សម្ដេចក្រឡាហោម ស ខេង អនុញ្ញាតឱ្យ អនុរដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ជប៉ុន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

ភ្នំពេញ ៖ នារសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យឯកឧត្តម KADA Hiroyuki អនុរដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ជប៉ុន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារលើការមួយចំនួនដែលជាសមត្ថកិច្ចរបស់ក្រសួងយុត្តិធម៌ជប៉ុន រួមមាន៖ វិស័យយុត្តិធម៌, វិស័យពន្ធនាគារ និងវិស័យការងារអន្ដោប្រវេសន៍។

ឯកឧត្តម KADA Hiroyuki បានថ្លែងអំណរគុណចំពោះ សម្ដេចក្រឡាហោម ស ខេង ដែលបានចំណាយពេលវេលាទទួល ឯកឧត្តម ហើយឆ្លៀតឱកាសនេះ ក៏សូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា បានចូលរួមរំលែកទុក្ខដល់មរណភាពរបស់ អតីតនាយករដ្ឋមន្ដ្រីជប៉ុន ឯកឧត្តម ស៊ីនហ្សូ អាបេ។

ឯកឧត្តមអនុរដ្ឋមន្រ្តីបានបន្តលើកឡើងអំពីវិស័យយុត្តិធម៌ ដែលក្រសួងយុត្តិធម៌ជប៉ុន កំពុងរៀបចំកិច្ចប្រជុំមួយ ហៅថា «កិច្ចប្រជុំថ្នាក់រដ្ឋមន្ដ្រីយុត្តិធម៌ជប៉ុន-អាស៊ាន» ដែលកម្មវិធីនេះគ្រោងធ្វើឡើងនៅឆ្នាំ២០២៣ខាងមុខ ហើយនេះជាលើកទី១ ដែលអាស៊ានរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ដ្រីយុត្តិធម៌ ជាមួយប្រទេសក្រៅពីរង្វង់អាស៊ាន។ ឯកឧត្តមបានបន្តទៀតថា ការចែករំលែកតម្លៃជាសកល ដូចជា៖ និតិរដ្ឋ និងសិទ្ធិមនុស្ស គឺមានសារៈសំខាន់សម្រាប់សហគមន៍អន្ដរជាតិ ក្នុងនោះ កិច្ចសហប្រតិបត្តិការផ្នែកច្បាប់ គឺមានសារៈសំខាន់ក្នុងការលើកកម្ពស់ នៃការចែករំលែកគុណតម្លៃជាសកលនេះ។ ឯកឧត្តមបន្ដថា កិច្ចប្រជុំនេះ ត្រូវការធាតុចូលជាច្រើនពីបណ្ដាប្រទេសនានាក្នុងអាស៊ាន រួមទាំងកម្ពុជា ក៏ដូចជាមានការគាំទ្រពីប្រទេសកម្ពុជាផងដែរ។

ចំពោះវិស័យពន្ធនាគារ ឯកឧត្តម KADA Hiroyuki បានជម្រាបជូន សម្ដេចក្រឡាហោម ស ខេង ថា អង្គការសហប្រជាជាតិសម្រាប់ការទប់ស្កាត់ឧក្រិដ្ឋកម្ម និងប្រព្រឹត្តិចំពោះជនល្មើស ហៅកាត់ថា (UNAFEI) ដែលសហការជាមួយអង្គការ UNODC កំពុងរៀបចំសិក្ខាសាលាមួយនៅប្រទេសជប៉ុន ដើម្បីជំរុញការអភិវឌ្ឍ និងការផ្លាស់ប្ដូរធនធាន ការកសាងបណ្ដាញក្នុងវិស័យច្បាប់ និងយុត្តិធម៌។

ចំពោះការងារអន្ដោប្រវេសន៍ ឯកឧត្តម KADA Hiroyuki បានថ្លែងថា នៅដើមឆ្នាំ២០២២ ក្រសួងយុត្តិធម៌ជប៉ុន បានរៀបចំវេទិកាមួយហៅថា «វេទិកាអន្ដោប្រវេសន៍តូក្យូ» ដោយមានការចូលរួមផ្លាស់ប្ដូរព័ត៌មានពីស្ថាប័នពាក់ព័ន្ធផ្សេងៗ នៅក្នុងបណ្ដាប្រទេសអន្ដរជាតិ។ ឯកឧត្តម បានបញ្ជាក់ថា វេទិកានេះ ក៏គ្រោងរៀបចំធ្វើឡើងជាលើកទី២ នៅខែធ្នូ ឆ្នាំ២០២២ ខាងមុខ ខណៈ ឯកឧត្តម សង្ឃឹមថា រាជរដ្ឋាភិបាលកម្ពុជា នឹងចាត់បញ្ជូនគណៈប្រតិភូ ដើម្បីចូលរួមវេទិកាដ៏មានសារៈសំខាន់នេះផងដែរ។

