កីឡាការិនីប៉េតង់អាមេរិក៖ បានកោតសរសើរ ក្រុមប៉េតង់កម្ពុជា គឺជាក្រុមឆ្នើមបំផុតមួយ នៅលើពិភពលោក

ភ្នំពេញ៖ កីឡាការិនីប៉េតង់អាមេរិក Rebecca Howe បានបញ្ជាក់ថា ការចូលរួមប្រកួតជាលើកដំបូងសម្រាប់ខ្ញុំ ពិតជារំភើប និងសប្បាយរីករាយ និងមានកិត្តិយសណាស់ ជាពិសេសជួបកីឡាការិនីខ្លាំងៗ ដូចកម្ពុជា ថៃ ក្នុងព្រឹត្តការណ៍ប្រកួតកីឡាពិភពលោក ឆ្នាំ២០២២ នាទីក្រុង Birmingham រដ្ឋ Alabama សហរដ្ឋអាមេរិក ។ កាថ្លែងបញ្ជាក់បែបនេះ ក្រោយបញ្ចប់ការប្រកួត ដោយទទួលបានត្រឹមមេដាយប្រាក់ ពីការប្រកួតកីឡាប៉េតង់វិញ្ញាសាវាយយកពិន្ទុ បន្ទាប់ពីចាញ់កីឡាការិនីកម្ពុជា អ៊ុក ស្រីមុំ ក្នុងលទ្ធផល ៤១ទល់២១ នៅវគ្គផ្តាច់ព្រ័ត្រ ។

តាមពិតទៅខ្ញុំជាអ្នកគាំទ្រដល់ក្រុមប៉េតង់កម្ពុជាយ៉ាងខ្លាំង ។ ហើយមិននឹកស្មានថាបានប្រកួតជាមួយក្រុមកម្ពុជា នៅវគ្កផ្តាច់ព្រ័ត្រនោះទេ ។ ក្រុមប៉េតង់កម្ពុជា គឺក្រុមឆ្នើមបំផុតមួយ នៅលើពិភពលោក។ ពួកគាត់ពិតជាមានជំនាញល្អ ស្ទើរមិនគួរឲ្យជឿ។ ពួកគាត់ពិតជាមានស្មារតីរឹងមាំ មានបច្ចេកទេសដាក់សម្ពាធខ្លាំង និងឆ្លាតវៃ ហើយពោរពេញជំនាញប្រកួតប្រជែងខ្ពស់។ ពួកគាត់ពិតជាងអស្ចារ្យណាស់»។ នេះជាការបញ្ជាក់របស់ កីឡាការិនី Rebecca Howe ។

គួរបញ្ជាក់ថា ការប្រកួតកីឡាពិភពលោក ឆ្នាំ២០២២ នៅសហរដ្ឋអាមេរិក កីឡាប៉េតង់ វិញ្ញាសាវាយយកពិន្ទុមាន៨ប្រទេសចូលរួម មានកម្ពុជា ដាណាម៉ាក បារាំង កាណាដា អាល្លីម៉ង់ អាមេរិក ថៃ និងប៊ែលហ្សិក ។ ការប្រកួតនៅវគ្គជម្រុះជុំទី១ កម្ពុជាឈរលេខ៤ ត្រូវប្រកួតជុំទី២ ដើម្បីឡើងទៅជួប លេខ១ ថៃ និងលេខ២ ដាណាម៉ាក ដែលឈរចាំ ជាលទ្ធផលជុំទី២ ក្នុងចំណោមកីឡាការិនីមកពី ៦ប្រទេស កម្ពុជាឈរលេខ១ជុំទី២ ប៉ះ ដាណាម៉ាក លេខ២ជុំទី១ ស្របពេលដែល អាមេរិកលេខ២ ប៉ះ ថៃលេខ១ នៅជុំទី១ នៅវគ្គផ្តាច់ព្រ័ត្រ ។ ចំពោះលទ្ធផលវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ កម្ពុជា បានយកឈ្នះ ដាណឺម៉ាក ៣៧ទល់២៣ ខណៈកីឡាការិនីថៃ បានប្រកួតចាញ់ កីឡាការិនីអាមេរិក ៣៧ទល់៣៨ ។ នៅវគ្គផ្តាច់ព្រ័ត្រ កីឡាការិនី អ៊ុក ស្រីមុំ បានយកឈ្នះកីឡាការិនីម្ចាស់ផ្ទះអាមេរិក Rebecca Howe ក្នុងលទ្ធផល ៤១ទល់២១ និងក្លាយជាម្ចាស់មេដាយមាស ជាលើកដំបូង នៅក្នុងការប្រកួតកីឡាពិភពលោកនេះ ។

សូមបញ្ចាក់ថា កម្ពុជាបានសាងប្រវត្តិសាស្ត្រថ្មីមួយ និងជាលើកដំបូងក្នុងការចូលរួមប្រកួតកីឡាពិភពលោក ដែលប្រារព្ធធ្វើឡើងជារៀងរាល់៤ឆ្នាំម្តង លើប្រភេទកីឡាប៉េតង់ ខណៈកម្ពុជា បានបញ្ជូនប្រតិភូ៥នាក់ កីឡាការិនី២នាក់ គឺអ៊ុក ស្រីមុំ និងអ៊ុន ស្រីយ៉ា គឺប្រភេទកីឡាប៉េតង់ ប្រកួតលើ២វិញ្ញាសា មានវិញ្ញាសាវាយយកពិន្ទុ និងវិញ្ញាសាវាយគូនារី ២ទល់២ ជាលទ្ធផល កម្ពុជាឈ្នះមេដាយមាស ទាំង២វិញ្ញាសា ៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner