សៀវភៅស្តីពី «ប្រជាធិបតេយ្យតាមបែបផែនចិន» ស្រាវជ្រាវចងក្រងឡើង ដោយលោកបណ្ឌិត ជា មុនីឬទ្ធិ ត្រូវបានផ្សព្វផ្សាយដល់មន្ត្រី សាស្រ្តាចារ្យ និស្សិត ជាច្រើនរូបនៅ បណ្ណាល័យ ព្រឹទ្ធសភា

ភ្នំពេញ៖ សៀវភៅស្តីពី «ប្រជាធិបតេយ្យតាមបែបផែនចិន» ត្រូវបានធ្វើការផ្សព្វផ្សាយនៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ នៅបណ្ណាល័យព្រឹទ្ធសភា ក្រោមវត្តមាន ឯកឧត្តម លឹម ប៊ុនហុក អគ្គលេខាធិការងតំណាងឯកឧត្តម អគ្គលេខាធិការព្រឹទ្ធសភា លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន និងមានការចូលរួមពីមន្ត្រីនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សាស្រ្តាចារ្យ និងនិស្សិត នៃសាកលវិទ្យាល័យអាស៊ីអ៉ឺរ៉ុប ជាច្រើនរូប ។

ឯកឧត្តម លឹម ប៊ុនហុក អគ្គលេខាធិការរងព្រឹទ្ធសភា បានថ្លែងនូវការកោតសរសើរចំពោះកិច្ចខិតខំសិក្សាស្រាវជ្រាវរបស់លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ហើយតាមរយៈសៀវភៅស្តីពីប្រជាធិបតេយ្យតាមបែបផែនចិនដែលជាស្នាដៃបន្ថែមថ្មីរបស់លោកបណ្ឌិត ជា មុនីឫទ្ធិ នឹងផ្តល់ជាប្រទីបបំភ្លឺផ្លូវដល់អ្នកសិក្សាស្រាវជ្រាវនានាក្នុងការឈ្វេងយល់ពីប្រទេសចិនបន្ថែមលើសៀវភៅជាច្រើនដែលសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនបានសិក្សាស្រាវជ្រាវ និងបកប្រែ ដូចជាសៀវភៅ ស៊ី ជីនភីង៖ អភិបាលកិច្ចប្រទេសចិនដែលបានបកប្រែមកជាខេមរភាសាជាដើម។

ឯកឧត្តមក៏បានលើកទឹកចិត្តដល់អង្គពិធីជាពិសេសមន្ត្រីអគ្គលេខាធិការដ្ឋានព្រឹទ្ធសភានិងនិស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុបដែលបានចូលរួមក្នុងកម្មវិធីនាព្រឹកនេះបន្តការអានដោយយកចិត្តទុកដាក់លើកម្រងឯកសារស្នាដៃស្រាវជ្រាវរបស់លោកបណ្ឌិត ជា មុនីឫទ្ធិ ហើយជំរុញឱ្យបណ្ណាល័យបន្តកិច្ចសហការជាមួយសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនក្នុងការបង្កើនបរិមាណសៀវភៅសិក្សាស្រាវជ្រាវពីប្រទេសចិន។

តាមរយៈសៀវភៅដែលទើបបោះពុម្ពនេះ លោកបណ្ឌិត ជា មុនីឫទ្ធិ បានរំលេចពីបញ្ញត្តិប្រជាធិបតេយ្យដោយបញ្ជាក់ថាលទ្ធិប្រជាធិបតេយ្យមិនមែនជាគំរូឯកសណ្ឋាន ឬការកំណត់រចនាសម្ព័ន្ធដូចគ្នាទាំងស្រុងសម្រាប់គ្រប់ប្រទេសនានាជុំវិញពិភពលោក នោះទេ ។ ប្រសិនជាយើងចង់កំណត់ថាតើប្រទេសមួយមាន ឬមិនមានលទ្ធិប្រជាធិបតេយ្យ គួរតែទុកឲ្យប្រជាជននៃប្រជាជាតិនោះជាអ្នកឆ្លើយ ហើយផ្ទៀងផ្ទាត់នឹងលក្ខខណ្ឌជីវភាពរស់។ ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តចិនដែលមានឯកឧត្តម ស៊ី ជីនភីង ជាស្នូលបានបង្ហាញថា នៅឆមាសទីមួយឆ្នាំ២០២២ ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិន គឺ៥៦,២៦៤២ទ្រីលានប្រាក់យាន់ចិន បើគិតជាតម្លៃថេរនោះបានកើនជាង២,៥ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២១។

ប្រទេសចិនគឺជាប្រទេសមហាអំណាចសេដ្ឋកិច្ចទី២របស់ពិភពលោកប្រកបដោយភាពធន់។ នៅឆ្នាំ២០២១ ប្រជាជនចិនម្នាក់ៗមានចំណូលប្រចាំឆ្នាំ ១២០០០ដុល្លារ ច្រើនជាងប្រជាជនជុំវិញពិភពលោកជាមធ្យមក្នុងមនុស្សម្នាក់ៗ ដែលនេះជាតួលេខដែលប្រទេសចិនបានប្រកាសជាផ្លូវការ។

លទ្ធិប្រជាធិបតេយ្យបែបផែនចិនអនុញ្ញាតឱ្យប្រជាជនកសាងភាពរីករាយ និងអភិវឌ្ឍរួមគ្នា ក៏ដូចជាអនុញ្ញាតឱ្យប្រជាជនសម្រេចចិត្តសម្រាប់ការអភិវឌ្ឍជាតិ។ លទ្ធិប្រជាធិបតេយ្យនេះធានាតាមរយៈប្រព័ន្ធទូលំទូលាយ ក៏ដូចជាអនុវត្ត និងផ្សព្វផ្សាយតាមរយៈការរៀបចំនយោបាយ បច្ចេកទេស និងវិទ្យាសាស្ត្រជាមុន។ លើសពីនេះ វឌ្ឍនភាពនៃសេដ្ឋកិច្ចរបស់ចិនបានចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចពិភពលោកនិយាយរួម ភាពរីកចម្រើននៃសេដ្ឋកិច្ចប្រទេសកម្ពុជា។ គំរូភាពនៃលទ្ធិប្រជាធិបតេយ្យតាមបែបផែនចិនក៏បានផ្តល់នូវប្រយោជន៍យ៉ាងច្រើនដល់ភាពរឹងមាំនៃប្រជាធិបតេយ្យមូលដ្ឋាននៅក្នុងប្រទេសកម្ពុជា។

លោកបណ្ឌិតក៏បានរំលេចផងដែរពីខួប ៦៤ឆ្នាំនៃទំនាក់ទំនងការទូតរវាងកម្ពុជា និងចិន និងបានចូលរួមអបអរសាទរខួប ១០១ឆ្នាំនៃថ្ងៃបង្កើតបក្សកុម្មុយនិស្តចិនផងដែរ។

លោកស្រី កែវ វណ្ណារិទ្ធ ប្រធានបណ្ណាល័យព្រឹទ្ធសភាក៏បានគូសបញ្ជាក់ពុទ្ធិថ្មីដែលលោកស្រីទទួលបានពីការផ្សព្វផ្សាយសៀវភៅនាថ្ងៃនេះ ហើយលោកស្រីក៏បានថ្លែងអំណរគុណដល់មិត្តចិនការចូលរួមកែលម្អនិងធ្វើទំនើបកម្មដល់បណ្ណាល័យព្រឹទ្ធសភា និងវាយតម្លៃខ្ពស់ចំពោះសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនក្នុងការចាក់បញ្ចូលនូវបរិមាណឯកសារស្រាវជ្រាវពីប្រទេសចិនដល់បណ្ណាល័យព្រឹទ្ធសភាផងដែរ។

លោកស្រីក៏បានលើកទឹកចិត្តដល់សាធារណជនមកបណ្ណាល័យព្រឹទ្ធសភាដើម្បីឈ្វេងយល់ពីប្រទេសចិនតាមរយៈឯកសារ និងបទបង្ហាញនានាដែលលោកបណ្ឌិត ជា មុនីឫទ្ធិបានចែករំលែក។

គួរបញ្ជាក់ផងដែរថា សៀវភៅស្តីពី «ប្រជាធិបតេយ្យតាមបែបផែនចិន» ស្រាវជ្រាវចងក្រងឡើង ដោយលោកបណ្ឌិត ជា មុនីឬទ្ធិ បានចងក្រងឡើងចំនួន ៨០ទំព័រ និងចែកចេញជា ៣ជំពូក សំខាន់ៗ ក្នុងនោះមានដូចជា៖ ជំពូកទី១ ៖ សង្គមនិយមតាមបែបផែនចិន , ជំពូកទី២ ៖ ឧត្តមគតិតាមបែបផែនចិន និងទីជំពូកទី៣៖ ការទូតតាមបែបផែនចិន ។ ជាមួយនិងការធ្វើបឋកថា សៀវភៅនេះ ដល់មន្រ្តីនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សាស្រ្តាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យអាស៊ីអ៊ឺរ៉ុប ក៏មានការបើកឱ្យអង្គពិធីទាំងមូលចោទសួរនូវចំណុចណាមួយដែលមិនយល ហើយលោកបណ្ឌិត ជា មុនីឬទ្ធិ ក៏បានធ្វើការពន្យល់យ៉ាងក្បោះក្បាយទៅនិងចម្ងល់ទាំងអស់នេះផងដែរ៕ ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner