ជំទាវទី១អ៊ុយក្រែនអំពាវនាវសុំជំនួយសព្វាវុធបន្ថែមពីសហរដ្ឋអាមេរិក

វ៉ាស៊ីនតោន៖ ជំទាវទី១របស់អ៊ុយក្រែនលោកស្រី អូលេណា ហ្សេលេនស្កា នៅថ្ងៃពុធសប្តាហ៍នេះ បានអំពាវនាវទៅកាន់សភាអាមេរិក ឱ្យផ្តល់ជំនួយសព្វាវុធបន្ថែមដល់ប្រទេសរបស់លោកស្រី ដើម្បីប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីរយៈពេល៥ខែមកនេះ ដោយលោកស្រីបាននិយាយថា មានតែអាវុធប៉ុណ្ណោះទើបអាចជួយធានាដល់ជ័យជំនះដ៏អស្ចារ្យរបស់អ៊ុយក្រែនបាន។

នៅក្នុងសុន្ទរកថាដ៏រំជួលចិត្តរយៈពេល ១៥នាទីទៅកាន់សមាជិកនៃសភាតំណាងរាស្រ្ត និងព្រឹទ្ធសភាអាមេរិក លោកស្រី ហ្សេលេនស្កា បានបញ្ជាក់យ៉ាងដូច្នេះថា ខ្ញុំកំពុងស្នើសុំអាវុធ… អាវុធដែលនឹងមិនប្រើដើម្បីធ្វើសង្រ្គាមនៅលើទឹកដីរបស់អ្នកណាម្នាក់ទេ ប៉ុន្តែដើម្បីការពារផ្ទះ និងសិទ្ធិក្នុងការក្រោកឈរឡើងដើម្បីជីវិតរស់នៅក្នុងផ្ទះនោះ។

លោកស្រីបន្ថែមថា ចម្លើយគឺនៅទីនេះ…នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី… ដែលជួយយើងឱ្យបញ្ឈប់អំពើភេរវកម្មនេះប្រឆាំងនឹងអ៊ុយក្រែន ហើយនេះនឹងជាជ័យជំនះដ៏អស្ចារ្យរួមគ្នារបស់យើង ក្នុងនាមមនុស្សជាតិ សេរីភាព និងការស្វែងរកសុភមង្គល។

ការអង្វរកររបស់លោកជំទាវទី១ អ៊ុយក្រែនខាងលើនេះ បានធ្វើឡើងចំពេលដែលរុស្ស៊ីបង្កើនការបាញ់រ៉ុកកែតរបស់ខ្លួននៅទូទាំងប្រទេសអ៊ុយក្រែន និងលើតំបន់ជុំវិញទីក្រុងកៀវជាថ្មីម្តងទៀត។

បើតាមរដ្ឋបាលលោក ចូ បៃដិន សហរដ្ឋអាមេរិកបានផ្តល់ជំនួយផ្នែកសន្តិសុខចំនួន ៨ពាន់លានដុល្លារដល់អ៊ុយក្រែន ចាប់តាំងពីសង្រ្គាមបានចាប់ផ្តើម រួមទាំង ២.២ពាន់លានដុល្លារកាលពីខែមុន។

សមាជិកសភាបានឆ្លើយតបយ៉ាងកក់ក្តៅ ហើយបាននិយាយថា ពួកគេត្រៀមខ្លួនរួចជាស្រេចក្នុងការអនុញ្ញាតឱ្យមានការផ្តល់ជំនួយបន្ថែមទៀតដល់អ៊ុយក្រែន៕ ប្រភព៖ CNA ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner