ម៉ាឡេស៊ីរឹបអូសបំណែកសត្វកម្រ តម្លៃ ១៨លានដុល្លារ ដូចជា ភ្លុកដំរី ស្នែងរមាស ស្រកាពង្រូល
ក្លាំង៖ មន្ត្រីគយម៉ាឡេស៊ី បាននិយាយ កាលពីថ្ងៃទី១៨ ខែកក្កដា ថា ពួកគេបានរឹបអូសបំណែកសត្វកម្រ មានតម្លៃ ១៨ លានដុល្លារអាមេរិក ដែលគិតថា បានមកពីទ្វីបអាហ្រ្វិក រួមទាំងភ្លុកដំរី ស្នែងរមាស និងស្រកាពង្រូល ។
អាជ្ញាធរបានរារាំងការប៉ុនប៉ងរត់ពន្ធ កាលពីពេលថ្មីៗនេះ នៅពេលដែលពួកគេបានរកឃើញទំនិញខុសច្បាប់ នៅកំពង់ផែ ក្លាំង (Klang) នៃក្រុងក្លាំង នាតំបន់ឆ្នេរសមុទ្រភាគខាងលិច របស់ប្រទេសម៉ាឡេស៊ី ដែលលាក់នៅក្នុងកុងតឺន័រមួយ រួមជាមួយឈើ ។
ប្រធានផ្នែកគយម៉ាឡេស៊ី លោក Zazuli Johan បាននិយាយថា ការដឹកជញ្ជូននេះរួមមានភ្លុកដំរីប្រមាណ ៦,០០០ គីឡូក្រាម ដែលជាការរឹបអូសភ្លុកដំរីដ៏ធំបំផុតរបស់ម៉ាឡេស៊ី ក្នុងនោះ ក៏មានស្នែងរមាស ២៩គីឡូក្រាម ស្រកាពង្រូល ១០០គីឡូក្រាម និង លលាដ៍ក្បាលសត្វ ៣០០គីឡូក្រាម និងឆ្អឹងផ្សេងទៀតផងដែរ ។
និយាយអំឡុងសន្និសីទសារព័ត៌មាន នាពេលនោះ លោក Zazuli Johan បញ្ជាក់ទៀតថា ការរឹបអូសនេះ មានតម្លៃប៉ាន់ស្មាន ៨០ លានរីងហ្គីត (១៨ លានដុល្លារអាមេរិក) ដោយបន្ថែមថា វាត្រូវបានគេជឿថា បានមកពីទ្វីបអាហ្រ្វិក ដោយមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែម ។
លោក Zazuli បាននិយាយថា ម៉ាឡេស៊ីមិនមែនជាគោលដៅចុងក្រោយនៃការដឹកជញ្ជូននោះទេ ប៉ុន្តែមិនបានប្រាប់ថា ការប៉ុនប៉ងនាំបំណែកសត្វកម្រទាំងនោះទៅទីណាទេ ៕ ប្រភពពី CNA , ប្រែសម្រួលដោយ៖ សារ៉ាត