សមត្ថកិច្ចបញ្ជូនខ្លួនបុរសម្នាក់ ជនជាតិវៀតណាម ទៅកាន់តុលាការ ពាក់ព័ន្ធករណីឆបោកប្រាក់ ១០ម៉ឺនដុល្លារ រឿងទិញស្រឡាងមួយគ្រឿង
ភ្នំពេញ ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២នេះបានបញ្ជូនខ្លួនជនសង្ស័យបុរសម្នាក់ ជាជនជាតិវៀតណា ទៅកាន់ស្ថាប័នសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធពីបទឆបោកលើទឹកប្រាក់ប្រមាណ ១០ម៉ឺនដុល្លារអាមេរិក រឿងទិញស្រឡាងបូមស្តារមួយគ្រឿង។
ជនសង្ស័យមានឈ្មោះ ផាម វៀតហ៊ីង អាយុ ៣៧ឆ្នាំ មានអាសយដ្ឋាន នៅឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ។
យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ជាជនជាតិខ្មែរម្នាក់ បានប្តឹងជនសង្ស័យ ជាជនជាតិវៀតណាមម្នាក់នេះ ដោយបានបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ គាត់បានទិញស្រឡាងបូមស្តារមួយគ្រឿង ក្នុងនោះ មានម៉ាស៊ីន ៣គ្រឿង ក្នុងតម្លៃ ៦៥.០០០ដុល្លារអាមេរិក និងបាឡុងតុង ១គ្រឿង ទទឹង ៥ម៉ែត្រកន្លះ បណ្តោយ ១៥ម៉ែត្រ តម្លៃ ៣៥.០០០ដុល្លារអាមេរិក (សរុប ១០ម៉ឺនដុល្លាអាមេរិក) ដោយបានប្រគល់ប្រាក់ឱ្យទៅឈ្មោះ ផាម វៀតហ៊ីង អស់ហើយ ប៉ុន្តែបានផ្ញើទុកឱ្យជនសង្ស័យថែរក្សានៅម្តុំគល់ស្ពានលីយ៉ុងផាត់ ភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ដោយមិនទាន់យកទៅប្រើប្រាស់ទេ ។
ក្រោយមកដើមបណ្តឹង បានទៅមើលស្រឡាង និងបាឡុងតុងនោះ ក៏ស្រាប់តែមិនឃើញ លុះពេលស្រាវជ្រាវទៅ ទើបបានដឹងថា ឈ្មោះ ផាម វៀតហ៊ីង និងបក្ខពួកលួចយកទៅបាត់។ បន្ទាប់ពីមានពាក្យបណ្តឹងនោះហើយ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ បានតាមចាប់ខ្លួនជនសង្ស័យបុរសម្នាក់ ជាជនជាតិវៀតណាមបាន ដែលកំពុងជ្រកកោននៅផ្ទះសាច់ញាតិ ក្នុងតំបន់អ្នកលឿង ខេត្តព្រៃវែង និងបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញតាមនីតិវិធី។
បច្ចុប្បន្ន ជនសង្ស័យខាងលើនេះ កំពុងតែស្ថិតនៅក្នុងដំណាក់កាល តំណាងអយ្យការបើកការស៊ើបសួរនៅឡើយ៕
ដោយ ៖ ឆៃហួត និងប៊ុនធី