រដ្ឋមន្រ្តីក្រសួងអប់រំថ្លែងអំណរគុណអង្គការអប់រំពិភពលោកដែលបានជួយគាំទ្រវិស័យអប់រំនៅកម្ពុជា
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្ដីក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាតឱ្យប្រតិភូអង្គការអប់រំពិភពលោក ចូលជួបសម្ដែងការគួរសម នៅទីស្ដីការក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ នៅទីស្តីការក្រសួងអប់រំយុវជននិងកីឡា។
កិច្ចជំនួបនេះមានការចូលរួមក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្ដីក្រសួងអប់រំ យុវជន និងកីឡា ថ្នាក់ដឹកនាំក្រសួង ក្រុមការងារអង្គការអប់រំពិភពលោក។ ប្រតិភូអង្គការអប់រំពិភពលោក បានធ្វើបច្ចុប្បន្នភាពទៅលើគម្រោងដូចជា គម្រោង IPEA នៅកម្រិតបឋមសិក្សា គម្រោងកញ្ចប់អំណានថ្នាក់ទី១ ថ្នាក់ទី២ និងថ្នាក់ទី៣ ការចែកចាយកញ្ចប់អំណាន សៀវភៅជំនួយសិស្ស សៀវភៅពុម្ភមួយចំនួននៅតាមបណ្ដាសាលារៀន នៅតាមរាជធានី ខេត្ត ។
ឯកឧត្តមរដ្ឋមន្រ្ដី បានថ្លែងអំណរគុណដល់អង្គការអប់រំពិភពលោក ដែលបានជួយគាំទ្រវិស័យអប់រំ ដូចជាកញ្ចប់អំណានដំបូង នៅតាមសាលារៀនតាមបណ្ដាខេត្ត។ កិច្ចការ និងគម្រោងរបស់អង្គការអប់រំពិភពលោក មានសារៈសំខាន់ក្នុងការលើកកម្ពស់វិធីសាស្រ្ដបង្រៀន និងជួយដល់ការរៀនសូត្ររបស់សិស្សានុសិស្ស ដែលអាចឱ្យសិស្សានុសិស្សអាចរៀនចប់ប្រកបដោយគុណភាព ៕ ដោយ-រ៉ាវុធ