រុក្ខទិវា ៩ កក្កដា និងទិវាមច្ឆជាតិ ១ កក្កដាឆ្នាំ២០២២ មន្ទីរកសិកម្មខេត្តរតនគិរី បាននាំយកកូនឈើចម្រុះ ១៦០០ ដើម និងកូនត្រី ២៥០០០ក្បាល ដាំនិងប្រលែងក្នុងភូមិសាស្រ្តស្រុកកូនមុំ ខេត្តរតនគិរី

រតនគិរី ៖ ដើម្បីអបអរសាទរបុណ្យរុក្ខទិវា ៩ កក្កដា និងទិវាមច្ឆាជាតិ១ កក្កដា ឆ្នាំ២០២២នេះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តរតនគិរីបាននាំយកកូនឈើចំនួន ១៦០០ ដើមនិងកូនត្រីចម្រុះចំនួន ២៥០០០ ក្បាល ដាំនិងប្រលែងក្នុងភូមិសាស្រ្តស្រុកកូនមុំ។ ទិវាទាំងពីរនេះប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី ១៩ ខែកក្កដាឆ្នាំ២០២២ ដែលរុក្ខទិវាប្រារព្ធធ្វើនៅទីតាំងអនុវិទ្យាល័យត្រពាំងក្រហម និងទិវាមច្ឆាជាតិប្រារព្ធធ្វើនៅទំនប់អូរភ្លង ឃុំត្រពាំងច្រេស ក្រោមអធិបតីភាព ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្ត ក្នុងគោលបំណងបំផុសប្រជាពលរដ្ឋ ចូលរួមចំណែកការពារ អភិរក្ស និង អភិវឌ្ឍន៍វិស័យព្រៃឈើនិងជលផល ក្នុងទិសដៅធានានិរន្តរភាពនៃធនធានព្រៃឈើនិងជលផល ដើម្បីផលប្រយោជន៍សេដ្ឋកិច្ចសង្គម និងបរិស្ថាន ។

ទាក់ទងនិងទិវាមច្ឆជាតិ ឯកឧត្តម ញ៉ែម សំអឿន បានលើកឡើងថា បច្ចុប្បន្ននេះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើកំណែទំរង់ស៊ីជម្រៅលើវិស័យជលផល ដោយបានធ្វើការកាត់ រំសាយចោលនូវឡូត៍នេសាទទឹកសាបទូទាំងប្រទេស ហើយប្រគល់ឲ្យសហគមន៍គ្រប់គ្រង និងប្រើប្រាស់ ប្រកបដោយនិរន្តភាព ដោយការធ្វើនេសាទជាលក្ខណៈគ្រួសារក្នុងគោលបំណងដើម្បីលើកស្ទួយជីវភាព រស់នៅ និងផ្គត់ផ្គង់ស្បៀងដល់ប្រជាពលរដ្ឋមូលដ្ឋាន ដើម្បីកាត់បន្ថយភាពក្រីក្រស្របតាមយុទ្ធសាស្ត្រ ចតុកោណរបស់រាជរដ្ឋាភិបាល។

ជាក់ស្តែងទិវាមច្ឆជាតិនាថ្ងៃនេះកូនត្រីចម្រុះប្រមាណ ២៥.០០០ក្បាល និងមេត្រីពូជមួយចំនួនទៀតដូចជា កូនត្រីក្រាញ់ ត្រីកន្ធរ ត្រីអណ្តែង ដើម្បីធ្វើឲ្យអាងទឹកនេះសម្បូរណ៍ទៅដោយត្រី សម្រាប់បម្រើសេចក្តីត្រូវការហូបចុករបស់ប្រជាពលរដ្ឋក្នុងតំបន់នេះ ៕

ដោយ គតិ យុត្ត

ads banner