ជាការឆ្លើយតប សម្ដេចក្រឡាហោម ស ខេង បានសង្ឃឹមថា កិច្ចសហប្រតិបត្តិការរវាង កម្ពុជា-ជប៉ុន ជាពិសេសក្នុងវិស័យច្បាប់កាន់តែមានការរីកចម្រើនទៅមុខទៀត។ ឆ្លៀតឱកាសនេះដែរ សម្ដេចក្រឡាហោម ក៏បានសម្ដែងការសោកស្ដាយចំពោះការបាត់បង់នូវ អតីតនាយករដ្ឋមន្ដ្រីជប៉ុន ឯកឧត្តម ស៊ីនហ្សូ អាបេ ជាឥស្សរៈជនមួយរូប បានរួមចំណែកក្នុងរក្សាសណ្ដាប់ធ្នាប់សង្គម ហើយការបាត់បង់ឯកឧត្តម គឺមិនត្រឹមតែជាការបាត់បង់ដ៏ធំរបស់ជប៉ុនប៉ុណ្ណោះទេ គឺជាបាត់បង់ឥស្សរៈជនដ៏មានតម្លៃមួយរូប របស់ពិភពលោកផងដែរ ។

ពាក់ព័ន្ធទៅនឹងកិច្ចសហប្រតិបត្តិការវិស័យច្បាប់ និងយុត្តិធម៌ សម្ដេចក្រឡាហោម ក៏សម្ដែងការគាំទ្រ ក្នុងការរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ដ្រីយុត្តិធម៌ជប៉ុន-អាស៊ាន។ សម្ដេច មានប្រសាសន៍ថា នេះគឺជាឱកាសដ៏ល្អសម្រាប់អាស៊ានផ្លាស់ប្ដូរបទពិសោធន៍ ពាក់ព័ន្ធនឹងវិស័យអនុវត្តច្បាប់ វិស័យយុត្តិធម៌ វិស័យពន្ធនាគារ និងវិស័យអន្ដោប្រវេសន៍ផងដែរ។ ពាក់ព័ន្ធទៅនឹងវិស័យពន្ធនាគារ សម្ដេចក្រឡាហោម បានលើកឡើងថា បច្ចុប្បន្នការងារពន្ធនាគារនេះគឺស្ថិតនៅក្រោមសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ និងមានកិច្ចសហប្រតិបត្តិការជាមួយក្រសួងយុត្តិធម៌ផងដែរ។

សម្ដេចក្រឡាហោម មានប្រសាសន៍បញ្ជាក់ថា «កម្ពុជាកំពុងតែមានការប្រឈមមួយ គឺការចង្អៀតណែនក្នុងពន្ធនាគារ» ដែលកន្លងមករាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ បានដាក់ចេញនូវវិធានការផ្សេងៗ ក្នុងនោះរួមមាន៖ ទី១-បន្ធូរបន្ថយទោស ដែលរាជរដ្ឋាភិបាល បានបង្កើតគណៈកម្មាធិការពិនិត្យ និងលើកលែងបន្ធូរបន្ថយទោស ក្នុងឱកាសបុណ្យជាតិផ្សេងៗ ,ទី២-ការអនុវត្តទោស នៅក្នុងសហគមន៍ និងទី៣-និងការដោះលែងដោយមានលក្ខខណ្ឌ។

លើវិស័យអន្តោប្រវេសន៍ សម្ដេចក្រឡាហោម បានបញ្ជាក់ថា ពីមុន ការងារនេះស្ថិតក្រោមអគ្គស្នងការដ្ឋាននគរបាលជាតិ ប៉ុន្តែដោយសារការងារនេះរីកកាន់តែធំទៅ ទើបរាជរដ្ឋាភិបាលសម្រេចបង្កើតអគ្គនាយកដ្ឋានអន្តោប្រវេសន៍បន្ថែមទៀត។ សម្ដេចបន្តថា សព្វថ្ងៃ ជនអន្តោប្រវេសន៍បរទេសកំពុងមានវត្តមាននៅកម្ពុជាប្រមាណ ៩ម៉ឺននាក់ ហើយរាជរដ្ឋាភិបាលកំពុងរៀបចំលិខិតបទដ្ឋានគតិយុត្តដើម្បីគ្រប់គ្រងការងារនេះ ៕ ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner