នៅពេលខាងមុខ សុនខ របស់អង្គភាព CMAC មិនត្រឹមតែធ្វើសកម្មភាព ហិតរកមីន ប៉ុណ្ណោះទេ តែនឹងជា សុនខ ថ្នាក់ជាតិ ដែលមានតួនាទី ពង្រឹងសន្តិសុខ ប្រឆាំងភេវកម្ម និងគ្រឿងញៀនផងដែរ

ខេត្តកំពង់ឆ្នាំង៖ នៅពេលខាងមុខ សុនខ របស់អង្គភាព CMAC មិនត្រឹមតែធ្វើសកម្មភាព ហិតរកមីនប៉ុណ្ណោះទេ តែនឹងជា សុនខ ថ្នាក់ជាតិ ដែលមានតួនាទី ពង្រឹងសន្តិសុខ ប្រឆាំងភេវកម្ម និងគ្រឿងញៀនផងដែរ ។ នេះជាប្រសាសន៍របស់ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បានថ្លែងនៅក្នុងឱកាសអញ្ជើញ ជាអធិបតី ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញបច្ចេកទេស កំទេចយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះកម្រិត៣ ជំនាន់ទី១១ និង វគ្គហ្វឹកហ្វឺនមូលដ្ឋានគ្រឹះ បោសសម្អាតមីន នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពមីន ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៩ ខែកក្កដាឆ្នាំ២០២២ ។

ឯកឧត្តមបានបន្តថា កាលមុនយើងបានបំផុសចលនាប្រជាពលរដ្ឋឲ្យរាយការណ៍ស្ដីអំពីគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ តាមរយៈ ការយកភាពយន្តទៅបញ្ចាំង នៅមូលដ្ឋាន ។ ក្រោយមកយើងបានទំនាក់ទំនងដោយផ្ទាល់ជាមួយប្រជាពលរដ្ឋ ដែលទទួលបានព័ត៌មានអំពីគ្រាប់មីន ត្រូវរាយការណ៍មកអង្គភាពស៊ីម៉ាក់ ឬអាជ្ញាធរមូលដ្ឋាន ដើម្បីទៅរំដោះយកគ្រាប់មីន ឬ គ្រាប់យុទ្ឋភ័ណ្ឌទាំងនោះ ។ នៅក្នុងអំឡុងឆ្នាំ ២០២១ យើងបានដោះយកគ្រាប់មីនជាង ១ពាន់គ្រាប់ តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ ។

បច្ចុប្បន្ន គ្រាប់មីនបានបន្សល់ទុកនៅលើផ្ទៃដីជាង ៧០០គីឡូម៉ែត្រក្រឡា ក្នុងនោះនៅផ្នែកខាងក្នុងប្រទេសមានប្រមាណជាង ៤០០គីឡូម៉ែត្រក្រឡា និងនៅតាមព្រំដែនជាង ៣០០គីឡូម៉ែត្រក្រឡា នេះយើងនិយាយតែអំពីគ្រាប់មីនតែប៉ុណ្ណោះ មិនទាន់និយាយ អំពីសំណល់ពីសង្គ្រាម មានអាវុធយុទ្ធភណ្ឌដែលមិនទាន់ផ្ទុះនោះទេ ។

កាលពីកន្លងទៅថ្មីៗនេះ សម្ដេចអគ្គ
មហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជាបានប្រកាសកៀគរ រកសប្បុរស់ជន នានា ដើម្បីគាំទ្រ ដល់ការដោះមីន រំដោះដី ជូនប្រជាពលរដ្ឋឱ្យអស់នៅក្នុងអំឡុងចុង ឆ្នាំ២០២៥ ដែលគិតមកដល់ពេលនេះ មូលនិធិរបស់សម្ដេចតេជោ បានពីសប្បុរសជនមានចំនួន ប្រមាណ ២០លានដុល្លារ ។

ឯកឧត្តម ហេង រតនា បានផ្ដាំផ្ញើដល់សិក្ខាកាមដែលបញ្ចប់វគ្គសិក្សានេះទៅ ត្រូវមានភាពស្មោះត្រង់ប្រកាន់ក្រមសីល ធម៌វិជ្ជាជីវៈខ្ពស់ ។ ត្រូវប្រកាន់ជំហរមួយជាដាច់ខាត គឺមុននឹងសម្រេចដោះគ្រាប់មីន ឬ កំទេចគ្រាប់មិនទាន់ផ្ទុះ ត្រូវរំលឹកមេរៀនចាស់ឡើងវិញជាមុនសិន កុំធ្វើសកម្មភាពបែបប្រថុយប្រថាន កុំស្មាន កុំហ៊ានភ្លេចខ្លួន ហើយកុំយកជីវិតទៅប្តូរបើគ្មានភាពច្បាស់លាស់ អង្គភាពគេធ្វើអ្វីខុស គេកែតម្រូវបាន ប៉ុន្តែអង្គភាពយើងតែខុសហើយគឺចប់តែម្ដង ។

បើតាមការបញ្ជាក់របស់ឯកឧត្តម ម៉ុង សុគន្ធារតន៍ ប្រធានវិទ្យាស្ថានបច្ចេកទេសសកម្មភាពមីន បានឲ្យដឹងថា ក្នុងវគ្គនេះមានសិក្ខាកាម២ផ្នែក ទី១ គឺហ្វឹកហ្វឺនជំនាញបច្ចេកទេសសម្តេចយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះកម្រិត៣ ជំនាន់ទី ១១ មានសិក្ខាកាម ចំនួន ២១នាក់ស្រី២នាក់ សិក្សា រយៈពេល ៤០ថ្ងៃ។ ផ្នែកទី២ ហ្វឹកហ្វឺនមូលដ្ឋានគ្រឹះបោសសំអាតមីន ដែលមានសិក្ខាកាមមកពីបុគ្គលិកអង្គ ការ APOPO មានចំនួន ៨នាក់ ក្នុងនោះមកពីប្រទេស Turkey ០២នាក់(ជាស្រ្តី) មកពីប្រទេស BOSNIA ចំនួន ០២នាក់ មកពីប្រទេស JORDAN ចំនួន ០៣នាក់និង និង មកពីប្រទេស COLOMBIAចំនួន ០១នាក់វគ្គសិក្សាមានរយៈពេល ១៥ថ្ងៃ ៕ សុខ គឹមសៀន

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner