ជំនន់ទឹកភ្លៀង បណ្តាលឲ្យលិចផ្សារវាលយន្ត ក្រុងស្វាយរៀងក្នុងរយៈពេលខ្លី និងលិចស្រូវព្រោះ របស់ពលរដ្ឋអស់មួយចំនួននៅខេត្តស្វាយរៀង

ស្វាយរៀង៖ ភ្លៀងធ្លាក់ជាប់ៗគ្នារយៈពេល ៣ ថ្ងៃគឺថ្ងៃទី១៩.២០.២១ខែកក្កដាឆ្នាំ២០២២នេះ បណ្ដាលឲ្យផ្សារវាលយន្តក្រុងស្វាយរៀង តាមផ្លូវនានា ស្រូវព្រោះ មួយចំនួនរបស់ប្រជាពលរដ្ឋបានជន់លិចដោយជំនន់ទឹកភ្លៀងនៅខេត្តស្វាយរៀង។ យោងតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋនៅតាមបណ្ដាស្រុក ក្រុង នៅខេត្តស្វាយរៀង បានឲ្យដឹងថា ភ្លៀងរយៈពេល ៣ថ្ងៃនេះបានធ្វើឲ្យជន់លិច ស្រូវព្រោះ ផលដំណាំ ជាពិសេសផ្លូវនានាមួយចំនួនពិបាកធ្វើដំណើរដោយមានសភាពរអិលខ្លាំង។

ជាមួយគ្នានេះផ្សារវាលយន្តក្រុងស្វាយរៀងដែលជាទីផ្សារដ៏ធំមួយ ក៏បានជន់លិចដែលធ្វើឱ្យអាជីវករពិបាកលក់ដូរ ហើយជំនន់ទឹកភ្លៀងនេះពុំបានជន់លិចយូរនោះទេ ព្រោះអាជ្ញាធរ មន្ទីរ ដែលពាក់ព័ន្ធបានរៀបចំប្រពន្ធលូនៅតាមផ្លូវក្នុងក្រុងស្វាយរៀងធំទូលាយជាងមុន ដែលអាចរំដោះទឹកបានក្នុងរយៈពេល ២ទៅ៣ម៉ោងប៉ុណ្ណោះ។

ទោះបីយ៉ាងណាអាជ្ញាធរក្រុងស្វាយរៀងបានដាក់កម្លាំងកាយសំរាមដែលនៅស្ទះមាត់លូ ដើម្បីបញ្ជៀសការស្ទះលូផងដែរ ហើយចំពោះការជន់លិចស្រូវពង្រោះនៅតាមបណ្ដា ស្រុក ក្រុង មួយចំនួននៅខេត្តស្វាយរៀង ប្រជាពលរដ្ឋបានដាក់ម៉ាសុិនបូមទឹកចេញពីស្រែ តែដោយសារជំនន់ទឹកភ្លៀងធ្លាក់លិចដីស្រែច្រើន ធ្វើឲ្យស្រូវព្រោះរបស់ពលរដ្ឋខ្លះរលួយនិងមិនដុះ ជាហេតុធ្វើឱ្យប្រជាពលរដ្ឋបង្ខំចិត្តរង់ចាំទឹកស្រក ទើបព្រោះស្រូវម្ដងទៀត។

ចំពោះស្ថានភាពស្រូវពង្រោះ និងស្រូវសន្ទូង របស់ប្រជាពលរដ្ឋនៅខេត្តស្វាយរៀង នៅតាមបណ្តាស្រុកក្រុងខ្លះក៏បានព្រោះស្រូវរួចរាល់ហើយដែរ និងស្រុកខ្លះទៀតគឺកំពុងព្រោះស្រូវ ដោយសារទើបតែទទួលបានរបាយទឹកភ្លៀងធ្លាក់ប៉ុន្មានថ្ងៃនេះតែប៉ុណ្ណោះ ហើយសម្រាប់ខេត្តស្វាយរៀង ការស្ទូងស្រូវរបស់ប្រជាពលរដ្ឋពុំសូវឃើញទៀតនោះទេ ឃើញតែពលរដ្ឋធ្វើស្រូវពង្រោះ ព្រោះពលរដ្ឋចាត់ទុកថា ការព្រោះស្រូវចំណេញពេលវេលាជាងការស្ទូងស្រូវដែលប្រើពេលយូរ ហើយពិបាករកកំលាំងពលកម្មដោយសារខេត្តស្វាយរៀង ពលរដ្ឋមួយចំនួនធំបានចូលធ្វើការងារនៅតាមរោងចក្រ សហគ្រាស ដូច្នេះពុំសូវមានអ្នកចាប់អារម្មណ៍ស្ទូងស្រូវទៀតនោះទេ។

សូមបញ្ជាក់ថាយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយម បានឲ្យដឹងថា ស្ថានភាព ភ្លៀង ធ្លាក់ រាយប៉ាយ ពី មធ្យម ដល់ ច្រើន នៅក្នុង ក្របខណ្ឌ ទូទាំងប្រទេស ដោយសារ ឥទ្ធិពល ជ្រលង នៃ ប្រព័ន្ធ សម្ពាធ ទាប និង ខ្យល់មូសុង និរតី កម្រិត បង្គួរ បន្ត មាន ដល់ ថ្ងៃទី ២១ ខែកក្កដា ទើប ចុះខ្សោយ បន្តិច វិញ ក្រោយពេល ប្រព័ន្ធ សម្ពាធ ទាប នៅលើ ប្រទេស ថៃ ឡាវ និង វៀតណាម បាន រំ កិលឡើងទៅ ខាងលើ ( ជើង ) បន្តិច វិញ ៕ ដោយ ៖ នុត នាង

ads banner