កម្ពុជាសម្តែងការសោកស្ដាយចំពោះរបាយការណ៍របស់ក្រសួងការបរទេសអាមេរិក ចាត់ថ្នាក់កម្ពុជាមិនបានប្រឹងប្រែងលុបបំបាត់ការជួញដូរមនុស្ស

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានសម្តែងការសោកស្តាយចំពោះរបាយការណ៍របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ដែលចាត់ថ្នាក់កម្ពុជា ស្ថិតក្នុងកម្រិតទាបក្នុងសកម្មភាពលុបបំបាត់ការជួញដូរមនុស្ស។ ការដាក់ចំណាត់ថ្នាក់នេះ កម្ពុជាពិតជាមិនអាចទទួលយកបានទេចំពោះរបាយការណ៍នេះ ខណៈដែលកម្ពុជាបានខិតខំយ៉ាងខ្លាំងក្នុងការលុបបំបាត់អំពើជួញដូរមនុស្ស និងការពារជនរងគ្រោះ។ ការសម្តែងការសោកស្តាយនេះ បន្ទាប់ពីក្រសួងការបរទេសអាមេរិកចេញរបាយការណ៍ស្ដីពីការជួញដូរមនុស្សប្រចាំឆ្នាំ កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ បានបង្ហាញថា ប្រទេសកម្ពុជាស្ថិតក្នុងបញ្ជីតាមដានចំណាត់ថ្នាក់២ ក្នុងរបាយការណ៍របស់សហរដ្ឋអាមេរិក ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ។

លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការ នៃក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានមានប្រសាសន៍ថា វាជារឿងដែលគួរឱ្យខកចិត្ត និងសោកស្ដាយ ដោយសារថា អ្នកណាក៏ដឹងដែរថា រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសគណៈកកម្មាធិការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្សតាំងពីថ្នាក់ជាតិដល់ថ្នាក់មូលដ្ឋាន រួមនឹងដៃគូជាតិនិងអន្តរជាតិ រួមទាំងអង្គការសហប្រជាជាតិថែមទៀតដែលបានសហការគ្នាធ្វើការងារយ៉ាងសកម្ម បើទោះបីថានៅអំឡុងឆ្នាំ២០២១ ឬដើមឆ្នាំ២០២២ ដែលស្ថិតនៅក្នុងស្ថានភាពដ៏លំបាកនៃកូវីដ-១៩ ឬមួយផលប៉ះពាល់នៃវិបត្តិសេដ្ឋកិច្ចពិភពលោកយ៉ាងណាក៏ដោយ ក៏យើងនៅតែពុះពារធ្វើការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គឺមិនដែលខកខានហើយមិនដែលរួញរាយទេ ហើយក៏បានបំពេញនៅគោលការណ៍ជាច្រើនដែលពាក់ព័ន្ធជាមួយនឹងយុទ្ធសាស្ត្រទាំង៤ ដែលយើងបានកំណត់ មានទាំងការបង្ការទប់ស្កាត់ការអនុវត្តច្បាប់ និងយុត្តិធម៌ ក៏ដូចជាកិច្ចការពារជនរងគ្រោះ និងកិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិ ដែលយើងមើលឃើញថា មានលទ្ធផលធំៗជាច្រើន ហើយបានធ្វើការបង្ក្រាបច្រើនករណីជាងឆ្នាំ២០២០ កន្លងមកទៅទៀត។

លោកជំទាវបានបន្តថា នៅពេលដែលយើងទទួលបានលទ្ធផល គឺចំណាត់ថ្នាក់ដែលកម្ពុជាទទួលបាន គឺបែរជាចុះទាបទៅវិញ។ រឿងដែលគួរឱ្យឆ្ងល់ និងពិបាកនឹងយល់ គឺថាកម្ពុជាមានការប្តេជ្ញាចិត្តនៅក្នុងការធ្វើកិច្ចសហការជាមួយគ្នា ដែលសូម្បីស្ថានទូតសហរដ្ឋអាមេរិកបានអះអាងជាមួយកម្ពុជាថា យើងនឹងខិតខំពង្រឹងកិច្ចសហប្រតិបត្តិការឱ្យបានកាន់តែជិតស្និទ្ធ ហើយធ្វើការរួមគ្នារហូតដល់បានទទួលឱ្យអ្នកជំនាញខាងស៊ើបអង្កេតនៅសហរដ្ឋអាមេរិកដាក់ទីតាំងស្នាក់ការនៅអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីឱ្យមានការពិគ្រោះយោបល់ ឬមួយក៏ពិភាក្សាយោគយល់នៅក្នុងសកម្មភាពជាមួយគ្នា ក៏ដូចជាមានអ្នកមកធ្វើការងារផ្នែករបាយការណ៍ជាមួយនឹងខាងគណៈកម្មាធិការជាតិ ស្រាវជ្រាវព័ត៌មាន ហើយយើងក៏បានឃើញថា សហរដ្ឋអាមេរិកបានផ្តល់នៅជំនួយទៅដល់អង្គការដៃគូររបស់អាមេរិកមួយចំនួន ដើម្បីធ្វើការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដែលហៅថាជាការជជួយបំពេញបន្ថែមទៅដល់រាជរដ្ឋាភិបាល។

លោកជំទាវ ជូ ប៊ុនអេង បានបញ្ជាក់ថា “យើងក៏អត់យល់ដែរថា នៅអំឡុងពេលដែលយើងធ្វើការជាមួយគ្នា ក៏យើងមិនបានទទួលការណែនាំថា តើយើងមានអីដែលខ្វះខាត ឬមួយក៏ថាគួរតែបំពេញបន្ថែមផ្នែកអី ឬឃើញមានបញ្ហាកន្លែងណាដែល យើងត្រូវកែលម្អមុនពេលដែលធ្វើការវាយតម្លៃ ហើយទីបំផុតយើងបានទទួលការវាយតម្លៃបែបនេះ ក៏មានន័យថា វាមានដាក់បញ្ចូលនៅកិច្ចខិតខំប្រឹងប្រែងរបស់អាមេរិកខ្លួនឯងដែរ ពីព្រោះពាក់ព័ន្ធទៅនិងកិច្ចសហប្រតិបត្តិការដែលយើងបានធ្វើការជាមួយគ្នាកន្លងមក”។

លោកជំទាវបានបន្តទៀតថា ជាការពិតទៅរៀងរាល់ឆ្នាំអាមេរិកតែងតែវាយតម្លៃប្រទេសផ្សេងៗលើពិភពលោក ប៉ុន្តែកន្លងមកកម្ពុជាបានធ្វើឱ្យមានការទទួលស្គាល់ក្នុងចំណាត់ថ្នាក់លេខ២ និងឆ្នាំបន្ទាប់ចុះមកកាន់លេខ២កន្លះ រយៈពេលពីរឆ្នាំជាប់ៗគ្នា ហើយជាគោលការណ៍របស់គេ នៅឆ្នាំទី៣ គេនឹងបញ្ចុះមកដល់លេខ ៣ដោយស្វ័យប្រវត្តិ។ លោកជំទាវបានពន្យល់ថា បើសិនជាស្ថិតក្នុងចំណាត់ថ្នាក់លេខ២ មានន័យថាស្ថិតក្នុងស្ថានភាពមួយដែលប្រទេសនោះខិតខំប្រឹងប្រឺង ឆ្លើយតបអស់ពីសមត្ថភាព តែនៅមានសេសសល់ចំណុចខ្លះដែលត្រូវបំពេញបន្ថែម តែបើសិនស្ថិតក្នុងលេខ៣ មានន័យថា ជាប្រទេសព្រងើយកន្ដើយមិនខ្វាយខ្វល់ពីការប្រឆាំងអំពើជួញដូរមនុស្ស ហើយអាមេរិកនឹងដាក់ទណ្ឌកម្ម តាមរយៈការកៀរគរឱ្យមានការបន្ថយជំនួយ ក្រោមការចោទថា មិនដោះស្រាយការជួញដូរមនុស្ស៕
ដោយ៖ពលជ័យ

ads banner