នាយក CIA អាមេរិក៖ សង្គ្រាមអ៊ុយក្រែនធ្វើឱ្យចិនគិតឡើងវិញក្នុងការឈ្លានពានតៃវ៉ាន់
វ៉ាស៊ីនតោន៖ សង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែននឹងជះឥទ្ធិពលលើការគិតរបស់ប្រទេសចិន ថាតើត្រូវប្រើកម្លាំងយោធាដោយរបៀបណា ឬក៏ថាតើគួរ ឬមិនគួរ ឈ្លានពានកោះតៃវ៉ាន់។ នេះបើតាមនាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក CIA លោក វីលៀម បឺន នៅថ្ងៃពុធសប្ដាហ៍នេះ។
បង្ហាញខ្លួននៅឯវេទិកាសន្តិសុខមួយរៀបចំឡើងដោយវិទ្យាស្ថានអាស់ប៉ែន (Aspen) ក្នុងរដ្ឋខូឡូរ៉ាដូ លោក វីលៀម បឺន បានបដិសេដការរំពឹងទុកថា ប្រធានាធិបតីចិនលោក ស៊ី ជិនពីង អាចនឹងប្រើកម្លាំងយោធាវាយកាន់កាប់កោះតៃវ៉ាន់ នៅក្រោយកិច្ចប្រជុំមួយដ៏សំខាន់ នៃគណបក្សកុម្មុយនិស្ដចិន ក្នុងឆ្នាំ២០២២នេះ។
ស្របពេលជាមួយគ្នានោះដែរ នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក CIA រូបនេះ បានសង្កត់ធ្ងន់ថា សង្រ្គាមនៅអ៊ុយក្រែនបានធ្វើឱ្យចិនមានការស្ទាក់ស្ទើរមិនទាន់ដោះស្រាយ នៅក្រោយពេលបានឃើញថា សង្រ្គាមរបស់លោក ពូទីន បានអូសបន្លាយពេលជាង ៥ខែមកហើយ ដែលលោកផ្ទាល់ចាត់ទុកថា ជាការបរាជ័យខាងយុទ្ធសាស្ត្រសម្រាប់ប្រធានាធិបតីរុស្ស៊ីរូបនេះ ដែលធ្លាប់រំពឹងថា អាចនឹងវាយចូលគ្រប់គ្រងទីក្រុងកៀវក្នុងពេលត្រឹមមួយសប្ដាហ៍៕ ប្រភព៖ CNA ប្រែសម្រួល៖ ទីណា និងបុត្រា