ឯកឧត្តម ស សុខា ការចូលរួមប្រកួតកីឡាសកលវិទ្យាល័យ ឆ្នាំ២០២២ គឺឪកាសដុះខាត់សមត្ថភាពនិស្សិត ដែលជាកីឡាជំនាញ និងអាជ្ញាកណ្តាល ចៅក្រម ត្រៀមស៊ីហ្គេម

ភ្នំពេញ ៖ ប្រតិភូអត្តពលិកទាំង៥ប្រភេទកីឡា បានជួបសំណេះសំណាលជាមួយ និងទទួលបានការលើកទឹកចិត្តពីឯកឧត្តមស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងឯកឧត្តមបណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន មុនចេញទៅចូលរួម ព្រឹត្តិការណ៍ប្រកួតកីឡាសកលវិទ្យាល័យ លើកទី២០ ឆ្នាំ២០២២ ដែលប្រទេសថៃទទួលធ្វើជាម្ចាស់ផ្ទះ ចាប់ដំណើរការប្រកួតពីថ្ងៃទី២៦ ខែកក្តដា ដល់ថ្ងៃទី៦សីហា ឆ្នាំ២០២២ខាងមុខនេះ ។
ដែលពិធីសំណេះសំណាលនេះបានធ្វើឡើងនារសៀលថ្ងៃទី១៩ ខែកក្តដា ឆ្នាំ២០២២ នៅសាលប្រជុំអគារហ្វឹកហ្វឹនកីឡា ក្នុងពហុកីឡដ្ឋានជាតិ ។
បើតាមការបញ្ជាក់របស់ឯកឧត្តម ព្រំ ប៊ុណ្ណយី អគ្គលេខាធិការរងសហព័ន្ធកីឡាសិស្សនិស្សិតកម្ពុជា បានអោយដឹងថា ប្រតិភូអត្តពលិកដែលត្រូវចេញដំណើរទៅចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតកីឡាសកលវិទ្យាល័យលើកនេះមាន ចំនួន៤៨រូប លើ៥ប្រភេទកីឡាសក្តានុពល មានដូចជា អត្តពលកម្ម ការ៉ាតេ ប៉េតង់ តេក្វាន់ដូWT និង គុនដាវ ។ ឯកឧត្តម បញ្ជាក់ថា អត្តពលិកទាំង៥ប្រភេទកីឡានេះ គឺសហព័ន្ធកីឡាសិស្សនិស្សិតកម្ពុជា បានផ្តល់អទិភាពជូនសហព័ន្ធសមីជាអ្នកជ្រើសរើសដោយផ្ទាល់ខ្លួនឯងផ្ទាល់ដោយកំណត់យកតែអត្តពលិកដែលកំពុងសិក្សានៅក្នុងគ្រឹះស្ថានឧត្តមសិក្សាប៉ុណ្ណោះ ដែលជាជ័យលាភីចំរាញ់ចេញពីការប្រកួតកីឡាឧត្តមសិក្សាជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២២ ទើបតែបញ្ចប់កាលពីពេលថ្មីកន្លងទៅនេះ។ អគ្គលេខាធិការរងរូបនេះ បានគូសបញ្ជាក់ទៀតថា ព្រឹត្តិការណ៍កីឡាសកលវិទ្យាល័យអាស៊ាន លើកទី២០នេះ មានប្រទេសចូលរួមចំនួន១១ ក្នុងតំបន់អាស៊ាន ។
ឯកឧត្តម ស សុខា បានលើកឡើងថា សម្រាប់ការប្រកួតកីឡាសកលវិទ្យាល័យ ដែលបានរៀបចំឡើងរៀងរាល់២ឆ្នាំម្តង ក្នុងគោលបំណងបំផុសចលនាឲ្យនិស្សិត កម្រិតឧត្តមសិក្សាចូលរួមលេងកីឡា ដើម្បីសុខភាព និងការីកចំរើនផ្នែកបញ្ញាស្មារតី ពិសេស បង្កើតការជួបជុំគ្នា ដើម្បីបង្កើតបរិយាកាសសន្តិភាព និងមិត្តភាព សាមគ្គីភាពប្រាស្រ័យទំនាក់ទំនងគ្នាឲ្យកាន់តែស្អិតរមួតរវាងនិស្សិតទាំង១១ប្រទេស ក្នុងតំបន់អាស៊ាន ។ ជាមួយគ្នានេះ សម្រាប់កម្ពុជា យកឱកាសចូលរួមក្នុងព្រឹត្តិការណ៍មួយនេះ ជាការដុះខាត់សមត្ថភាពនិស្សិតដែលជាកីឡាជំនាញ និងអាជ្ញាកណ្តាល ចៅក្រម ត្រៀមសម្រាប់ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ឯកឧត្តម រដ្ឋលេខាធិការ បានជម្រុញលើកទឹកចិត្តចំពោះអត្តពលិក អោយខិតខំប្រកួតអស់ពីសមត្ថភាព ហើយត្រូវប្រកាន់ខ្ចាប់នូវក្រមសីលធម៌ បទបញ្ជាបច្ចេកទេសនៃការប្រកួត ក្នុងនាមជាកីឡាករដើម្បីរក្សាអោយបាននូវតម្លៃរបស់ជាតិ និងនាំយកលទ្ធផលល្អមកកាន់មាតុប្រទេសវិញដោយសុវត្ថិភាព ។
គួររំលឹកថា ព្រឹត្តិការណ៍ប្រកួតកីឡាសកលវីទ្យាល័យអាស៊ានលើកទី២០ គ្រោងរៀបចំនៅប្រទេសហ្វីលីពីនក្នុងឆ្នាំ២០២០ ប៉ុន្តែដោយសាតែវិបត្តិជំងឺកូវីដ១៩ ក៏អាក់ខាកវិញ ហើយក៏ផ្ទេទៅកាន់ប្រទេសថៃទទួលរៀបចំវិញ ឆ្នាំ២០២២ ដោយកម្ពុជាជាស្នើរសុំកាលពីកិច្ចប្រជុំក្រុមប្រឹក្សាកីឡាសកលវិទ្យាអាស៊ានក្នុងឆ្នាំ២០១៩ នៅរាជធានីភ្នំពេញ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍សកលវិទ្យាល័យអាស៊ានលើកទី២០នេះ មានប្រទេសចូលរួមចំនួន១១ក្នុងតំបន់អាស៊ានលើកទី២០ រៀបចំនៅខេត្ត អ៊ូប៊ុនរ៉ាឆានី ប្រទេសថៃដំណើរការប្រកួតពីថ្ងៃទី២៦ ដល់ថ្ងៃ ទី៦សីហា ឆ្នាំ២០២២ ដោយមាន២៣ប្រភេទកីឡាដាក់ឲ្យប្រកួតប្រជែង ហើយសម្រាប់កម្ពុជាបញ្ជូនតែ៥ប្រភេទកីឡាសក្តានុពលចូលរួមប៉ុណ្ណោះ ដោយអត្តពលិកត្រូវចេញដំណើរទៅតាមរយៈរថយន្តក្រុងនាថ្ងៃទី២៥ ខែកក្តដានេះ៕
ដោយ ៖ សារ៉ាន ទីងី

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner