មេដឹកនាំកំពូលអាមេរិក-ចិននឹងមានកិច្ចពិភាក្សានៅចុងខែនេះ ចំពេលប្រទេសទាំងពីរជួបភាពតានតឹងផ្នែកពាណិជ្ជកម្ម និងកោះតៃវ៉ាន់
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន មានផែនការធ្វើកិច្ចពិភាក្សាជាមួយសមភាគីចិនលោក ស៊ី ជិនពីង នាចុងខែកក្កដានេះ ចំពេលប្រទេសទាំងពីរកំពុងជួបភាពតានតឹងពាក់ព័ន្ធនឹងជម្លោះពាណិជ្ជកម្ម ក៏ដូចជាបញ្ហាកោះតៃវ៉ាន់។
ជំនួបពិភាក្សាតាមទូរស័ព្ទរវាងមេដឹកនាំទាំងពីរ ដែលមិនបានរៀបចំក្នុងរយៈពេល ៤ខែមកហើយនេះ អាចនឹងកើតឡើងចំពេលវេលាដ៏សំខាន់មួយ លើភាពតានតឹងនៃកោះតៃវ៉ាន់ ខណៈដែលរដ្ឋបាលលោក ចូ បៃដិន ក៏កំពុងថ្លឹងថ្លែងអំពីការកាត់បន្ថយពន្ធនាំចូលលើទំនិញពីចិន ដើម្បីជួយកាត់បន្ថយសម្ពាធអតិផរណាសម្រាប់ពលរដ្ឋអាមេរិក ។
លោក ចូ បៃដិន បានប្រាប់អ្នកយកព័ត៌មាន ក្រោយត្រឡប់មកពីរដ្ឋ ម៉ាស់សាជូសេត នៅថ្ងៃពុធសប្តាហ៍នេះថា ខ្ញុំគិតថា នឹងនិយាយជាមួយលោក ស៊ី ក្នុងរយៈពេល១០ថ្ងៃខាងមុខ។ ប៉ុន្តែការលើកឡើងបែបនេះរបស់លោក បៃដិន កំពុងបង្កការសង័្សយដល់ផែនការបំពេញទស្សនកិច្ច ដែលត្រូវបានគ្រោងទុកដោយប្រធានសភាអាមេរិកលោកស្រី ណាន់ស៊ី ផេឡូស៊ី ទៅកាន់កោះតៃវ៉ាន់នាខែក្រោយនេះ៕ ប្រភព៖ CNA ប្រែសម្រួល៖ ទីណា និងបុត្រា