៦ប្រភេទកីឡារបស់អង្គភាពកីឡានគរបាលជាតិកម្ពុជា បានចេញដំណើរទៅចូលរួមព្រឹត្តិការណ៍កីឡានគរបាល និងកងពន្លត់អគ្គិភ័យលើកទី១៩ នៅប្រទេសហូឡង់
អត្តពលិក៦ប្រភេទកីឡារបស់អង្គភាពកីឡានគរបាលជាតិកម្ពុជា កាលពីថ្ងៃទី២០ ខែ កក្តដា ម្សិលមិញនេះ បានចេញដំណើរទៅចូលរួមក្នុងព្រឹត្តិការណ៍កីឡានគរបាល និងកងពន្លត់អគ្គិភ័យលើកទី១៩ The 19th World Police and Fire Games នៅទីក្រុង Rotterdam ប្រទេសហូឡង់ហើយ។
ទាំង៦ប្រភេទកីឡាដែលបញ្ជូនទៅនេះ មាន៖ តេក្វាន់ដូ WT វាយសី វាយកូនឃ្លីលើតុ ចំបាប់ យូដូ និងការ៉ាតេ។ ការចេញទៅចូលប្រកួតក្នុងព្រឹត្តិការណ៍កីឡានគរបាល និងកងពន្លត់អគ្គិភ័យលើកទី១៩នេះ ទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ និងការគាំទ្រយ៉ាងពេញទំហឹង ទាំងថវិកា និងស្មារតី ពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
គួរជម្រាបជូនថា ដោយមានការជួយជំរុញលើកទឹកចិត្តពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ទើបអង្គភាពកីឡានគរបាលជាតិកម្ពុជាចម្រាញ់ជ្រើសរើសកីឡាករ កីឡាការិនីដែលមានសមត្ថភាពខ្ពស់ និងបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ហ្វឹកហាត់អស់ពីកម្លាំងកាយចិត្តយ៉ាងខ្ជាប់ខ្ជួន តាំងពី០៦ខែមុនមកម្ល៉េះ ដើម្បីត្រៀមទៅចូលរួមក្នុងព្រឹត្តិការណ៍កីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក លើកទី១៩ ឆ្នាំ២០២២ The 19th World Police and Fire Games 2022 នៅទីក្រុង Rotterdam ប្រទេសហូឡង់។ ព្រឹត្តិការណ៍ The 19th World Police and Fire Games 2022 នៅទីក្រុង Rotterdam ប្រទេសហូឡង់នេះ ដំណើរពីថ្ងៃទី២២ ដល់៣១ ខែកក្កដា ឆ្នាំ២០២២។
គួររំលឹកថា ព្រឹត្តិការណ៍កីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក លើកទី១៨ ឆ្នាំ២០១៩ The 18th World Police and Fire Games 2019 ធ្វើនៅប្រទេសសាធារណៈរដ្ឋប្រជាមានិតចិន កាលពីខែ សីហា ឆ្នាំ២០១៩ អង្គភាពកីឡានគរបាលជាតិកម្ពុជា បានបញ្ជូន១៣ប្រភេទកីឡាចូលរួម ដោយដណ្តើមបានមេដាយសរុប៤៦គ្រឿង មេដាយមាស១៨គ្រឿង មេដាយប្រាក់១៧គ្រឿង និងមេដាយសំរិទ្ធ១១គ្រឿង៕ អត្ថបទ៖ ជាវ ចន្ធូ