រដ្ឋមន្រ្តីក្រសួងកសិកម្មអរគុណក្រសួងកសិកម្មជប៉ុន ដែលបាន អនុញ្ញាតឲ្យផលិតផលគ្រាប់ស្វាយចន្ទីនាំចូលទីផ្សារជប៉ុន

ភ្នំពេញ៖ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានថ្លែងអំណរគុណចំពោះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃប្រទេសជប៉ុន ដែលបានជួយគាំទ្រ និងផ្តល់កិច្ចសហ ប្រតិបត្តិការក្នុងការអភិវឌ្ឍ បណ្តុះបណ្តាលធនធានមនុស្ស លើវិស័យ កសិកម្មនិងអនុញ្ញាតឲ្យផលិតផលគ្រាប់ស្វាយចន្ទីនាំចូលទីផ្សារជប៉ុន។

លោកបន្តថា កិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរ បាននឹងកំពុង ចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យកសិកម្មកម្ពុជាឲ្យមានការរីកចម្រើន ធានាសន្តិសុខស្បៀង បង្កើនប្រាក់ចំណូល និងបង្កើន បរិមាណផលិតប្រកបដោយនិរន្តរភាព ធានាគុណភាព សុវត្ថិភាព តាមរយ:ការអនុវត្តបច្ចេកវិទ្យាថ្មីៗ សមស្រប ទំនើបទាន់សម័យ របស់ជប៉ុន។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្មបានលើកឡើងដូច្នេះនៅក្នុងកិច្ចពិភាក្សាការងារឯកឧត្តម មីយ៉ាហ្សាគី ម៉ាសាអូ( MIYAZAKI Masao) អនុរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃប្រទេសជប៉ុន នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀល ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២។

ប្រភពក្រសួងកសិកម្មបានឱ្យថា ក្នុងជំនួបនារសៀលថ្ងៃនេះឯកឧត្តម អនុរដ្ឋលេខាធិការក្រសួងកសិកម្មជប៉ុន បានលើកយកចំណុចសំខាន់ ចំនួនប្រាំមកពិភាក្សា ។ទី១- ពិនិត្យលើការអនុវត្ត សេចក្តី សម្រេចក្នុង កិច្ចប្រជុំអាស៊ាន បូក៣ កាលពីខែតុលា ឆ្នាំ២០២១ ស្តីពី “ការបង្កើត ប្រព័ន្ធស្បៀងអាហារប្រកបដោយនិរន្តរភាពនៅអាស៊ាន” ក្នុងនោះ ក៏មានកិច្ចសហការលើការស្រាវជ្រាវរួមគ្នា ការអនុវត្តបច្ចេក វិទ្យា កសិកម្ម ឆ្លាតវៃ (smart agriculture) ក្នុងនាមភាពជាដៃគូ។ ទី២- ស្ថាប័នស្រាវជ្រាវជប៉ុនកំពុងសហការ ជាមួយសាកលវិទ្យាល័យ ភូមិន្ទ កសិកម្ម ធ្វើការស្រាវជ្រាវអំពីវិធីសាស្រ្តគ្រប់គ្រងទឹកក្នុងស្រែ និងការ កាត់បន្ថយការបំភាយផ្ទះកញ្ចក់។ ទី៣- កានាំចេញគ្រាប់ ស្វាយចន្ទី កម្ពុជាទៅកាន់ទីផ្សារជប៉ុន ទី៤- ការគាំទ្ររបស់ជប៉ុន ក្នុងការស្តារ ព្រៃឈើ ឡើងវិញ និងទី៥-ស្នើសុំឲ្យភាគីកម្ពុជាជួយគាំទ្រ ផលិតផល កសិកម្មជប៉ុនដែលបាននាំចូលមកកម្ពុជា។

ក្រៅពីនេះ ឯកឧត្តម MIYAZAKI Masao ក៏បានជម្រាបឯកឧត្តម រដ្ឋមន្រ្តីផងដែរថា ភាគីជប៉ុនមានបំណងចង់ផ្តល់កិច្ចសហការលើ ការកសាងខ្សែច្រវាក់តម្លៃផលិតកម្ម និងបន្តខិតខំប្រឹងប្រែង កសាង ខ្សែច្រវាក់ផលិតកម្មគ្រាប់ស្វាយចន្ទី តាមរយ:ភ្នាក់ងារចៃកា( JICA) ឲ្យកាន់តែរីកចម្រើនថែមទៀតនាពេលអនាគត និងជួយលើការងារ ដាំឈើ។

ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានជម្រាបជូនភ្ញៀវអំពីសក្តានុពល នៃវិស័យកសិកម្ម ដំណាំសំខាន់ៗដែលមានអាទិភាពសម្រាប់នាំចេញ និងអធិរេកស្បៀង ដោយកម្ពុជាសល់ស្រូវ ជាង ៦លានតោន។ អ្វីដែលសំខាន់នោះ គឺកម្ពុជាត្រូវការការកសាងខ្សែច្រវាក់តម្លៃបន្ថែម ហេដ្ឋរចនាសម្ព័ន្ធគាំទ្រ ការពង្រឹងលើការផលិត កែច្នៃវត្ថុធាតុដើម និងការលើកកម្ពស់សមត្ថភាពផលិត គុណភាព ពិសេសការកែច្នៃ គ្រាប់ស្វាយចន្ទី គឺជាអាទិភាពខ្ពស់ដែលក្រសួងបាននិងកំពុងសហ ការជាមួយដៃគួអភិវឌ្ឍ និងវិស័យឯកជន ពិសេសភ្នាក់ងារចៃកា ធ្វើយ៉ាងណាបង្កើនសមត្ថភាពកែច្នៃ ឆ្លើយតបតាមស្តង់ដារ ទីផ្សារ ជប៉ុន។ ករណីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណជូន ចំពោះរាជរដ្ឋាភិបាលជប៉ុន តាមរយៈភ្នាក់ងារ ដែលបានសហការ ជាមួយក្រុមហ៊ុនជប៉ុនធ្វើការកែច្នៃគ្រាប់ស្វាយចន្ទី ហើយបរិមាណនាំ ចេញទៅកាន់ទីផ្សារជប៉ុនមានការកើនឡើងជាបន្តបន្ទាប់។
ក្នុង នាមរាជរដ្ឋាភិបាល ឯកឧត្តមរដ្ឋមន្ត្រីបានបង្ហញនូវឆន្ទ:គាំទ្រ និងផ្តល់កិច្ចសហការឲ្យកាន់តែល្អប្រសើរថែមទៀតលើចំណុចសំខាន់ៗទាំងប្រាំ ដែលឯកឧត្តម MIYAZAKI Masao បានលើកឡើង ខាងលើ។

ឯកឧត្តមរដ្ឋមន្ត្រីសង្ឃឹមថា តាមរយ:ដំណើរទស្សនកិច្ចរបស់ឯកឧត្តម MIYAZAKI Masao នៅកម្ពុជាលើកនេះ នឹងមានក្រុមហ៊ុន ជប៉ុន មកវិនិយោគលើវិស័យកសិកម្មបន្ថែមទៀតនាពេលអនាគត។ ក្នុងខណ:នេះដែរ ឯកឧត្តមរដ្ឋមន្រ្តីបានអំពាវនាវដល់វិស័យឯកជន ជប៉ុនមកវិនិយោគលើការកែច្នៃឈើ ដើម្បីធ្វើការនាំចេញ ឆ្លើយតបទៅ នឹងការកើនឡើងនូវផលិតផលក្នុងស្រុក ហើយជួបប្រទះបញ្ហា កង្វះ ទីផ្សារ៕ ដោយ៖ ជា សេឌី

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner