លោក ពូទីន ព្រមានថា ការផ្គត់ផ្គង់ឧស្ម័នរបស់សហភាពអឺរ៉ុបអាចនឹងបន្តធ្លាក់ចុះបន្ថែមទៀត
ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ថ្លែងថា វាជាកំហុសផ្ទាល់របស់ប្រទេសលោកខាងលិច ដែលលំហូរឧស្ម័នធម្មជាតិរបស់រុស្ស៊ីទៅកាន់អតិថិជនសហភាពអឺរ៉ុបបានធ្លាក់ចុះ ហើយបានព្រមានថា វាអាចនឹងបន្តធ្លាក់ចុះថែមទៀត ។
ថ្លែងទៅកាន់អ្នកសារព័ត៌មានរុស្ស៊ីនៅទីក្រុងតេហេរ៉ង់ លោក ពូទីន បាននិយាយថា បរិមាណឧស្ម័នដែលត្រូវបានបូមតាមបំពង់ Nord Stream ទៅកាន់ប្រទេសអាល្លឺម៉ង់នឹងធ្លាក់ចុះបន្ថែមទៀត គឺពី ៦០លាន ទៅ ៣០លានម៉ែត្រគូបក្នុងមួយថ្ងៃ ឬប្រហែលមួយភាគប្រាំនៃសមត្ថភាពរបស់វា ប្រសិនបើតួប៊ីនម៉ាស៊ីនមិនត្រូវបានផ្លាស់ប្តូរឱ្យបានលឿនទេនោះ។
លោក ពូទីន ក៏បានព្រមានប្រទេសលោកខាងលិចដែរថា ផែនការរបស់ខ្លួនក្នុងការកំណត់តម្លៃប្រេងរបស់រុស្ស៊ី ដែលជាផ្នែកនៃទណ្ឌកម្មរបស់ខ្លួនជុំវិញសង្គ្រាមអ៊ុយក្រែននោះ នឹងធ្វើឱ្យមានអស្ថិរភាពទីផ្សារប្រេងពិភពលោក ក៏ដូចជាធ្វើឱ្យតម្លៃកើនឡើងខ្ពស់។
ប្រធានាធិបតីរុស្ស៊ីរូបនេះបន្ថែមថា យើងកំពុងតែឮគំនិតឆ្កួតៗមួយចំនួនអំពីការកម្រិតបរិមាណប្រេងរបស់រុស្ស៊ី និងការកំណត់តម្លៃប្រេងរបស់រុស្ស៊ី… លទ្ធផលនឹងដូចគ្នា គឺការកើនឡើងនៃតម្លៃ… តម្លៃនឹងឡើងខ្ពស់៕ ប្រភព៖ Aljazeera ប្រែសម្រួល៖ ទីណា និងបុត្រា