្នាំនៅលើពិភពលោក មានអ្នកស្លាប់ដោយសាថ្នាំជក់ប្រមាណ ១៥ពាន់នាក់

ខេត្តសៀមរាប ៖ លោក ពិន ប្រាកដ អភិបាលរងខេត្ត និងជាប្រធានអនុគណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ខេត្តសៀមរាប មានប្រសាសន៍ថា ក្នុងមួយៗឆ្នាំនៅលើពិភពលោកមានអ្នកស្លាប់ដោយសារថ្នាំជក់ប្រមាណ ១៥ពាន់នាក់ ។ បន្ថែមពីលើនេះ ការប្រើប្រាស់ថ្នាំជក់បានធ្វើឲ្យខាតបង់ថវិកាជាច្រើន និងបាត់បង់ចំណូលក្នុងគ្រួសារទៀតផង។ កន្លងមករាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការច្បាប់ និងលិខិតបទដ្ឋានគតិយុត្តមួយចំនួន ទាក់ទងនឹងការត្រួតពិនិត្យផលិតផលថ្នាំជក់នេះផងដែរ ។

លោក ពិន ប្រាកដ មានប្រសាសន៍បែបនេះ ក្នុងកិច្ចប្រជុំត្រួតពិនិត្យលទ្ធផល ការងារអនុគណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ ខេត្តសៀមរាប នាព្រឹកថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០២២ នៅសាលប្រជុំសាលាខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពី អង្គការដៃគូរផងដែរ ។

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង ដើមី្បជម្រាបជូនដំណឹងដល់អនុគណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ខេត្តសៀមរាប នូវទង្វើល្មើសទៅនឹងច្បាប់ ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ និងគតិយុត្តពាក់ព័ន្ធ និងស្វែងរកយន្តការប្រកបដោយប្រសិទ្ធភាព និង ឆ្លើយតបទៅបទល្មើសដែលមាន ។

លោក ពិន ប្រាកដ បានបន្តទៀតថា ក្នុងស្ថានភាពជាក់ស្ដែង យើងពិនិត្យឃើញថា ការអនុវត្តមានភាពខ្វះចន្លោះ និងជួបប្រទះនូវបញ្ហាជាច្រើន ដូចជាមានជនឆ្លៀតឱកាសផ្សព្វផ្សាយ និងដាក់តាំងលក់ផលិតផលថ្នាំជក់ដោយពុំបានគោរពតាមច្បាប់ជាធរមាន ហើយទោះជានៅក្នុងបរិបទកូវីដ-១៩ ដែលយើងជួបប្រទះកន្លងមក ឃើញថា គឺមានការប្រើប្រាស់ ផ្សព្វផ្សាយ ផលិត និងជក់ ដែលអាចបង្កឱកាសជាច្រើនដល់ការឆ្លងកូវីដ-១៩ ដោយអ្នកជក់ ដោះម៉ាស់ចេញ ដើម្បីជក់បារី ប៉ុន្តែក្រុមហ៊ុនថ្នាំជក់មិនបានកាត់បន្ថយការលក់បារីឡើយ ។ ផ្ទុយទៅវិញ បច្ចុប្បន្នក្រុមហ៊ុនថ្នាំជក់បានដាក់ចេញនូវយុទ្ធសាស្រ្តលក់ថ្មីៗសំបូរបែប ដើម្បីទាក់ទាញឲ្យមានអ្នកជក់បារី ដូចជាការទិញកញ្ចប់បារីពីអ្នកជក់វិញជាដើម ។ ជាងនេះទៅទៀត យើងឃើញថាក្រុមហ៊ុនបារីមួយចំនួនបានបង្កើនសកម្មភាពលើកតម្កើងមុខមាត់របស់ខ្លួន តាមរយៈកម្មវិធីសម្បុរសធម៌ ជួយសង្គមក្នុងពេលមានវិបត្តិ ។

លោក ពិន ប្រាកដ បានបន្តទៀតថា ទន្ទឹមនេះ លោក សុំឲ្យសមាជិក សមាជិកា នៃអង្គប្រជុំទាំងអស់ ចាប់អារម្មណ៍ទៅលើបញ្ហាបារីអេឡិចត្រូនិក និងផលិតផល អេចឈ៍ ធី ភី ដែលជាផលិតផលថ្នាំជក់ប្រភេទថ្មីដ៏មានគ្រោះថ្នាក់ ហើយកម្ពុជាយើងបានហាមឃាត់ ហើយមួយរយៈក្រោយមកនេះ វាត្រូវបានចែកចាយ និងប្រើប្រាស់ក្នុងចំណោមយុវជនគួរឲ្យបារម្ភ មិនថានៅតាមទីសាធារណៈ ឬដោយលួចលាក់ ។ បញ្ហាដែលចង់ឲ្យសមាជិកអង្គប្រជុំទាំងអស់ចូលរួមពិភាក្សាឲ្យបានផុសផុលឡើង ថាតើយើងគួរមានវិធានការយ៉ាងណាខ្លះដើម្បីដោះស្រាយប្រកបដោយប្រសិទ្ធភាព ៕ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner