បុរសម្នាក់ស្លាប់ពេលបញ្ចូនទៅដល់មន្ទីរពេទ្យ និងម្នាក់ទៀតកំពុងសង្គ្រោះបន្ទាន់ បន្ទាប់ពីជិះម៉ូតូឌុបគ្នាទៅបុកជាមួយរថយន្តព្រូស ពេញទំហឹង
ភ្នំពេញ ៖ បុរសពីរនាក់បានជិះម៉ូតូឌុបគ្នាយ៉ាងលឿន ជ្រុលទៅបុករថយន្តព្រូសចំពាក់កណ្តាលពេញទំហឹង បណ្ដាលឲ្យម្នាក់ស្លាប់ពេលបញ្ចូនទៅដល់មន្ទីរពេទ្យ និងម្នាក់ទៀតកំពុងសង្គ្រោះបន្ទាន់ ។ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលម៉ោង ១១និង៤០នាទីយប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវលេខ១៦៣ កែងនឹងផ្លូវលេខ៣៥០ ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
តាមប្រភពពត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់រួមដំណើរជាមួយមនុស្ស៥នាក់ទៀត មានស្រីមានប្រុស បានបើករថយន្តម៉ាកតូយ៉ូតាព្រូស ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2AV-2435 បើកបរតាមបណ្តោយផ្លូវលេខ១៦៣ ក្នុងទិសដៅពីជើងមកត្បូង ខណៈមកដល់ចំណុចកើតហេតុដែលជាផ្លូវបំបែកជាបួន ស្រាប់តែគេឃើញមានបុរស ២នាក់ ជិះម៉ូតូធុនធំពណ៌ខៀវជិះឌុបគ្នា តាមបណ្តោយផ្លូវ៣៥០ ក្នុងទិសដៅពីកើតមកលិចយ៉ាងលឿន មកដល់ផ្លូវបំបែកជាបួន មិនបង្អង់ក៏ជ្រុលទៅបុករថយន្តតូយ៉ូតាព្រូស ចំកណ្តាលទ្វារចំហៀងខាងឆ្វេងពេញទំហឹង បណ្តាលឲ្យដួលប៉ើងចេញពីម៉ូតូបោកក្បាលនៅនឹងថ្នល់រងរបួសធ្ងន់ទាំងពីរនាក់ ត្រូវបានរថយន្តសាមុយ ដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗ ។
ពេលបញ្ជូនដល់មន្ទីរពេទ្យ ដោយជនរងគ្រោះមានឈ្មោះយ៉ែម ផាត រងរបួសធ្ងន់ពេកបានស្លាប់នៅឯមន្ទីរពេទ្យ។ ចំណែកបុរសម្នាក់ទៀត នៅមិនទាន់ស្គាល់អត្តសញ្ញាណ បានរងរបួសធ្ងន់ កំពុងសង្រ្គោះបន្ទាន់នៅឯមន្ទីរពេទ្យឯកជនមួយកន្លែង។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ឃាត់ម្ចាស់រថយន្តយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទួលស្វាយព្រៃទី១ ដើម្បីសួរនាំបន្ត រួចទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ ចុះមកវាស់វែងយករថយន្តនិងម៉ូតូជនរងគ្រោះ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំឲ្យភាគីទាំងសងខាង ដោះស្រាយគ្នានៅពេលក្រោយ និងបានធ្វើកំណត់ហេតុប្រគល់សពឲ្យទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ ៖ ភារ៉ា និងប៊ុនធី